ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជានាំគ្នាសម្តែងមោទកភាពចំពោះកីឡាការិនី ប៊ូ សំណាង តស៊ូរត់ ៥ គ.ម ក្រោមដំណក់ទឹកភ្លៀង
កីឡាការិនីជម្រើសជាតិ ប៊ូ សំណាង ត្រូវបានប្រជាជនកម្ពុជា កោតសរសើរ និងមានមោទកភាពចំពោះភាពអំណត់ និងការតស៊ូរបស់កញ្ញាសម្រាប់ការប្រកួតរត់ចម្ងាយ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រោមមេឃភ្លៀងធ្លាក់យ៉ាងខ្លាំង។ បើទោះបីខ្លួនមិនទទួលបានមេដាយ ហើយនៅសល់តែម្នាក់ឯង ក៏កញ្ញា ប៊ូ សំណាង តស៊ូរត់ដល់ទីបញ្ចប់ដែរ។

ប្រជាជនខ្មែរជាច្រើន រួមទាំងសារព័ត៌មានថៃ ព្រមទាំងវៀតណាមផង បានចាប់អារម្មណ៍ និងបានកោតសរសើរ ចំពោះការតស៊ូរបស់កញ្ញា ប៊ូ សំណាង ក្នុងវិញ្ញាសាររត់ចម្ងាយ ៥គីឡូម៉ែត្រនេះ។ ក្រោមដំណក់ទឹកភ្លៀងរាប់ពាន់ រាប់ម៉ឺនដំណក់ កញ្ញា ប៊ូ សំណាង បានរត់តែម្នាក់ឯងយ៉ាងកណ្តោចកណ្តែង រហូតដល់ទីបញ្ចប់ដែលមានចម្ងាយ៥គីឡូម៉ែត្រ។
ពលរដ្ឋខ្មែរជាច្រើនបានលើកឡើងក្នុងបណ្តាញសង្គមថា ភាពអំណត់របស់កីឡាការិនីរូបនេះ គឺជាមេរៀនមួយដែលមនុស្សគ្រប់រូប គួរយកតម្រាប់តាមចំពោះការតស៊ូ មិនចុះចាញ់ក្នុងរឿងផ្សេងៗ។ ទោះបីកីឡាការិនី ប៊ូ សំណាង មិនបានឈ្នះមេដាយក៏ពិតមែន ប៉ុន្តែ កីឡាការិនីរូបនេះ បានយកឈ្នះបេះដូងប្រជាពលរដ្ឋកម្ពុជា និងប្រទេសដទៃទៀតបាត់ទៅហើយ។

ក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ក៏មានបុគ្គលល្បីៗជាច្រើនបានចែករំលែករូបភាពរបស់កីឡាការិនីរត់ក្រោមទឹកភ្លៀងលាយឡំជាមួយនឹងទឹកភ្នែក ដែលមើលទៅពិតជារំជួលចិត្ត និងឆក់យកបេះដូងមនុស្សជាច្រើន។ លោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានបង្ហោះនៅលើហ្វេសប៊ុកថា៖ “ពិសេសជាមហាអស្ចារ្យម្ល៉េះទេ កុលធីតាខ្មែរ « កញ្ញា ប៊ូ សំណាង» គឺរូបអ្នកបានយកឈ្នះបេះដូងមនុស្ស ទាំងខ្មែរ និងសាសន៍ជាតិនានាដែលបានឃើញពីការតស៊ូ និងការតាំងចិត្តជាកំពូលរបស់អត្តពលិកកម្ពុជាមួយរូប ។ ខ្ញុំសូមកោតសរសើរ និងជូនពរក្មួយស្រីមានជោគជ័យក្នុងជីវិត” ។
រីឯ លោក ទៀ វិចិត្រ ក៏បានបង្ហោះដែរថា៖ “ប៊ូ សំណាង កីឡាការិនីរត់ប្រណាំងជម្រើសជាតិកម្ពុជា ប្រកួតដណ្តើមមេដាយមាសក្នុងវិញ្ញាសារត់ចម្ងាយ ៥០០០ ម៉ែត្រ ឃើញតាំងពីប្អូនស្រីចាប់ផ្តើម នៅពេលដែលភ្លៀងកំពុងតែធ្លាក់ខ្លាំងផងនោះ ប្អូនស្រីនៅតែបន្តរត់រហូតដល់ទីបញ្ចប់ ទោះបីប្អូនដល់ទីជាអ្នកចុងក្រោយក៏ដោយ ខ្ញុំសូមផ្តល់កំលាំងចិត្តជូនប្អូនស្រីពេញទំហឹង” ។

ចំពោះលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅលើបណ្តាញហ្វេសប៊ុកថា៖ “ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រត់រហូតដល់បញ្ចប់ទី បើទោះដឹងថា មិនបានឈ្នះ។ សូមកោតសរសើរ ទឹកចិត្តកីឡា ដ៏អង់អាចនេះ” ។
សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាការិនី ជម្រើសជាតិកម្ពុជា ប៊ូ សំណាង បានប្រកួតកីឡារត់ចម្ងាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះ ក្នុងចំណោមកីឡាការិនី ១០នាក់ផ្សេងទៀតក្នុងប្រទេសសមាជិកអាស៊ាន។ កញ្ញា ប៊ូ សំណាង ជាកីឡាការិនីរត់ចុងក្រោយ និងម្នាក់ឯងក្រោមមេឃភ្លៀងយ៉ាងខ្លាំង ប៉ុន្តែ កញ្ញាមិនបោះបង់ការរត់នេះឡើយ។ កញ្ញា ប៊ូ សំណាង រត់រហូតដល់ចុងបញ្ចប់បានចម្ងាយ ៥គីឡូម៉ែត្រ ជាមួយនឹងពេលវេលា ២២:៥៤.២២នាទី៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


