Connect with us

នយោបាយ

នាយករដ្ឋមន្រ្តីឡាវចេញផុត រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីនឹងមកដល់កម្ពុជានៅល្ងាចនេះ ដើម្បីធ្វើទស្សនកិច្ចផ្លូវការ២ថ្ងៃ

បានផុស

នៅ

លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ បានចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ នាថ្ងៃអង្គារនេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ។ នៅថ្ងៃតែមួយ ពោល គឺល្ងាចថ្ងៃអង្គារនេះ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នឹងមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មក លោកស្រីនឹងមានជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដើម្បីពិភាក្សាលើទិដ្ឋភាពមួយចំនួននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំង អាទិភាពនានារបស់កម្ពុជាពេលធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងការបរទេសកម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជាដដែល គឺដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី មកកាន់កម្ពុជានេះ នឹងបន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូនេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិទាំងពីរ និងពិភពលោក៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម