Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ ៦៧

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃទី​ ១២ ខែកុម្ភៈ ឆ្នាំ ​២០២៦ លោក អ៉ឹ​ង សុភ័ណ អភិបាល​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្ត​សៀមរាប បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​ក្រុង-សង្កាត់ កងកម្លាំង​នគរបាល លោកគ្រូ​ អ្នកគ្រូ សិស្សានុសិស្ស យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​កាយរឹទ្ធិ និង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ ក្នុង​ការ​សម្អាត​អនាម័យ បរិស្ថាន និង​ប្រមូល​សំណល់​សំរាម​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៦៧ ចាប់ពី​ព្រំប្រទល់​ស្រុក​ប្រាសាទបាគង រហូតដល់​ព្រំប្រទល់​ស្រុក​បន្ទាយស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៉ឹ​ង សុភ័ណ បានឱ្យដឹងថា គោលបំណង​សំខាន់​ នៃ​យុទ្ធនាការ ដើម្បី​បណ្ដុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន បំផុសគំនិត​ឱ្យ​ប្រជាពលរដ្ឋ និង​យុវជន​ ចេះ​ស្រឡាញ់ និង​ថែរក្សា​អនាម័យ​ក្នុង​មូលដ្ឋាន។ ជំរុញ​ការ​កាត់បន្ថយ​ប្លាស្ទិក បន្ត​ផ្សព្វផ្សាយ​យុទ្ធនាការ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​» ឱ្យ​កាន់តែ​រីក​សុសសាយ​។ ជាពិសេស​ជា​ការ​លើក​កម្ពស់​សោភ័ណភាព​តាមរយៈ​ការ​រៀបចំ​ដង​ផ្លូវ​សាធារណៈ​ឱ្យ​មាន​របៀបរៀបរយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ផាសុកភាព​រស់នៅ។

លោក​អភិបាល​ក្រុង បាន​ផ្ដាំផ្ញើ និង​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​ធ្វើដំណើរ​ទាំងអស់ សូម​បញ្ឈប់​ការ​បោះ​ចោល​សំរាម​ពាសវាលពាសកាល​តាម​ដង​ផ្លូវ និង​ទី​សាធារណៈ​។ ការ​ចូលរួម​របស់​ពលរដ្ឋ គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​សង្គមជាតិ ព្រោះ​បរិស្ថាន​ស្អាត​នាំមក​នូវ​សុខភាព​ល្អ និង​សុភមង្គល​ក្នុង​គ្រួសារ។

លោក​ក៏បាន​បញ្ជាក់​ថា យុទ្ធនាការ​នេះ​ មិន​ត្រឹម​តែ​ជា​ការ​សម្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​សារ​ដាស់​តឿន​ដល់​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​ការគ្រប់គ្រង​សំណល់ និង​រួមគ្នា​ធ្វើ​ឱ្យ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ក្លាយ​ជា​ក្រុង​ដែល​ស្អាត និង​មាន​បរិស្ថាន​បៃតង​ជានិរន្តរ៍៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម