Connect with us

ព័ត៌មានជាតិ

យោធភូមិភាគ៤កម្ពុជា និងភូមិភាគ២ថៃ បន្តប្ដេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង

បានផុស

នៅ

ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បន្តប្តេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង។  ការប្ដេជ្ញានេះ កើតឡើងនៅក្នុងកិច្ចប្រជុំ នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១០ ខែតុលា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលជាការជួបគ្នារវាងមេយោធភូមិភាគ៤កម្ពុជា និងមេភូមិភាគ២របស់ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា កិច្ចប្រជុំនេះ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។

តាមរយៈកិច្ចប្រជុំ ក្រុមលេខាធិការ នៃយោធាភូមិភាគ៤កម្ពុជា និងភូមិភាគ២ ថៃ បានពិភាក្សាលើការណែនាំសមាសភាពក្រុមការងារសម្របសម្រួល (Cordination Group) នៃភាគីទាំងពីរ និងបានពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្រសួងការពារជាតិ អះអាងថា  កិច្ចប្រជុំនេះ ជាការអនុវត្តស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់ គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុង កិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃកម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការប្តេជ្ញាបន្តកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម