ព័ត៌មានជាតិ
មេបញ្ជាការកងទ័ពសង្ឃឹមថា អាមេរិក នឹងនៅតែទំនាក់ទំនងជាមួយកម្ពុជា ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក
ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ខណៈលោកបានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ។

នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯក Thang Jacky Ly បានជម្រាបជូននាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ពីគោលបំណងនៃការមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយទី១. ធ្វើការសិក្សាស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់របស់ប្រទេសកម្ពុជា ទី២. ធ្វើការយ៉ាងជិតស្និតជាមួយថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានតាំងពីឆ្នាំ១៩៥០ ហើយមកដល់បច្ចុប្បន្ននេះ កម្ពុជានៅតែមានជំហររក្សាកិច្ចសហប្រតិបត្តិការល្អជាមួយសហរដ្ឋអាមេរិក។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលថ្មីៗនេះបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការផ្ដល់វ៉ាក់សាំងចំនួន១លាន ៦សែនដូស រួមទាំងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត។ ក្រៅពីនោះ សហរដ្ឋអាមេរិកនៅបានផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដូចជា ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្សជាដើម។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាពេលកន្លងមក ក្នុងការស្រាវជ្រាវរុករកអដ្ឋិធាតុកងទ័ពអាមេរិក ដែលបាត់ខ្លួនក្នុងសង្គ្រាមនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការបង្ក្រាបអំពើភេរវកម្ម ការជួញដូរមនុស្ស ក៏ដូចជាការហ្វឹកហ្វឺនឆ្មាំអង្គរ និងការកសាងកម្លាំងរបស់កងយោធពលខេមរភូមិន្ទ ដែលត្រូវទៅបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិ និងលំហសមុទ្រផងដែរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន មានជំនឿថា ទៅថ្ងៃអនាគត សហរដ្ឋអាមេរិកនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយកម្ពុជានៅតែចាត់ទុកសហរដ្ឋអាមេរិកជាមិត្តល្អរបស់កម្ពុជា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


