Connect with us

កីឡា

កីឡាករគុន​ខ្មែរ​ទម្ងន់​ធ្ងន់​ៗ​កាន់​តែ​ខ្វះ​ ខណៈ​កីឡាករ​លំដាប់​ជួរ​មុខ​កាន់តែ​ថយចុះ

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទម្ងន់​ធ្ងន់​ៗមិន​សូវ​មាន​​ច្រើន​ទេ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ បន្ទាប់​ពី​កីឡាករលំដាប់​ជួរ​មុខ​មួយ​ចំនួន​មាន​វ័យ​កាន់​តែ​ច្រើន ហើយ​សមត្ថភាព​របស់​ពួក​គេ​កាន់​តែ​ថយ​ចុះ។

កីឡាករ ធឿន ធារ៉ា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ប្រដាល់​គុន​ខ្មែរ​ដែល​អាចរាប់​ចូល​ជា​កីឡាករ​ទម្ងន់​ធ្ងន់​ៗ​ពោល​គឺ​ចាប់​ពី​ទម្ងន់ ៧០​គីឡូក្រាម​ឡើង​ទៅ​មិន​សូវ​មាន​អ្នក​ថ្មី​ច្រើន​ឡើយ។ កីឡាករ​លំដាប់​ជួរ​មុខសព្វថ្ងៃ​នេះ​មាន​ដូច​ជា​ ធឿន ធារ៉ា, ធន់ រិទ្ធី, ឈឿង ល្វៃ, ព្រំ សំណាង, លី រិទ្ធី, ឡៅ ចន្ទ្រា, ឡៅ ចិត្រា និង រឿង សុភ័ណ្ឌ ជា​ដើម។ ទោះ​បី​ជា​យ៉ាង​ណា ធឿន ធារ៉ា និង ធន់ រិទ្ធី មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ឡើង​ប្រកួត​មួយ​រយៈ​ពេល​ចុង​ក្រោយ។ ពួក​គេ​មាន​អាយុ​​កាន់​តែ​ច្រើន​ ទម្ងន់​កាន់​តែ​ធ្ងន់ ដែល​បាន​ធ្វើ​ឲ្យ​​ស្មារតី និង​រាង​កាយ​​កាន់​តែ​​ថយ​ចុះ។

កីឡាករ ធន់ រិទ្ធី (ក្រហម)

ឈឿង ល្វៃ អាយុ ២៥ ឆ្នាំប្រកួត​ទម្ងន់ចន្លោះ​​ ៧២ ដល់ ៧៥ គីឡូក្រាម ក៏មិន​សូវ​ជា​រឹង​មាំ​បាន​យូរ​អង្វែង​ដែរ។ ចំណែក ឡៅ ចន្ទ្រា អាយុ ៣៤​ឆ្នាំ ទម្ងន់​កាន់​​តែ​កើន​ឡើង​ជា​លំដាប់​រហូត​ដល់​វ៉ៃ​ទម្ងន់ ៧៥​គីឡូក្រាម​ហើយ ប៉ុន្តែ​សមត្ថភាព​​ហាក់​ដូច​ជា​មិន​សូវ​ល្អ​ប្រសើរ​ដែរ។

កីឡាករ ឈឿង ល្វៃ

ចំពោះ​កីឡាករ ឡៅ ចិត្រា អាយុ​ ២៧ ឆ្នាំ ដែល​ល្អ​លំដាប់​លេខ​១​ចន្លោះ​ទម្ងន់ ៦៥-៦៧​គីឡូក្រាម បាន​ឡើង​ទម្ងន់​រហូត​ដល់​ជាង ៧០​គីឡូក្រាម​ហើយ បន្ទាប់​ពី​រូប​គេ​មាន​បញ្ហា​របួស ហើយ​បាន​ធ្វើ​ឲ្យ​សមត្ថភាព​របស់​គេ​ថយ​ចុះ។ រឿង សុភ័ណ្ឌ ទម្ងន់​ ៧៥​គីឡូក្រាម អាយុ​ ៣៥​ឆ្នាំ​ដែល​សមត្ថភាព​ក៏​កាន់​តែ​ថយ​ចុះ​ដែរ។

កីឡាករ ព្រំ សំណាង មាន​អាយុ​មិន​ក្រោម ៤០​ឆ្នាំ និង​ទម្ងន់​ ៨០​គីឡូក្រាម​ឡើង​ដែល​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​គុន​ខ្មែរ​មាន​វ័យ​ចំណាស់ និង​អាយុ​ច្រើន​ជាង​គេ​បំផុត​ដែល​នៅ​បន្ត​អាជីព​ប្រដាល់​គុន​ខ្មែរ។ ទោះ​បី​ជា​យ៉ាងណា ស្ថិត​នៅ​ក្នុង​វ័យ​នេះ​ហើយ តើ​រូប​គេ​អាច​បន្ត​អាជីព​ប្រដាល់​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត។

កីឡាករ ព្រំ សំណាង

នៅ​ពេល​កីឡាករ​គុន​ខ្មែរ​ទម្ងន់​ធ្ងន់​ៗ​កាន់​តែ​វ័យ​ច្រើន ហើយ​សមត្ថភាព​កាន់​តែ​ថយ​ចុះ ប៉ុន្តែ​ពន្លក​ថ្មី​នៃ​កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​ៗ​មិន​សូវ​មាន​​ច្រើន។ ប្រសិន​បើ​នៅ​តែ​បែប​នេះ​ទៀត ក្នុង​រយៈ​ពេល​​ដ៏​ខ្លី​ខាង​មុខ កាន់​តែ​ខ្វះ​កីឡាករ​ទម្ងន់​ទាំង​នេះ។ ទម្ងន់​ធ្ងន់​ៗ​ទាំង​នេះ​ស័ក្តិសម​សម្រាប់​ការ​ប្រកួត​ជា​មួយ​ដៃ​គូ​ដែល​មក​ពី​តំបន់​អឺរ៉ុ​ប​ដែល​មាន​មាឌ​ធំ។

បើ​ពឹង​ផ្អែក​លើ​កីឡាករ​​មាន​សមត្ថភាព​ខ្លាំង​​នៅ​ពេល​ពួក​គេ​វ័យ​ក្មេង និង​ទម្ងន់​ស្រាល ប៉ុន្តែ​នៅ​ពេល​អាយុកាន់​តែ​ច្រើន ទម្ងន់​កាន់​តែ​ឡើង​រហូត​ដល់​ជាង​​ ៧០​គីឡូក្រាម​ឡើង​​នោះ​គឺ​មិន​មែន​ជា​ជម្រើស​ល្អ​ទេ។ វា​ជា​លក្ខខណ្ឌ​ធម្មជាតិ​ទៅ​ហើយ​នៅ​អាយុ​កាន់​តែ​ច្រើន ទម្ងន់​កាន់​តែធ្ងន់​ សមត្ថភាព​កាន់​តែ​ធ្លាក់​ចុះ។ ភាព​ខ្លាំង​សម្រាប់​កីឡាករ​ទម្ងន់​ធ្ងន់​ៗគឺ​​អាស្រ័យ​លើ​កាយ​សម្បទា​ធំ ខ្ពស់ និង​ទម្ងន់​​ធ្ងន់​ទាំង​វ័យ​ក្មេង៕

កីឡាករ រឿង សុភ័ណ្ឌ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម