ព័ត៌មានជាតិ
លោកជំទាវឧបនាយករដ្ឋមន្ត្រី ផ្ដាំផ្ញើដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រា បង្កើនការថែរក្សាសុខភាពឲ្យរឹងមាំ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការផ្ដាំផ្ញើដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រាដោយសារមេរោគអេដស៍ បង្កើនការថែរក្សាសុខភាពឲ្យរឹងមាំ ហើយមិនត្រូវភ្លេចខ្លួនពីជំងឺរាតត្បាតកូវីដ-១៩ទេ។

បន្ថែមពីនោះ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតក៏ដោយ ក៏ត្រូវតែបន្តយកចិត្តទុកដាក់ ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល ដោយនាំអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍ ចំនួន៤០គ្រួសារ មកពីស្រុកស្វាយជ្រំ និងក្រុងបាវិត នៅថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ-១៩ មានការរីករាលដាលនៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុកដាក់ជាប់ជានិច្ច ជាពិសេសការផ្ដាំផ្ញើសាកសួរទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិត ឬឆ្ងាយ ព្យុះភ្លៀង គឺទៅដល់ទីនោះភ្លាម ដោយមិនរួញរាឡើយ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់គិតគូរថែទាំសុខភាព ទាំង ផ្លូវកាយ ផ្លូវចិត្តឲ្យបានរឹងមាំ ហើយទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ និងចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងទិសដៅបញ្ចប់បញ្ហាអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ២០២៥។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងផ្ដាំផ្ញើសូមប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមកម្មវិធីនៅថ្ងៃនេះ បន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដល់សមាជិកគ្រួសារ និងប្រជាពលរដ្ឋដទៃទៀត ក្នុងសហគមន៍។
អំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍ចំនួន៤០គ្រួសារ ក្នុងម្នាក់ៗទទួលបាន អង្ករ៣០គ.ក្រ មី១ កេស ត្រីខកំប៉ុង១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប ទឹកដោះគោខាប់៥កំប៉ុង សាប៊ូក្រអូប៤ដុំ មុង១ ភួយ១ សារុង១ ក្រម៉ា១ អាវយឺត២ និងថវិកាថ្លៃធ្វើដំណើររបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៨០,០០០ រៀល៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


