ព័ត៌មានអន្ដរជាតិ
ហេតុអ្វីដ្រូន FP-1 Firepoint របស់អ៊ុយក្រែន ក្លាយជាសុបិន្តអាក្រក់របស់សត្រូវ?
នៅក្នុងសមរភូមិនាសតវត្សរ៍ទី២១ នេះ បច្ចេកវិទ្យាយោធា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរជោគវាសនានៃសង្គ្រាម។ ក្នុងចំណោមអាវុធទំនើបៗទាំងនោះ ដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយប្រភេទ FP-1 Firepoint ដែលជាការបង្កើតឡើងដោយប្រទេសអ៊ុយក្រែន កំពុងតែលេចមុខលេចមាត់យ៉ាងខ្លាំង និងក្លាយជាប្រធានបទដ៏ក្តៅគគុក ដោយសារតែសមត្ថភាពដ៏គួរឱ្យភ័យខ្លាចរបស់វា។

យោងតាមទិន្នន័យ ដែលបានចុះផ្សាយនៅលើគេហទំព័រព័ត៌មានយោធា Militarnyi ដ្រូន FP-1 គឺជាប្រភេទដ្រូនអត្តឃាត ឬដ្រូនវាយប្រហារទិសដៅតែមួយ (One-way attack drone) ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដោយក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអ៊ុយក្រែនឈ្មោះ Fire Point ដើម្បីវាយប្រហារចំគោលដៅយុទ្ធសាស្ត្រសំខាន់ៗនៅជ្រៅក្នុងទឹកដីសត្រូវ។
សមត្ថភាពហោះហើរ និងក្បាលគ្រាប់ដ៏មានឥទ្ធិពល
ចំណុចដែលធ្វើឱ្យ FP-1 ក្លាយជាអាវុធដ៏គួរឱ្យខ្លាចបំផុតនោះគឺ «រយៈចម្ងាយហោះហើរ» និង «ទម្ងន់ក្បាលគ្រាប់» របស់វា។ ដ្រូន ដែលមានទម្រង់ស្លាបត្រង់វែង និងបំពាក់ដោយម៉ាស៊ីនពីរស៊ីឡាំងមួយនេះ អាចហោះហើរបានចម្ងាយរហូតដល់ទៅ ១ ៦០០គីឡូម៉ែត្រ។ នេះមានន័យថា វាអាចហោះរំលងព្រំដែនទៅបំផ្លាញទីតាំងស្តុកគ្រាប់រំសេវ រោងចក្រចម្រាញ់ប្រេង ឬមូលដ្ឋានទ័ពអាកាសរបស់សត្រូវយ៉ាងងាយស្រួល។
មិនត្រឹមតែហោះបានឆ្ងាយនោះទេ FP-1 អាចផ្ទុកក្បាលគ្រាប់បំផ្ទុះ ដែលមានទម្ងន់ចាប់ពី ៦០គីឡូក្រាម រហូតដល់ ១២០គីឡូក្រាម។ ក្បាលគ្រាប់នេះ អាចផ្លាស់ប្តូរបានទៅតាមប្រភេទបេសកកម្ម ដូចជា ប្រភេទគ្រាប់បំបែកបំណែក (Fragmentation) សម្រាប់កម្ទេចកម្លាំងទ័ព ឬគ្រាប់ទម្លុះ (Shaped-charge) សម្រាប់បំផ្លាញរចនាសម្ព័ន្ធរឹងមាំ និងរថក្រោះជាដើម។

បច្ចេកវិទ្យាការពារខ្លួន និងការផលិតក្នុងស្រុកដ៏ឆ្លាតវៃ
អ្វីដែលកាន់តែពិសេសនោះ គឺដ្រូននេះ ប្រើប្រាស់សម្ភារៈស្រូបរលកធាតុអាកាស (Radar-absorbent) ដែលធ្វើឱ្យប្រព័ន្ធរ៉ាដារបស់សត្រូវពិបាក ក្នុងការចាប់សញ្ញា ឬស្វែងរកវាឃើញនៅលើមេឃ។ ប្រព័ន្ធរុករករបស់វា ប្រើប្រាស់ប្រព័ន្ធរុករកនិចលភាព (Inertial Navigation) ជំនួយដោយប្រព័ន្ធផ្កាយរណប រួមផ្សំជាមួយបច្ចេកវិទ្យាប្រឆាំងនឹងការស្ទាក់ចាប់រលកសញ្ញា (Anti-jamming) ដែលធ្វើឱ្យវានៅតែអាចហោះទៅរកគោលដៅបាន ទោះបីជាសត្រូវព្យាយាមប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ដើម្បីបង្អាក់សញ្ញាយ៉ាងណាក៏ដោយ។
ស្ថាបនិក និងជាប្រធានអ្នករចនាម៉ូដរបស់ក្រុមហ៊ុន Fire Point លោក Denys Shtilerman បានទម្លាយប្រាប់នៅក្នុងកម្មវិធីផតខាសមួយ ដែលត្រូវបានដកស្រង់ដោយ Militarnyi ថា ដ្រូន FP-1 ជាង ៩០% គឺត្រូវបានផលិតឡើង ដោយប្រើប្រាស់សមាសភាគ និងគ្រឿងបន្លាស់នៅក្នុងស្រុកអ៊ុយក្រែនផ្ទាល់ រាប់ចាប់តាំងពីកាមេរ៉ារហូតដល់អង់តែនការពារការស្ទាក់ចាប់រលកសញ្ញា (CRPA Antennas)។ លើសពីនេះ រចនាសម្ព័ន្ធខ្លះនៃដ្រូន ត្រូវបានគេធ្វើឡើងពីកម្រាលឈើបន្ទះ ដែលជួយកាត់បន្ថយថ្លៃដើម និងធ្វើឱ្យការដំឡើងអាចធ្វើទៅបានយ៉ាងលឿន សម្រាប់ការផលិតក្នុងទ្រង់ទ្រាយធំ។
តម្លៃថោក ប៉ុន្តែប្រសិទ្ធភាពខ្ពស់ហួសពីការរំពឹងទុក
បើប្រៀបធៀបទៅនឹងមីស៊ីលគ្រូស ដែលមានតម្លៃរាប់លានដុល្លារ ដ្រូន FP-1 មួយគ្រឿង មានតម្លៃត្រឹមតែប្រហែល ៥៥ ០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មាន The Kyiv Independent ទោះបីជាក្រុមហ៊ុន Fire Point កំពុងជួបប្រទះនូវរឿងអាស្រូវស៊ើបអង្កេតផ្ទៃក្នុង ទាក់ទងនឹងតម្លៃកិច្ចសន្យាការពារជាតិក៏ដោយ ក៏អ្នកជំនាញយោធានៅតែទទួលស្គាល់ថា FP-1 គឺជាកម្លាំងស្នូលដ៏សំខាន់ និងកំពុងក្តោបក្តាប់ទីផ្សារដ្រូនវាយប្រហារចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដោយសារតែវាមានតម្លៃថោកជាង និងអាចផលិតបានយ៉ាងលឿនរហូតដល់ទៅជាង ១០០គ្រឿងក្នុងមួយថ្ងៃ។
ការវិវត្តទៅជាអាវុធប្រមាញ់លើអាកាស
មិនត្រឹមតែជាដ្រូនអត្តឃាតបុកកម្ទេចគោលដៅលើដីនោះទេ នាយកប្រតិបត្តិក្រុមហ៊ុន Fire Point លោកស្រី Iryna Terekh បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុនបានអភិវឌ្ឍបន្ថែមទៅលើដ្រូនអំបូរ FP-1 នេះ ដោយកែច្នៃវាឱ្យទៅជា «ដ្រូនមេ» ដែលអាចផ្ទុកដ្រូន FPV តូចៗសម្រាប់ទៅស្ទាក់ចាប់ និងវាយប្រហារដ្រូនរបស់សត្រូវនៅលើអាកាសវិញ ឬថែមទាំងអាចបំពាក់កាំភ្លើងម៉ាស៊ីន និងប្រព័ន្ធមីស៊ីលការពារអាកាសចល័ត (MANPADS) ទៀតផង។
សរុបមក ដ្រូនស្លាបវែង FP-1 Firepoint មិនត្រឹមតែមានឥទ្ធិពលខ្លាំង ដោយសារចម្ងាយហោះហើរ និងក្បាលគ្រាប់ធ្ងន់នោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រយោធាទាំងស្រុង។ វាបានបង្ហាញឱ្យឃើញថា អាវុធដែលមានតម្លៃសមរម្យ និងផលិតបានលឿន ក៏អាចបង្កើតការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធយោធាលំដាប់ខ្ពស់របស់សត្រូវពីចម្ងាយរាប់ពាន់គីឡូម៉ែត្របានដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


