ព័ត៌មានអន្ដរជាតិ
CDC រកឃើញភស្តុតាងបន្ថែម កូវីដ ១៩ ឆ្លងនៅអាមេរិក និងអឺរ៉ុប មុនផ្ទុះរាតត្បាតនៅអ៊ូហាន
មជ្ឈមណ្ឌលគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅអាមេរិក CDC បានបញ្ចេញភស្តុតាងថ្មីមួយទៀតពាក់ព័ន្ធប្រភពដើមនៃជំងឺកូវីដ ១៩ ឬ Sars-Cov-2 ដែលត្រូវគេជឿថា បានឆ្លងក្នុងសហរដ្ឋអាមេរិក និងតំបន់មួយចំនួននៅអឺរ៉ុប មុនគេប្រកាសឆ្លងរាតត្បាតក្នុងប្រទេសចិនទៅទៀត។

អ្នកស្រាវជ្រាវអាមេរិក បានបញ្ចូលឯកសារស្រាវជ្រាវមកពីអ៊ីតាលី និងបារាំង ការសិក្សារបស់អ្នកវិទ្យាសាស្ត្រនៃអង្គការសុខភាពពិភពលោក (WHO) រួមនិងការសិក្សាធ្វើឡើងដោយភ្នាក់ងាររបស់កាសែតវេជ្ជសាស្ត្រ The Lancet medical journal ដែលការសិក្សាទាំងអស់នេះអាចបញ្ជាក់បានថា វីរុសកូរ៉ូណា បានឆ្លងទៅលើមនុស្សនៃបណ្តាប្រទេសមួយចំនួន មុនពេលចិនរកឃើញបានផ្ទុះរាតត្បាតនៅអ៊ូហាន និងអង្គការសុខភាពពិភពលោកប្រកាសជាជំងឺរាតត្បាតសកលទៅទៀត។
អ្នកវិទ្យាសាស្រ្តមកពី មជ្ឈមណ្ឌលគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅអាមេរិក CDC បាននិយាយកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា តេស្តលើគំរូឈាមមួយចំនួន បានកើតមានក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃ ១៣ ខែធ្នូ ឆ្នាំ២០១៩ ដោយរកឃើញភស្តុងតាងមានពពួកអង្គបដិប្រាណកកើតឡើងដើម្បីប្រឆាំងជំងឺកូវីដ ១៩ ឬ Sars-Cov-2។
គំរូឈាមទាំងនេះ ត្រូវគេទទួលបានប្រមាណច្រើនជាង ២សប្តាហ៍ មុនថ្ងៃ ៣១ ធ្នូ ឆ្នាំ២០១៩ ដែលជាថ្ងៃត្រូវរដ្ឋាភិបាលចិន ទទួលស្គាល់ជាផ្លូវការ មានការផ្ទុះរាតត្បាតកូវីដ ១៩ កណ្តាលទីក្រុងអ៊ូហាន ហើយប្រមាណជិតមួយខែក្រោយ ពោលគឺថ្ងៃ ១៩ មករា ឆ្នាំ២០២០ ទើបសហរដ្ឋអាមេរិក អះអាងរកឃើញមនុស្សឆ្លងកូវីដ ១៩។ នេះបើតាមរបាយការណ៍របស់ CDC។
“វត្តមាននៃសេរ៉ូមអង្គបដិប្រាណដែលរកឃើញក្នុងឈាមគំរូនៅអាមេរិក អាចបង្ហាញបានថា វីរុស Sars-CoV-2 គឺកើតមាននៅតំបន់ដាច់ស្រយាល អាចជាតំបន់ភាគខាងលិចសហរដ្ឋអាមេរិក មុននឹងវីរុសនេះ រីកសាយភាយជុំវិញពិភពលោក។” នេះបើតាមការសរសេរក្នុងរបាយការណ៍របស់ CDC និងចេញផ្សាយលើកាសែតវេជ្ជសាស្ត្រ Clinical Infectious Diseases។
ជាមួយនឹងការវិភាគចេញផ្សាយនៅអ៊ីតាលី អំឡុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ តេស្តឈាមគំរូមួយចំនួន ត្រូវគេទទួលបានចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ ដែលសុទ្ធរកឃើញវត្តមានអង្គបដិប្រាណប្រឆាំងវីរុសកូរ៉ូណាថ្មី។
ជាមួយគ្នានេះ នៅក្នុងប្រទេសបារាំង សំណាកដែលទទួលបានពីអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ កាលពីថ្ងៃ ២៧ ធ្នូ ឆ្នាំ២០១៩ ក៏ត្រូវគេធ្វើតេស្តក្រោយមក រកឃើញវិជ្ជមានកូវីដ ១៩ ដូចគ្នា។ នេះបើតាមរបាយការណ៍ចេញផ្សាយលើកាសែតវេជ្ជសាស្ត្រ International Journal of Antimicrobial Agents។
សរុបមក គំរូឈាមទាំងក្នុងប្រទេសអ៊ីតាលី និងបារាំង សុទ្ធតែរកឃើញមុនវីរុសកូវីដ ១៩ ត្រូវគេរកឃើញនៅអ៊ូហាន នាំឲ្យការវិភាគទៅលើដើមកំណើតពិតរបស់វីរុសកំណាចនេះ កាន់តែពិបាកប៉ាន់ស្មានទៅទៀត។
រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានស្តីបន្ទោសចិន ជាប្រភពផ្ទុះរាតត្បាត និងចម្លងជំងឺកូវីដ ១៩ ទៅជុំវិញពិភពលោក ខណៈជាការឆ្លើយតប រដ្ឋាភិបាលប៉េកាំង បានចាត់ទុកជាការវាយប្រហារដោយពាក្យសម្តីពីសំណាក់សហរដ្ឋអាមេរិកប៉ុណ្ណោះ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


