ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ៖ មន្រ្ដីក្រសួងព័ត៌មាន នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ពិសេសខ្វះទំនាក់ទំនងផ្ទៃក្នុង
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើងថា មន្រ្ដីក្រសួងព័ត៌មាននាពេលបច្ចុប្បន្ននេះ នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ជាពិសេសគឺការខ្វះទំនាក់ទំនងផ្ទៃក្នុង។ ការលើកឡើងនេះ គ្រាដែលលោក ខៀវ កាញារីទ្ធ អញ្ជើញជួបសំណេះសំណាល ថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ នៅក្រសួងព័ត៌មាន។

ក្រសួងព័ត៌មាន បានផ្សព្វផ្សាយថា នៅក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានថ្លែងថា កាលពីសម័យមុន អ្នកដែលក្ដាប់ព័ត៌មាន គឺអាចបញ្ជាបាន និងធ្វើអ្វីបាន តែសម័យនេះ គឺព័ត៌មានច្រើនហួស ដែលការបែងចែកព័ត៌មាននេះ នឹងធ្វើឲ្យទាំងអស់គ្នាក្ដាប់បាន ហើយធ្វើការដោយសាមគ្គីភាពគ្នា ស្រុះស្រួលគ្នាបាន។

លោកបន្តថា ក្នុងពេលបច្ចុប្បន្ននេះ មន្រ្ដីក្រសួងព័ត៌មាន នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ការចែករំលែកពីគ្នាទៅវិញទៅមកលើព័ត៌មាន ជាពិសេសគឺការខ្វះទំនាក់ទំនងផ្ទៃក្នុង។ បើតាមលោក ខៀវ កាញារីទ្ធ «នៅក្រសួងព័ត៌មាន សំខាន់គឺផ្ទៃក្នុងរបស់យើង ការចែករំលែកបទពិសោធន៍ ដែលយើងនៅរំលងគ្នា នៅមានប្រកាន់បក្សពួក ឬនៅមានគ្រួសារ»។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា បច្ចុប្បន្ននេះ បើគ្រប់ផ្នែកទាំងអស់ចេះបែងចែកការងារគ្នា គឺធ្វើបានល្អ តែបើមិនចេះបែងចែកគ្នាទេ គឺមិនអាចក្ដាប់បានព័ត៌មាននោះទេ ពីព្រោះព័ត៌មានគឺមានច្រើនណាស់។ ទន្ទឹមនេះ ផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ គឺរត់លឿនណាស់ ដែលទាមទារនៅពេលនេះ គឺការប្រយុទ្ធលើសង្គ្រាមព័ត៌មាននេះ គឺសំខាន់ណាស់ទាំងការបែងចែកបទពិសោធន៍ និងការបែងចែកព័ត៌មាន។

លោក ខៀវ កាញារីទ្ធ ក៏បានណែនាំដល់គ្រប់អគ្គនាយកដ្ឋាន មន្ទីរព័ត៌មានគ្រប់រាជធានី-ខេត្ដទាំងអស់ ត្រូវចេះរួមសហ ការសាមគ្គីគ្នា ដែលចំណុចសំខាន់ទី ១. ការរាប់អានគ្នាជាបងប្អូន ទី ២. ការប្រជុំឲ្យបានទៀងទាត់តាមអគ្គនាយកដ្ឋាននីមួយៗ ហើយក្រសួងក៏ត្រូវរៀបចំការប្រជុំជាមួយអគ្គនាយកទាំងអស់ឲ្យបានទៀងទាត់។ លោករដ្ឋមន្ត្រី ចាត់ទុកថា ការរៀបចំប្រជុំនេះ គឺមានសារៈសំខាន់ ពីព្រោះបើកាលណារៀបចំប្រជុំ គឺអាចជជែកការងារជាមួយគ្នា ពីព្រោះការងារព័ត៌មានគ្មាននរណាម្នាក់ អាចធ្វើការងារតែម្នាក់ឯងបាននោះទេ។
លោក ខៀវ កាញារីទ្ធ ក៏បានផ្ដាំផ្ញើដល់គ្រប់ផ្នែកត្រូវចងចាំថា ការងារព័ត៌មាននេះ គឺស្ថិតនៅក្នុងគ្រួសារតែមួយ ហើយចាត់ទុកថា វាមានសារៈសំខាន់ក្នុងការសហការគ្នា សាមគ្គីភាពគ្នាក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីទទួលបានការគាំទ្រ និងទទួលជោគជ័យ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


