ព័ត៌មានជាតិ
អ្នកឯកទេសជំងឺភ្នែកកុមារ បង្ហាញពីរបៀបថែទាំកុមារឱ្យចៀសផុតពីជំងឺមីញ៉ូប
អ្នកឯកទេសជំងឺភ្នែកកុមារបានបង្ហាញពីរបៀបថែទាំកុមារឱ្យចៀសផុតពីជំងឺមីញ៉ូបឬជំងឺកំហុសកំណុំ ដោយសារជំងឺនេះបានកើតទៅលើកុមារច្រើនជាងជំងឺភ្នែកផ្សេងៗទៀត។
លោកស្រីវេជ្ជបណ្ឌិត ជុកម៉ុល កុសុម៉ា អនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៩ឧសភានេះថា ក្នុងចំណោមអ្នកជំងឺភ្នែកមកពិគ្រោះជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង៣០០ទៅ ៣៥០នាក់ ក្នុងនោះមានប្រមាណ ២០ ភាគរយជាកុមារ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា កុមារដែលមកទទួលសេវានៅមន្ទីរពេទ្យ ពួកគាត់មានជំងឺកំហុសកំណុំ ឬ ជំងឺមីញ៉ូបច្រើនជាងគេ បន្ទាប់មកជំងឺភ្នែកខ្ជិល ជំងឺភ្នែកស្រលៀង ជំងឺឡើងបាយពីកំណើតភាពមិនធម្មតាពីកំណើត ពិនិត្យ ភ្នែកចំពោះក្មេងកើតមិនគ្រប់ខែ និងជំងឺផ្សេងៗទៀត។
លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា ជំងឺកំហុសកំណុំឬជំងឺមីញ៉ូប ជាជំងឺមួយមិនមានមូលហេតុបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេប៉ុន្តែអាចបណ្តាលមកពីតំណពូជ។
លោកស្រីវេជ្ជបណ្ឌិតបានពន្យល់ថាប្រសិនបើក្នុងចំណោមម្តាយឬឪពុកមានជំងឺមីញ៉ូបជំងឺនេះនឹងអាចមានបន្តមកដល់កូនហើយក្នុងករណីទាំងម្តាយនិងឪពុកមានជំងឺនេះអត្រានៃកូនមានជំងឺនេះក៏មានកាន់តែច្រើនដែរ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រៅពីតំណពូជជំងឺមីញ៉ូបនេះ ក៏អាចបណ្តាលមកពីកុមារមើលទូរស័ព្ទច្រើនជាងធម្មតាផងដែរ។ ជាក់ស្តែងក្នុងកំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ក្រសួងអប់រំយុវជននិងកីឡាបានតម្រូវឱ្យសិស្សរៀនតាមអនឡាញ។ ប៉ុន្តែបន្ទាប់ពីពួកគាត់រៀនតាមអនឡាញរួចហើយ ពួកគាត់នឹងបន្តមើលយូធូបនិងលេងហ្គេមដែលធ្វើឱ្យជួបបញ្ហាកំហុសកំណុំឬមីញ៉ូប ដែលមានឪពុកម្តាយជាច្រើនបាននាំកូនមកជួបគ្រូពេទ្យ។
លោកស្រីវេជ្ជបណ្ឌិតបានណែនាំដល់ឪពុកម្តាយ ដែលមានជំងឺកំហុសកំណុំពេលមានបុត្រធីតាអាយុ ១ ឆ្នាំ គួរតែយកកូនមកជួបវេជ្ជបណ្ឌិឯកទេសភ្នែក ដើម្បីឱ្យគេពិនិត្យនិងស្វែងរកថាតើកូននឹងមានបញ្ហាកំហុសកំណុំដែរឬទេ។ នៅពេលរកឃើញថាមានបញ្ហានេះនៅក្នុងកម្រិតណាមួយ គ្រូពេទ្យតម្រូវឱ្យពាក់វ៉ែនតាដើម្បីការពារកុំឱ្យកម្រិតមីញ៉ូបកាន់តែធ្ងន់ធ្ងរ។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្នុងករណីមិនយកកូនមកក្នុងអាយុ១ឆ្នាំទេ សូមលើកទឹកចិត្តឱ្យយកកូនមកពិនិត្យនៅពេលកូនចូលរៀន។ បន្ទាប់ពីពិនិត្យហើយគ្រូពេទ្យត្រូវបន្តតាមដានកន្លះឆ្នាំម្តងទៅលើកម្រិតមីញ៉ូបរបស់កុមារ។
ទម្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិតលើកទឹកចិត្តឪពុកម្តាយទាំងអស់ ត្រូវចូលរួមអប់រំកូនតាំងពីក្មេងទាក់ទងនឹងអាកប្បកិរិយា ធ្វើយ៉ាងណាថែរក្សាភ្នែកឱ្យមានសុខភាពល្អ ហើយម្តាយឪពុកគួរនាំកូនទៅលេងនៅខាងក្រៅឱ្យបានច្រើនកុំទុកកូននៅផ្ទះ ព្រោះកាលណានៅផ្ទះគាត់ធុញថប់អាចឱ្យគាត់លេងទូរសព្ទច្រើន ដែលជាកក្តាជំរុញមួយបណ្តាលឱ្យកូនវិវត្តទៅរកជំងឺមីញ៉ូបបាន។
លោកស្រីវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ចំពោះបញ្ហាជំងឺភ្នែកខ្ជិលនិងស្រលៀងវិញ បានកើតឡើងដោយសារជំងឺកំហុសកំណុំដូចគ្នា។ រីឯជំងឺឡើងបាយពីកំណើតវិញ កើតឡើងដោយសារក្នុងកំឡុងពេលម្តាយមានផ្ទៃពោះបានឆ្លងជំងឺស្អូចនិងការលើសជាតិស្ករ។
លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា ចំណែកទារកការកើតមកអត់គ្រប់ខែតិចជាង៣៤អាទិត្យឬក៏អត់គ្រប់គីឡូគឺតិចជាង២គីឡូ ដែលចាត់ទុកសុខភាពមិនល្អដោយដាក់នៅអុកស៊ីហ្សែន ដូចនេះឪពុកម្តាយគួរនាំកូនមកពិនិត្យពេលគាត់មានអាយុបាន១ខែ ដើម្បីយើងស្វែងរកបញ្ហាជំងឺភ្នែក ក្រែងលោសរសៃបាតភ្នែកគាត់ដុះមិនគ្រប់គ្រាន់។
សាស្រាចារ្យ លូ លីឃាង នាយកមន្ទីពេទ្យព្រះអង្គឌួងបានធ្វើការអំពាវនាវដល់មាតាបិតាអាណាព្យាបាលដែលមានកូនចៅមានបញ្ហាភ្នែកត្រូវរួសរាន់នាំមកពិនិត្យនិងព្យាបាលឱ្យបានទាន់ពេលវេលាដើម្បីកាត់បន្ថយភាពពិការភាព។
សាស្រាចារ្យ លូ លីឃាងបានមានប្រសាសន៍ថា មន្ទីរពេទ្យទើបតែបង្កើតបន្ទប់ព្យាបាលជំងឺភ្នែកកុមារដែលមានគ្រូពេទ្យឯកទេសខ្ពស់ផ្នែកកុមារនិងមានបំពាក់ឧបករណ៍ទំនើបៗ ដែលអាចជួយក្នុងការរុករករបកគំហើញបានទាន់ពេលវេលា។
លោកសាស្ត្រាចារ្យបានបន្តថា «នៅពេលដែលយើងរកឃើញរបកគំហើញបានទាន់ពេលនោះវានឹងអាចកាត់បន្ថយនូវពិការភាពរបស់កុមារបានច្រើនផដែរខណៈបច្ចុប្បន្នក្នុង១ថ្ងៃគិតជាមធ្យមមានកុមារប្រហែល២០ភាគរយក្នុងចំណោមអ្នកមានបញ្ហាភ្នែក៣០០ទៅ៣៥០នាក់មកពិគ្រោះជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង»៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មីមានស្នាមជ្រុះបេតុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
កីឡា៥ ថ្ងៃ ago
អបអរសាទរ! វិសាខា ឈ្នះជើងឯក WSVI ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ៣-១
-
កីឡា១ សប្តាហ៍ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក