ព័ត៌មានជាតិ
គណៈកម្មការសម្រាំងបានបេក្ខជន ៣ ០២៤ នាក់ ដើម្បីចូលធ្វើគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ខណៈតម្រូវការមាន៣,២១៣នាក់
ឆ្លងកាត់ការប្រឡងប្រជែងដែលឈរលើគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» និងការធ្វើកំណែកិច្ចការ បូកសរុបពិន្ទុយ៉ាងល្អិតល្អន់ នៅយប់ថ្ងៃទី២៨ ខែតុលា គណៈកម្មការរៀបចំការប្រឡងជ្រើសរើសសម្រិតសម្រាំងបានបេក្ខជនចំនួន ៣ ០២៤នាក់ជាប់ជាស្ថាពរ ក្នុងចំណោមបេក្ខជនប្រឡងជិត៩ពាន់នាក់ ឱ្យចូលបម្រើការងារជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ។

ក្នុងចំណោមបេក្ខជនដែលជាប់ជាស្ថាពរចំនួន៣០២៤នាក់ គឺមានខេត្តព្រៃវែងចំនួន ៨៩៣នាក់,ខេត្តត្បូងឃ្មុំចំនួន ៦១០នាក់,ខេត្តកំពង់ចាមចំនួន ៥១៣នាក់,ខេត្តបាត់ដំបងចំនួន ៥៧៩នាក់ និងតាកែវចំនួន ៤២៩នាក់។ ការប្រឡងជ្រើសរើសនេះ គឺសម្រាប់គ្រូបង្រៀនកម្រិតបឋម នឹងចូលបង្រៀនតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈនៅខេត្តគោលដៅចំនួន៥ដូចជា ខេត្ត បាត់ដំបង,ព្រៃវែង,ត្បូងឃ្មុំ,តាកែវ និងខេត្តកំពង់ចាម។

ថ្លែងមកកាន់អ្នកសារព័ត៌មាន បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា សម្រាប់បេក្ខជនដែលប្រឡងជាប់ ត្រូវមកជ្រើសរើសប៉ុស្តិ៍សម្រាប់បំពេញការងារ ក្នុងករណីមិនបានមករើសប៉ុស្តិ៍តាមការជូនដំណឹងរបស់គណៈកម្មការជ្រើសរើសការប្រឡងទេ នោះនឹងត្រូវចាត់ទុកថា បេក្ខជននោះបានបោះបង់ប៉ុស្តិ៍ការងារ។

បណ្ឌិតសភាចារ្យ ក៏បានអះអាងថា ការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារលើកទី១នេះ គឺអាចចាត់ទុកថាជាការដកបទពិសោធន៍ សម្រាប់ជំហានបន្ទាប់ទៀត។
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកស្ទួយគុណភាពវិស័យអប់រំនៅកម្ពុជា និងចូលរួមកាត់បន្ថយការលើស និងខ្វះគ្រូក្នុងតំបន់មួយចំនួន ជាមួយនឹងតម្រូវការគ្រូបង្រៀនចំនួន៣,២១៣នាក់។

គួរឱ្យដឹងថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ បានចាប់ផ្តើមកាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១២៖៣០នាទីរសៀល ដល់ម៉ោង ៦៖៣០នាទីល្ងាច ដោយមានបេក្ខជនប្រឡងជិត ៩០០០នាក់ ចូលរួមប្រឡងនៅ មណ្ឌលប្រឡងចំនួន៣ គឺមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, មណ្ឌលប្រឡងវិទ្យាស្ថានជាតិអប់រំ, និងមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ គឺផ្ដល់ឱកាសដល់បេក្ខជនដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រគ្រប់ជំនាញ។ ចំពោះលក្ខខណ្ឌ បេក្ខជនត្រូវជ្រើសរើសឃុំ-សង្កាត់ដែលមាន តម្រូវការគ្រូបង្រៀន។ បេក្ខជនជាប់ស្ថាពរ នឹងត្រូវចាត់ឱ្យទៅបំពេញការងារនៅសាលាបឋមសិក្សាក្នុងភូមិសាស្ត្រឃុំ-សង្កាត់ គោលដៅ។ ដោយឡែក បេក្ខជនជាប់បម្រុងអាចត្រូវជ្រើសរើសដើម្បីបំពេញកន្លែងទំនេរ ឬទៅបង្រៀននៅសាលាបឋមសិក្សាដែលមានតម្រូវការគ្រូបង្រៀននៅតាមភូមិសាស្ត្រផ្សេងៗក្នុងប្រទេស និងផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


