ព័ត៌មានជាតិ
ខុសពីពេលមុន ការដាំដំណាំហូបផ្លែតាមរដូវ វិវឌ្ឍទៅជាដំណាំកសិ-ពាណិជ្ជកម្មរកចំណូលរយលានដុល្លារ
លោកបណ្ឌិតគៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ការដាំដុះដំណាំឈើហូបផ្លែបច្ចុប្បន្នមានការវិវឌ្ឍខ្លាំងបើប្រៀបធៀបពីពេលមុនៗ ដែលកសិករដាំសម្រាប់ហូបក្នុងគ្រួសារ និងនៅសល់សម្រាប់លក់ដូរ ឥលូវនេះបានប្រែក្លាយជាដំណាំកសិ-ពាណិជ្ជកម្ម (Commercial farming) សម្រាប់នាំចេញទៅក្រៅប្រទេស។
លោកប្រធាននាយកដ្ឋានបានឲ្យដឹងថា ការដាំដុះដំណាំហូបផ្លែមួយចំនួនបានផ្លាស់ប្តូរ មិនដូចមួយជំនាន់មុន ដែលកសិករភាគច្រើនដាំជាលក្ខណៈគ្រួសារ។ បច្ចុប្បន្នមានកសិករ និងវិស័យឯកជនមួយចំនួនបានដាំដុះដំណាំហូបផ្លែជាទំនិញពាណិជកម្ម និងឧស្សាហកម្មសម្រាប់នាំចេញ។ នៅពេលមានការដាំដុះច្រើន ដោយសារតម្រូវការនាំចេញ ត្រូវមានគ្រប់រដូវ និងមានបរិមាណច្រើនពេក ដូច្នេះគេត្រូវការបច្ចេកទេសទំនើបដើម្បីទទួលបានទិន្នផលខ្ពស់សម្រាប់បំពេញតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ ដល់គុណភាព រសជាតិ និងសុវត្ថិភាព ដោយសារការប្រើប្រាស់ជីថ្នាំគីមីកសិកម្មច្រើន។ ដូច្នេះបច្ចេកទេសដាំដុះគួរគោរពទៅតាមស្តងដារសុវត្ថិភាពដែលធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពដល់សុខមាលភាពអ្នកហូបចុកផងជាការប្រសើរ។

ដំណាំសក្តានុពលមានដូចជា ចេក ស្វាយ ទុរេន មៀនប៉ៃលិនបានប្រែក្លាយជាដំណាំយុទ្ធសាស្ត្រសម្រាប់ការនាំចេញ ហើយដំណាំទាំងនេះ មានការពង្រីកផ្ទៃដីដាំដុះជាចម្ការធំៗ ហើយមានការវេចខ្ចប់ហូបស្រស់ផង និងកែច្នៃផង។
លោក បណ្ឌិតគៀន សុភា ថា បច្ចុប្បន្នដំណាំចេក ស្វាយ ទុរេន មៀនប៉ៃលិន ដែលពីមុនកសិករខ្មែរដាំច្រើនជាលក្ខណៈគ្រួសារ ឥឡូវមានដាំដុះជាចម្ការរាប់រយហិកតា និងមានក្រុមហ៊ុនវិនិយោគរោងចក្រកែច្នៃ វេចខ្ចប់ជាកសិផលិតផលពាណិជកម្ម និងឧស្សាហកម្មសម្រាប់នាំចេញ។
មន្រ្តីកសិកម្មរូបនេះបន្តថា នាយកដ្ឋានកំពុងរៀបចំផ្សព្វផ្សាយដល់កសិករពីការដាំដុះតាមគោលការណ៍ GAP អាចប្រើប្រាស់ធាតុចូលគីមីដោយគោរពតាមស្តង់ដារការអនុវត្តកសិកម្មល្អ និងជួយផ្តល់ទិន្នផលខ្ពស់ និងស្តង់ដារកសិកម្មសរីរាង្គ ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ និងមានសុវត្ថិភាពខ្ពស់។ ក្រសួងកសិកម្មចង់ជំរុញធ្វើទំនើបកម្មដល់កសិករ ប្តូរពីវិធីសាស្ត្រកសិកម្មបែបប្រពៃណីទៅជាបច្ចេកទេសទំនើបដែលសមស្របសម្រាប់ទីផ្សារ។

ដំណាំចេក និងស្វាយបានក្លាយជាទំនិញយុទ្ធសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា សម្រាប់ការនាំចេញទៅក្រៅប្រទេស។ ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស ក្នុងនោះការនាំចេញផ្លែចេកស្រស់ កើនឡើង៦៨ភាគរយ ចំណែកការនាំចេញផ្លែស្វាយស្រស់កើនឡើង២៥៥ភាគរយ។
ចិនជាទីផ្សារធំបំផុតសម្រាប់ការនាំចេញដំណាំស្វាយ និងចេកពីកម្ពុជា។ ផ្លែចេក និងផ្លែស្វាយស្រស់ គឺជាផលិតផលកសិកម្ម ដែលកម្ពុជាអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់។
បើតាមក្រសួងកសិកម្ម កម្ពុជាគ្រោងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ដោយអាចផ្តល់ប្រាក់ចំណូលប្រមាណ១០០លានដុល្លារ។ នេះបើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់៨០តោនដំបូងទៅកាន់ទីផ្សារប្រទេសចិន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ។
យោងតាមស្ថិតិឆ្នាំ២០២០បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយនៅកម្ពុជាមានចំនួនជាង១៣ម៉ឺន ហិកតា។ ផ្ទៃដីអាចប្រមូលផលមានចំនួនជាង៩ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥តោនក្នុងមួយហិកតា ដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណ១,៣លានតោនក្នុងមួយរដូវជាមធ្យម៕

អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


