ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង៖ «ចង់នរណាថាអីថាទៅ ក៏យើងមិនបោះបង់អាវុធនុយក្លេអ៊ែរ ជាដាច់ខាត»
ខណៈដែលបណ្ដាប្រទេសធំៗលើពិភពលោក កំពុងជួបជុំគ្នានៅអង្គការសហប្រជាជាតិ ដើម្បីជជែកពីការរឹតបន្តឹងអាវុធមហន្តរាយ កូរ៉េខាងជើង បានចេញមុខមកតបតវិញយ៉ាងចាស់ដៃ ដោយលោក គីម សុង ដែលជាឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ បានថ្លែងយ៉ាងដាច់អហង្ការថា ប្រទេសរបស់លោក នឹងមិនស្ថិតនៅក្រោមចំណងនៃសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរណាមួយឡើយ ហើយក៏គ្មានសម្ពាធពីខាងក្រៅណាមួយ អាចមកផ្លាស់ប្តូរឋានៈរបស់កូរ៉េខាងជើង ក្នុងនាមជាប្រទេសមហាអំណាចនុយក្លេអ៊ែរបាននោះដែរ។

តាមរយៈការផ្សាយនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម សុង បានបញ្ជាក់ថា ការដែលសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ព្យាយាមរិះគន់កម្មវិធីអាវុធរបស់ខ្លួន នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ គឺជាការរំលោភលើសិទ្ធិអធិបតេយ្យភាព របស់កូរ៉េខាងជើងយ៉ាងធ្ងន់ធ្ងរ។ លោកបានសង្កត់ធ្ងន់ថា ឋានៈជាប្រទេសមានអាវុធនុយក្លេអ៊ែរនេះ គឺត្រូវបានចារទុកក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិទៅហើយ ដូច្នេះវាមិនមែនជារឿង ដែលត្រូវមកជជែកដេញដោលតាមចំណង់ចំណូលចិត្តរបស់ប្រទេសដទៃនោះទេ។ កូរ៉េខាងជើង បានសម្រេចចិត្តដើរចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ តាំងពីឆ្នាំ២០០៣ មកម៉្លេះ ហើយចាប់តាំងពីពេលនោះមក ពួកគេបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរអស់ចំនួន ៦ដងទៅហើយ បើទោះបីជាត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក៏ដោយ។
បើតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm គិតត្រឹមដើមឆ្នាំ២០២៥ នេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំង៩ ក្នុងលោក រួមមាន រុស្ស៊ី អាមេរិក បារាំង អង់គ្លេស ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាង ១២ ០០០គ្រាប់ ដោយក្នុងនោះ អាមេរិក និងរុស្ស៊ី កាន់កាប់អាវុធទាំងនេះជិត ៩០ភាគរយទៅហើយ។
ស្របពេលជាមួយគ្នានេះ បញ្ហានុយក្លេអ៊ែរ មិនមែនក្តៅតែនៅឧបទ្វីបកូរ៉េនោះទេ សូម្បីតែនៅតំបន់មជ្ឈិមបូព៌ា ក៏កំពុងឡើងកម្ដៅខ្លាំងដែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងដាច់អហង្ការថា នឹងមិនបណ្ដោយឲ្យប្រទេសអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ យ៉ាងណាមិញ ខាងអ៊ីរ៉ង់នៅតែបន្តបដិសេធថា ខ្លួនមិនបានផលិតអាវុធមហន្តរាយនេះទេ ហើយគ្រាន់តែចង់ប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងន័យសន្តិភាពតែប៉ុណ្ណោះ។ ស្ថានការណ៍ជុំវិញអាវុធនុយក្លេអ៊ែរនៅលើសកលលោកក្នុងពេលនេះ កំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់ និងពោរពេញដោយការប្រឈមមុខដាក់គ្នាគួរឲ្យព្រួយបារម្ភបំផុត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


