ថ្ងៃនេះ ជាការចាប់ផ្តើមការប្រកួតកីឡាបាល់ទះ មិត្តភាពអបអរសាទរទិវាជ័យជម្នះ៧មករា១៩៧៩-២០២១ ដែលមានការចូលរួមប្រកួតពីក្លឹបកីឡាបាល់ទះខ្លាំងៗចំនួន៥ ។
លោក បឹង គីមតោ អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា និងអ្នកតំណាងក្លឹបបាល់ទះជើងខ្លាំងនៅកម្ពុជា នាសាលប្រជុំនាយកដ្ឋានសិស្សនិស្សិត កាលពីរសៀលថ្ងៃទី១៩ ខែមករា បានធ្វើពិធីចាប់ឆ្នោតជាផ្លូវការ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ មិត្តភាពអបអរសាទរ«ទិវាជ័យជម្នះ៧មករា ១៩៧៩-២០២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះតទៅ។
លោក បឹង គីមតោ បានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ទះនេះ បង្កើតឡើងក្នុងគោលបំណងចូលរួមអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១ និងផ្តល់ឱកាសឲ្យកីឡាករបាល់ទះកម្ពុជា បានបង្ហាញសមត្ថភាពនិងកម្ដៅសាច់ដុំ ដើម្បីបង្កើនកម្រិតសមត្ថភាពឲ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមការប្រកួតសំខាន់ៗនាពេលខាងមុខទៀត ជាពិសេសការប្រកួតកីឡា SEA GAMES ២០២១លើកទី៣១ នៅប្រទេសវៀតណាម។
លោកបានបន្តថា ក្រុមដែលមានឈ្មោះចូលរួម មានក្លឹបកីឡាបាល់ទះវិសាខា ក្លឹបកីឡាបាល់ទះ ក្រសួងមហាផ្ទៃ ក្លឹបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្លឹបកីឡាបាល់ទះកងពលអន្តរាគមន៍លេខ៣ និងក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ចំណែកពានរង្វាន់សម្រាប់លើកទឹកចិត្តដល់ក្រុមជ័យលាភីវិញ ចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ និងថវិកា២លានរៀល ចំណាត់ថ្នាក់លេខ២ ថវិកា១,៥លានរៀល និងចំណាត់ថ្នាក់លេខ៣ ថវិកា១លានរៀល ។
សហព័ន្ធកីឡាបាល់ទះកម្ពុជា និងដៃគូសហការរបស់ខ្លួនបានរៀបចំការប្រកួតកីឡាបាល់ទះមិត្តភាពអបអរសាទរ«ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១» ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់ទះ នៃកីឡដ្ឋានព្រីនស៍ ៕
អត្ថបទ ៖ វិសិទ្ធ