Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិសង្គ្រាមអ៊ីរ៉ង់ ធ្វើឲ្យ​​ពិភពលោក សម្រុក​ទិញ​បច្ចេកវិទ្យា​ថាមពល​ស្អាត​ពីចិន

បានផុស

នៅ

សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ មិនត្រឹមតែបង្កឲ្យ​មានការបាត់បង់ជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែធ្វើឲ្យ​ពិភពលោកទាំងមូលរញ្ជួយ ដោយសារវិបត្តិថាមពល។ នៅពេលដែលផ្លូវទឹកដ៏សំខាន់គឺ ច្រកសមុទ្រហ័រមូស​ ត្រូវបានបិទខ្ទប់ វាបានធ្វើ​ឲ្យ​ការផ្គត់ផ្គង់ប្រេង និងហ្គាសធម្មជាតិប្រហែល ២០% របស់ពិភពលោកត្រូវកាត់ផ្ដាច់ នាំឲ្យ​តម្លៃប្រេងហក់ឡើងខ្ពស់ និងមិនស្ថិតស្ថេរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពដ៏លំបាកនេះ បានក្លាយជាកាតាលីករយ៉ាងសំខាន់ ដែលបង្ខំ​ឲ្យ​ប្រទេសជាច្រើនត្រូវដកខ្លួនចេញពីការពឹងផ្អែកលើប្រេង ហើយងាកមកស្វែងរកថាមពលជំនួសវិញ ដែលជាហេតុធ្វើឲ្យ​ប្រទេសចិន ដែលជា «ស្តេចថាមពលកកើតឡើងវិញ» កំពុងទទួលបានផលចំណេញយ៉ាងសន្ធឹកសន្ធាប់។

យោងតាមរបាយការណ៍ពីស្ថាប័នស្រាវជ្រាវថាមពល Ember ការនាំចេញបច្ចេកវិទ្យាសូឡា អាគុយ និងរថយន្តអគ្គិសនីរបស់ចិន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងខែមីនា កន្លងទៅនេះ។ ជាក់ស្តែង ការនាំចេញផ្ទាំងសូឡារបស់ចិន បានកើនឡើងដល់ ៦៨ហ្គីហ្គាវ៉ាត់ ដែលលើសពីកំណត់ត្រាចាស់រហូតដល់ ៥០%។ ប្រទេសជិត៥០ នៅជុំវិញពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក ដែលរងគ្រោះខ្លាំងជាងគេពីវិបត្តិថាមពល បានសម្រុកទិញផ្ទាំងសូឡាពីចិន ដើម្បីយកទៅប្រើប្រាស់ជំនួសឲ្យ​ការប្រើប្រាស់ប្រេង ដែលមានតម្លៃថ្លៃហួសប្រមាណ។

ក្នុងពេលជាមួយគ្នានេះដែរ ទំនិញដែលចិនហៅថា «របស់ថ្មីទាំងបី» រួមមាន ផ្ទាំងសូឡា អាគុយ និងរថយន្តអគ្គិសនី បានក្លាយជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចចិនយ៉ាងខ្លាំង ជំនួសឲ្យ​មុខទំនិញចាស់ៗដូចជា សម្លៀកបំពាក់ និងគ្រឿងសង្ហារិម។ ការនាំចេញអាគុយរបស់ចិនតែមួយមុខ ទទួលបានចំណូលរហូតដល់ ១០ពាន់លានដុល្លារ ក្នុងខែមីនា ខណៈដែលការនាំចេញរថយន្តអគ្គិសនី និងរថយន្តកាត់អគ្គិសនី (Hybrid) បានកើនឡើងរហូតដល់ ១៤០% បើធៀបនឹងឆ្នាំមុន។ ការណ៍នេះបង្ហាញថា វិបត្តិប្រេងបានធ្វើឲ្យ​អ្នកប្រើប្រាស់ជុំវិញពិភពលោក យល់ឃើញថា ការងាកមកប្រើប្រាស់ថាមពលស្អាត គឺជាជម្រើសដ៏ឆ្លាតវៃ និងចំណេញបំផុត។

បទពិសោធន៍ពីប្រទេសប៉ាគីស្ថាន គឺជាឧទាហរណ៍ដ៏ច្បាស់មួយ ដែលពួកគេបានសម្រុកនាំចូលផ្ទាំងសូឡាតម្លៃថោកពីចិនតាំងពីប៉ុន្មានឆ្នាំមុន ធ្វើឲ្យពួកគេមិនសូវរងផលប៉ះពាល់ខ្លាំងពីសង្គ្រាមនៅអ៊ីរ៉ង់ និងអាចសន្សំប្រាក់បានរាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ អ្នកជំនាញបានលើកឡើងថា ទោះបីជាការហក់ឡើងនៃការនាំចេញកាលពីខែមីនា អាចនឹងមានការថយចុះខ្លះនៅថ្ងៃខាងមុខ ប៉ុន្តែទំនោររយៈពេលវែងគឺច្បាស់ណាស់ថា យុគសម័យនៃសន្តិសុខថាមពល ដែលពឹងលើប្រេងហ្វូស៊ីលបានជិត​ឈានដល់ទីបញ្ចប់ហើយ ហើយពិភពលោកកំពុងឈានចូលយុគសម័យថ្មីនៃថាមពលស្អាត ដែលមានចិនជាអ្នកដឹកនាំមុខគេក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យានេះ៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម