Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ បើអ៊ីស្រាអែល-អ៊ីរ៉ង់ នៅតែបាញ់ទៅបាញ់មកអ៊ីចឹង ៤៧ឆ្នាំទៀត សង្គ្រាមនេះ មិនដឹងយ៉ាងម៉េចផង

បានផុស

នៅ

ស្របពេលសភាពការណ៍នៅមជ្ឈិមបូព៌ា ឡើងកម្តៅដល់កម្រិតខ្ពស់សាជាថ្មី ដោយសារតែអ៊ីរ៉ង់ បាញ់អ៊ីស្រាអែល ជាការសងសឹកចំពោះកងកម្លាំងរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលវាយប្រហាររដ្ឋធានីបេរូត នៃប្រទេសលីបង់ ឥតឈប់នោះ, ក៏មានសេចក្តីរាយការណ៍ដែរថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់ទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា បើនៅតែសងសឹកគ្នាទៅមក តទៅមុខ ៤៧ឆ្នាំទៀត សង្គ្រាមនេះ មិនដឹងជាយ៉ាងម៉េចផង។

(រូប៖ Reuters)

ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទជាមួយ Axios ភ្លាមៗក្រោយពេលអ៊ីរ៉ង់ បាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក បញ្ជាក់ថា លោកជំរុញឲ្យ ណេតាន់យ៉ាហ៊ូ កុំសងសឹកវិញឲ្យសោះ។

យោងតាម Axios, លោកត្រាំថ្លែងថា៖ «យើងខិតជិតនឹងសម្រេចបាន នូវកិច្ចព្រមព្រៀងចុងក្រោយមួយជាមួយអ៊ីរ៉ង់ ទៅហើយ។ វាជិតក្លាយជាកិច្ចព្រមព្រៀងដ៏ល្អមួយ ខ្ញុំមិនចង់ឲ្យវាត្រូវរលាយសាបសូន្យទៅវិញ ដោយសារតែអ្វី ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ នោះទេ»។

(រូប៖ Reuters)

ក្នុងអំឡុងពេលនោះដែរ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អះអាងថា បើអ៊ីស្រាអែល-អ៊ីរ៉ង់ នៅតែបាញ់ទៅបាញ់មក ៤៧ឆ្នាំទៀត សង្គ្រាមនេះមិនដឹងយ៉ាងម៉េចផង ហើយវាប្រហែលជាដូចកាល ១ ០០០ឆ្នាំមុនអ៊ីចឹង។

សូមជម្រាបថា  ក្នុងការវាយប្រហារចុងក្រោយនេះ រួមមានទាំងការដែលយន្តហោះចម្បាំងអ៊ីស្រាអែល ហោះទៅទម្លាក់គ្រាប់បែកកម្ទេចរោងចក្រគីមីឥន្ធនៈដ៏ធំមួយកន្លែង នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។

(រូប៖ Reuters)

ព្រឹត្តិការណ៍ក្តៅគគុកទាំងនេះ ផ្ទុះឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ ព្យាយាមអង្វរករ និងអំពាវនាវឲ្យអ៊ីស្រាអែលអត់ធ្មត់ ប៉ុន្តែអ៊ីស្រាអែលព្រងើយកន្តើយ ហើយសង្គ្រាមក៏រីករាលដាលកាន់តែខ្លាំង រហូតមានការចូលរួមពីក្រុមហ៊ូធី ទៀត។

ក្រុមមានមូលដ្ឋាននៅប្រទេសយេម៉ែន មួយនេះ បានប្រកាសជាផ្លូវការថា ពួកគេ បានបើកការវាយប្រហារ ដោយប្រើ​មីស៊ីលបាញ់សំដៅទៅលើប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានោះ ពួកគេក៏ប្រកាសក្តែងៗ ពីការដាក់ទណ្ឌកម្ម និងបិទផ្លូវទឹកជាដាច់ខាត ដោយមិនអនុញ្ញាតឲ្យរាល់កប៉ាល់ដឹកជញ្ជូនទាំងឡាយណាជារបស់អ៊ីស្រាអែល ធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រក្រហមឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម