Connect with us

ព័ត៌មានជាតិ

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ជូនពលរដ្ឋនៅស្រុកបន្ទាយស្រី ចាប់ផ្ដើមពីថ្ងៃទី១៥ កក្កដានេះ

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងទូទាំងស្រុកបន្ទាយស្រី នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះហើយ។ ក្នុងនោះក្រុមការងារមកពីកងពលធំអន្តរាគមន៍លេខ២ សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី បានត្រៀមរួចជាស្រេច ដើម្បីបំពេញបេសកកម្ម ដ៏មានអត្ថន័យមួយនេះ។

លោក ឃឹម ហ្វីណង់ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី១៤ ខែកក្កដាថា នេះគឺជាដំណឹងដ៏គួរឲ្យរំភើបរីករាយជាទីបំផុត សម្រាប់អ្នកស្រុកបន្ទាយស្រី ដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ផ្តល់ជូនវ៉ាក់សាំងការពារជំងឺកូវីដដល់ប្រជាពលរដ្ឋគ្រប់ៗគ្នានៅក្នុងស្រុក ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ក្នុងនាមអភិបាលនៃគណៈអភិបាលស្រុក និងជួសមុខឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីទាំងមូល លោក ឃឹម ហ្វីណង់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប និងលោកអភិបាលខេត្ត ទៀ សីហា ដែលបានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំង និងជំរុញគាំទ្រឲ្យយុទ្ធនាការមួយនេះអាចលេចចេញជារូបរាងឡើងនៅក្នុងស្រុកបន្ទាយស្រី ក៏ដូចជានៅតាមតំបន់ដទៃទៀតនៅទូទាំងប្រទេសកម្ពុជា។ អភិបាលស្រុកបន្ទាយស្រី ក៏បានថ្លែងអំណរគុណដល់កងកម្លាំង មកពីកងពលធំអន្តរាគមន៍លេខ២ ដែលមានលោកឧត្តមសេនីយ៍ឯក កែវ ធី ជាមេបញ្ជាការ ដែលបានចុះអនុវត្តផែនការចាក់វ៉ាក់សាំងនេះ សម្រាប់ស្រុកបន្ទាយស្រីរហូតទាល់តែដល់ទីបញ្ចប់។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល១៤ថ្ងៃពេញ គិតចាប់ពីថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២១ ដោយចាប់ផ្តើមពីភូមិព្រះដាក់មុនគេ ហើយមានបែងចែកជា៣ដំណាក់កាលដូចខាងក្រោម៖ – ពីថ្ងៃទី១៥ ដល់ ថ្ងៃទី២០៖ ទីតាំងនៅក្នុងសាលាបឋមសិក្សាព្រះដាក់ សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ និងឃុំរុនតាឯក។ – ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៥៖ ទីតាំងនៅក្នុងសាលាបឋមសិក្សាបន្ទាយស្រី សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំខ្នារសណ្តាយ និងឃុំឃុនរាម។ – ពីថ្ងៃទី២៦ ដល់ ថ្ងៃទី៣០៖ ទីតាំងនៅក្នុងអនុវិទ្យាល័យត្បែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំត្បែង និងឃុំរំចេក៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម