Connect with us

ព័ត៌មានជាតិ

ជិតដល់ថ្ងៃទិវាពលកម្មអន្តរជាតិ សហជីព ថា ដំណោះស្រាយរបស់ក្រសួងការងារ លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

ខណៈថ្ងៃទិវាពលកម្មអន្តរជាតិខិតជិតមកដល់ សហជីពនៅកម្ពុជា បានកោតសរសើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្ដល់សេវាសាធារណៈដែលល្អប្រសើរ លឿនរហ័ស ពាក់ព័ន្ធនឹងការចុះដោះស្រាយវិវាទប្រកបដោយភាពម៉ត់ចត់ និងត្រឹម​ត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា “នៅចុងឆមាស នៃចុងឆ្នាំ ២០២៥ ឬក៏ដើមឆ្នាំ ២០២៦ នេះ ខ្ញុំឃើញថា មានការរីកចម្រើន ហើយ​ការដោះស្រាយបញ្ហាជូនកម្មករ-និយោជិត យើង គឺមានការចុះដោះស្រាយវិវាទដែលប្រកបដោយភាពម៉ត់ចត់ បានលឿន និង​ឆាប់​រហ័ស​ទាន់​ពេល​វេលា”។

​លោកបានសង្កត់ធ្ងន់ទៅលើការដោះស្រាយបណ្ដឹង និងដំណោះស្រាយលើបញ្ហាមួយចំនួនទៀត តាមរយៈលេខ Hotline ១២៩៧ ជាសមិទ្ធផល​មួយ​ដែលបានជួយដោះស្រាយបញ្ហាបានច្រើន អាចផ្ដល់ភាពងាយស្រួល លឿន រហ័ស និងសកម្មជាងមុន ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នេះ ដោយមិនចាំបាច់មានលិខិតផ្លូវការទេ គឺឱ្យតែដោះស្រាយបានលឿនតាមការ​ជាក់ស្ដែង ដែលឃើញថា កម្មករ​កំពុងតែ​ជួបផលលំបាកមែន។

ចំណែក លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បានកត់សម្គាល់ឃើញថា​ កិច្ចអន្តរាគមន៍​ដោះស្រាយវិវាទ​រវាង​កម្មករ​-និយោ​ជិត​ និងនិយោជក ទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួងការងារ ពិតជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះ​ស្រាយវិវាទ​ជូនគូភាគីវិវាទ​បាន​ឆាប់​រហ័ស​ជាង​ពេល​កន្លងមក។

លោក​លើកឡើង​ថា “ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ មានភាពកាន់តែប្រសើរជាងមុន ការបណ្តុះបណ្តាលជំនាញដល់យុវជនគ្រប់ស្រទាប់កាន់តែទូលំទូលាយ ការជួយស្វែងរកការងារដល់បងប្អូនពលករមកពីថៃរាប់សែននាក់ ជាពិសេសវិធានការលើកកម្ពស់សុខភាព និងសុវត្ថិភាព នៅ​កន្លែង​ការងារកាន់តែល្អប្រសើរជាងមុន។ ខ្ញុំគិតថា វាជារឿងដ៏លំបាក តែក្រសួងការងារអាចធ្វើបាន”។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួង បានខិតខំប្រឹងប្រែងក្នុងការការពារផលប្រយោជន៍ ធានានូវសិទ្ធិ​ស្របច្បាប់​របស់​​ភាគីនានា និងពង្រឹងនូវភាពសុខសាន្តនៅកន្លែងការងារ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកែ​លម្អ​យន្តការការងារ និងការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ។

ក្រសួងការងារ បានបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារ ដោយបានធ្វើឱ្យអត្រាដោះស្រាយសះជាវិវាទការងារ និងបានអន្តរាគមន៍​ដោះ​ស្រាយ​បញ្ហាកូដកម្មសរុបចំនួន ៤១ ករណី និងបានធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាបាតុកម្មចំនួន ៤១ ករណី គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ដែល​ជាស​មិទ្ធ​ផ​លឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាស់ទុំ នៃតួអង្គពាក់ព័ន្ធ និងប្រសិទ្ធភាព នៃយន្តការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលាការ ព្រមទាំង​សមត្ថភាព​ប្រកប​ដោ​យវិជ្ជាជីវៈរបស់មន្ត្រីផ្សះផ្សាវិវាទការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម