Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចុះពិនិត្យមើលសកម្មភាពនានា នៅតាមច្រកទ្វារព្រំដែនព្រៃវល្លិ៍ និងច្រកទ្វារព្រំដែនបាវិត

បានផុស

នៅ

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញចុះពិនិត្យមើលអំពីសកម្មភាពនានា នៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីប៉ាន់ប្រមាណតម្រូវការផ្នែកសុខភាព ជនទេសន្តរប្រវេសន៍កម្ពុជា មកពីប្រទេសវៀតណាម និងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែនក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ នៅតាមច្រកទ្វារព្រំដែននានា ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។

លោកស្រី ជូ ប៊ុនអេង និងប្រតិភូអមដំណើរ ក៏បានឆ្វេងយល់អំពីស្ថានភាពទូទៅ មុនពេលបរិបទកូវីដ-១៩ និងនៅក្នុងបរិបទកូវីដ ជាពិសេសចរាចរណ៍ការចេញ-ចូលទាំងមនុស្ស និងទំនិញផ្សេងៗ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ទាំងភាពងាយស្រួល ទាំងបញ្ហាប្រឈមនានា ហើយនិងដំណោះស្រាយចំពោះមុខ។

ក្នុងជំនួបជាមួយប្រភិភូក្រសួងមហាផ្ទៃ និងស្ថាប័នដែលមានការពាក់ព័ន្ធ នាឱកាសនោះលោកប្រធានស្នាក់ការ និងលោកនាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងពីរ បានលើកឡើងអំពីស្ថានភាពទូទៅ នាពេលបច្ចុប្បន្នក្នុងបរិបទកូវីដ-១៩ ដោយ​សារព្រំដែនកម្ពុជា-វៀតណាម ខាងភាគីវៀតណាម អនុញ្ញាតឲ្យត្រឹមតែទំនិញឆ្លងកាត់តែប៉ុណ្ណោះ គឺមិនអនុញ្ញាតឲ្យជនបរទេសទាំងអស់ ធ្វើដំណើរឆ្លងចូលប្រទេសគេនោះទេ រួមទាំងអ្នកជំងឺ ដែលត្រូវទៅពិនិត្យព្យាបាលផងដែរ។

លើកលែងតែ ក្នុងករណីពិសេសចាំបាច់បំផុត ទើបអនុញ្ញាតឲ្យធ្វើដំណើរ គឺខុសពីខាងភាគីកម្ពុជា ដែ​ល​បានអនុញ្ញាតឲ្យទំនិញ និងជនបរទេសចូលមកក្នុងប្រទេស។ ប៉ុន្តែត្រូវគោរពវិធានការណ៍ របស់ក្រសួងសុខាភិបាល អ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ ការវាស់កំដៅ និងការពិនិត្យសំណាក បើពិនិត្យឃើញថា មានភាពមិនប្រក្រតីនោះ គឺមិនអនុញ្ញាតឲ្យធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា នោះដែរ។

សូមជម្រាបថា ក្រៅពីចុះពិនិត្យមើលសកម្មភាពនានា នៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិទាំងពីររួចមក គណៈប្រតិភូ ក៏បានចុះទៅពិនិត្យទីតាំង មណ្ឌលធ្វើចត្តាឡីស័កមួយកន្លែង ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងផងដែរ៕

អត្ថបទ៖ ភក្ដី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម