ព័ត៌មានជាតិ
មេទ័ព ក្រើនរម្លឹកឲ្យកងទ័ពការពារសន្តិភាព និងត្រៀមបង្ក្រាបរាល់ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានក្រើនរម្លឹកឲ្យកងយោធពលខេមរភូមិន្ទ ការពារឱ្យខាងតែបានសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ទោះក្នុងតម្លៃណាក៏ដោយ ហើយបង្ក្រាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព និងបង្ករវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្តី។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្រើនរម្លឹកកងទ័ពដូច្នេះ នៅក្នុងពិធីបើកសិក្ខាសាលាដកបទពិសោធន៍ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយអង្គភាព ស្ថាប័នស៊ីវិល ទិសយោធភូមិភាគទី៥ ក្រោមប្រធានបទ ” រួមគ្នាពង្រឹងខឿនការពារជាតិ ” នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសុភមង្គល ទីរួមខេត្តបាត់ដំបង។
នៅក្នុងពិធីដដែល អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ គូសបញ្ជាក់ថា ជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធ សុទ្ធតែមានការចូលរួមឧបត្ថម្ភគាំទ្រពីកម្លាំងប្រជាជនគ្រប់ស្រទាប់វណ្ណៈ តាមរយៈការលះបង់ធនធានផ្ទាល់ខ្លួនដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតសម្រេចបានជោគជ័យធំៗជាច្រើន នៅក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។

អគ្គមេបញ្ជាការ អះអាងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយជាច្រើនក្នុងការវិនិយោគលើវិស័យយោធា ក្នុងនោះ មានគោលនយោបាយការចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងទ័ពជាមួយអង្គភាពស្ថាប័នស៊ីវិល ដើម្បីលើកតម្លៃនៃពលិកម្មដ៏ធំធេងរបស់កងទ័ព និងការធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចការពារបូរណភាពទឹកដី។
តាមលោក វង្ស ពិសេន គោលនយោបាយនេះត្រូវបានឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាពីសមរភូមិក្រោយ ដោយឈរលើទស្សនៈសិល្បនៃការចែករំលែក តាមពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន គឺ«សមរភូមិក្រោយជួយសមរភូមិមុខ» និង«ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។

លោក វង្ស ពិសេន បានសម្តែងនូវការដឹងគុណជានិច្ចពុំអាចបំភ្លេចបាន ចំពោះការជួយឧបត្ថម្ភគាំទ្រដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដល់កងយោធពលខេមរភូមិន្ទជារៀងដរាបមក ដោយសម្តេច គឺជា«អគ្គភ័ស្តុភារជាន់ខ្ពស់» ដែលកងយោធពលខេមរភូមិន្ទ ពុំអាចខ្វះបាន។
បន្ថែមលើសនេះ សម្តេច ក៏តែងបានយកចិត្តទុកដាក់ជួយធានាលំនឹងជីវភាពរបស់កងទ័ព និងគ្រួសារកងទ័ព តាមរយៈការផ្តល់ដីធ្លី ផ្ទះសម្បែង ថវិកា សម្ភារៈ និងការចលនាបណ្តាក្រសួងជំនាញមួយចំនួនឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេងៗ ជាពិសេសជំនាញកសិកម្ម។

លោកអគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះអង្គភាពកងទ័ព ស្ថាប័នស៊ីវិល បណ្តាក្រុមហ៊ុនឯកជន សប្បុរសជននានា ដែលបានខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាពទទួលបានលទ្ធផលល្អប្រសើរ និងបានអំពាវនាវឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការចងសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ និងបម្រើដល់យុទ្ធសាស្ត្រយូរអង្វែងនៃកិច្ចការពារជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


