ព័ត៌មានជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ ពន្យល់ពីហេតុផលដែលសម្រេចច្រានចោលបណ្តឹងរបស់ LDP
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា ថ្មីៗនេះ មានការបង្ហោះសារនៅលើបណ្តាញសង្គម មិនពេញចិត្តទៅនិងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ពាក់ព័ន្ធនឹងបណ្តឹងរបស់ភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលមិនសុខចិត្តទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងអំពើបំពានលើជំពូកទី១០ (ទោសប្បញ្ញត្តិ) នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក តាំង រតនា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ថា សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងសម្រេចលើករណីបណ្តឹងខាងលើនេះ គឺបានអនុវត្តស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
បើតាមអ្នកនាំពាក្យរូបនោះ ក្រុមប្រឹក្សាធម្មនុញ្ញ ទទួលស្គាល់សិទ្ធិជាតំណាងរបស់ភ្នាក់ងារគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ គឺលោក នៅ សំអាត ដែលទទួលការផ្ទេរសិទ្ធិពីលោកស្រី យ៉ុន យឿម ដាក់ពាក្យបណ្តឹងនៅក្រុមប្រឹក្សាឃុំបួរ ប្ដឹងក្រុមចុះឈ្មោះបោះឆ្នោតពីការក្លែងបន្លំឯកសារ ចុះឈ្មោះដែលត្រូវផ្តន្ទាទោសតាមជំពូកទី១០ (ទោសប្បញ្ញត្តិ) នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយក្រុមប្រឹក្សាធម្មនុញ្ញក៏ទទួលស្គាល់សិទ្ធិរបស់លោក ម៉ក តាំងយូ ផងដែរ ក្នុងការទទួលសិទ្ធិបន្តពីលោក នៅ សំអាត ដោយមានការឯកភាពពីលោកស្រី យ៉ុន យឿម ក្នុងការប្តឹងទៅ គ.ជ.ប មិនសុខចិត្តនឹងការផ្សះផ្សារបស់ក្រុមប្រឹក្សាឃុំបួរ។
លោក តាំង រតនា អះអាងថា លោក ម៉ក តាំងយូ បានប្តឹងមកក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤ និង១៥ នាទី មិនសុខចិត្តនឹងសេចក្តីសម្រេចលេខ០០១ គ.ជ.ប ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ គ.ជ.ប ហើយនៅពេលទទួលបណ្តឹងក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យលើលក្ខខណ្ឌចំនួន២ គឺទី១, សមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការដោះស្រាយបណ្តឹង និងទី២, លក្ខណៈសម្បត្តិ (គុណវុឌ្ឍ) នៃអ្នកប្តឹង។ ក្នុងការពិនិត្យនេះឃើញថា លោក ម៉ក តាំងយូ ពុំមែនជាបុគ្គល ដែលរង់ឥទ្ធិពលផ្ទាល់ (ទទួលរងការដាក់ទណ្ឌកម្មផ្ទាល់) ពីសេចក្តីសម្រេចលេខ០០១ គ.ជ.ប ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ គ.ជ.ប ស្របតាមស្មារតីនៃមាត្រា១៦៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឡើយ។ ដូចនេះលោក ម៉ក តាំងយូ ពុំមានលក្ខណៈសម្បត្តិ (គុណវុឌ្ឍស្របតាមច្បាប់ក្នុងការប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអំឡុងពេល៧២ម៉ោង បន្ទាប់ពីកាលបរិច្ឆេទទទួលបានសេចក្តីសម្រេចរបស់គ.ជ.ប នោះទេ ។
ផ្អែកតាមលក្ខខណ្ឌនៃបណ្តឹងនេះ បណ្តឹងរបស់ភ្នាក់ងារគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលបានដាក់ប្តឹងមកក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤ និង១៥ នាទី គឺជាបណ្តឹងដែលមានលក្ខណៈផ្ទុយច្បាប់ ហើយដែលចំណុចខ្វះខាតមិនអាចឱ្យកែតម្រូវបាន។ យោងតាមមាត្រា២៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា ៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ បានកំណត់ថា បណ្តឹងដែលមានលក្ខណៈផ្ទុយច្បាប់ ដែលចំណុចខ្វះខាតមិនអាចកែតម្រូវបាន ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចលើកបណ្តឹងចោល ដោយមិនចាំបាច់ឆ្លងកាត់ការទាញហេតុផល។
ដោយសំអាងហេតុផលទាំងអស់នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ពុំអាចយកខ្លឹមសារនៃពាក្យបណ្តឹងរបស់ភ្នាក់ងារគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ មកពិភាក្សាបានឡើយ ហើយក៏ពុំពិនិត្យ ឬពិភាក្សាលើសេចក្តីសម្រេចរបស់ គ.ជ.ប ដែរ។ ហេតុនេះ ទើបក្រុមប្រឹក្សាធម្មនុញ្ញ ពុំមានការកោះហៅភាគីពាក់ព័ន្ធណាមួយ នៃបណ្តឹងមកសួរដេញដោល ឬពិនិត្យភស្តុតាងឡើយ។
សូមបញ្ជាក់ថា យោងស្មារតី នៃមាត្រា១៤២ ថ្មីនៃរដ្ឋធម្មនុញ្ញ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសម្រេចបិទផ្លូវតវ៉ា៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


