ព័ត៌មានជាតិ
សមត្ថកិច្ច រាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្ត បម្រាមគោចរ នៅយប់នេះ
នៅយប់នេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពី ការដាក់ចេញនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១១ និង៥៩នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានដាក់ចេញនូវបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ លើកលែងតែ ក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នារសៀលថ្ងៃនេះថា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តនូវសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសការអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងបញ្ជាក់ថា «ការអនុវត្តនេះ គឺយើងអនុវត្តដូចមុនអញ្ចឹង មានន័យថា យើងអនុវត្តគ្រប់ខណ្ឌ ហើយអ្នកមានសិទ្ធិចេញ គឺដូចដែលបានកំណត់ នៅក្នុងសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងកងកម្លាំង ក្រុមគ្រូពេទ្យ ឬក៏រថយន្តសង្រ្គោះ និងករណីចាំបាច់មួយចំនួនទៀត តែក្រៅពីហ្នឹង បើគ្មានភាពចាំបាច់ទេ គឺមិនអាចឲ្យចេញបានទេ»។
សូមជម្រាបថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្ដីពី ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ក្នុងសារាចរ ដែលបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវដាក់ចេញវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ព្រមទាំងពង្រឹងការអនុវត្តវិធានការច្បាប់ នៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ឲ្យបានព្រមៗពេលជាមួយគ្នា និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹង នៅក្នុងអំឡុងពេលអនុវត្តយុទ្ធនាការនេះ។
សារាចរ របស់រាជរដ្ឋាភិបាលដដែល ក៏បានណែនាំឲ្យអាជ្ញាធររាជធានី-ខេត្ត ដាក់ចេញបម្រាមគោចរពីម៉ោងចន្លោះ៩យប់ ដល់ម៉ោង៣ទៀបភ្លឺ សម្រាប់ភូមិសាស្រ្ដទាំងមូល ឬផ្នែកណាមួយ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេសរាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា។ ក្នុងការអនុវត្តបម្រាមគោចរនេះ អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ធានា ឲ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


