Connect with us

សន្តិសុខសង្គម

បង្ក្រាបទីតាំង ១ កន្លែង ឃាត់ខ្លួនជនសង្ស័យ ៦៥ នាក់ ពាក់ព័ន្ធទីតាំង Scams Online នៅខណ្ឌបឹងកេងកង

បានផុស

នៅ

កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ១ កន្លែង ស្ថិត​នៅ​ចំណុច​ខុនដូរ ហ្គោលឌិន វ័ន (Golden One) អគារ​លេខ ៤១ ជាន់ទី ៣០ ផ្លូវលេខ ៣៦០ ភូមិ ៧ សង្កាត់​ទួលស្វាយព្រៃ​ទី ១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ កាលពី​វេលា​យប់​ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៦៥ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញដោយ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និងក្រោមការដឹកនាំបញ្ជាដោយ លោក​ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ប្រតិបត្តិការ​ចុះ​អនុវត្ត​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ ប៊ុន សុសិក្ខា និង​លោក​ឧត្ដមសេនីយ៍​ត្រី ស ថេន ស្នងការ​រង ដោយ​មាន​កម្លាំង​ការិយាល័យ​ជំនាញ​ចំនួន ៤ ប្រតិបត្តិការ មាន​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា , ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា , ការិយាល័យ​គ្រប់គ្រង​ជនបរទេស និង​ការិយាល័យ​ស៊ើបអង្កេត និងអនុវត្ត​នីតិវិធី ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ដោយ​លោក សេង ហៀង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ។

ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៦៥ នាក់ ក្នុងនោះ​មានជនជាតិ​ចិន ៨ នាក់ (ប្រុស) , ជនជាតិខ្មែរ ៥៧ នាក់ (ស្រី ២៧ នាក់)។ ដកហូតវត្ថុតាង និងសម្ភារៈ​ពាក់ព័ន្ធ​រួមមាន ៖ កុំព្យូទ័រ ALL in One : ៨៩ គ្រឿង , ម៉ូនីទ័រ ១ គ្រឿង , CPU : ១ គ្រឿង , ទូរស័ព្ទ​បម្រើ​ឲ្យ​បទល្មើស ៣៨៤ គ្រឿង និងស៊ីមកាតអន្តរជាតិ​មួយចំនួនធំ រួមទាំងវត្ថុតាងពាក់ព័ន្ធផ្សេងទៀត​ផង​ដែរ។

មន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើស ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ក្រោម​រូបភាព​អូសទាញ​លួងលោម​ដាក់ប្រាក់​ឲ្យ​វិនិយោគ​ក្លែង​កា្លយ (Investment Scams) ដែល​ជនរងគ្រោះ​ជា​គោលដៅ​ជនបរទេស។

បច្ចុប្បន្ន ជនសង្ស័យទាំង ៦៥ នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​វិធានការ​ទៅ​តាម​នីតិវិធី៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម