Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប ត្រៀមខ្លួន​រួចរាល់​ដើម្បី​បង្រៀន​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ

បានផុស

នៅ

លោកស្រី ផង់ ពុ​ទ្ធី នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប នៅ​ថ្ងៃទី​២៨ ធ្នូ ២០២៣ នេះ​បាន​លើកឡើង​ថា វិទ្យាស្ថាន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការបើក​ជា​ផ្លូវការ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២៤ ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​គូស​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០២៣ មកទល់​ថ្ងៃទី​២៨ ធ្នូ ២០២៣ នេះ វិទ្យាស្ថាន​បានទទួល​យុវជន​មក​ចុះឈ្មោះ​ចូលរៀន​បាន​ចំនួន ៧៧៥​នាក់ លើ​ជំនាញ​ចំនួន ១០ មានដូចជា ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​លាយ​កំបោរ ការដំឡើង​បណ្តាញ​ទឹក ការដំឡើង និង​ថែទាំ​កាមេរ៉ា​សុវត្ថិភាព ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ សេវាកម្ម​សម្អាង​កាយ សេវាកម្ម​កាត់សក់​បុរស សេវាកម្ម​បរិក្ខារ​ត្រជាក់ និង​ការធ្វើ​ម្ហូប​។

លោកស្រី​បន្ត​ថា វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប នឹង​បើក​ថ្នាក់ដំបូង​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទៅដល់​សិស្ស​ដែលមាន​ចុះឈ្មោះ​ចូលរៀន​នៅ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០២៤ ខាងមុខ​។ វិទ្យាស្ថាន​បានរៀបចំ ទាំង​សម្ភារៈ ថ្នាក់រៀន រោង​ជាង បន្ទាប់​ពិសោធន៍ គ្រូ​បណ្តុះបណ្តាល​ដែល​ពោ​ពេញ​ទៅ​ដោយ​សម​ត្ថ​ភាព​ផងដែរ​។

គូរ​បញ្ជាក់​ផង​ដែរ​ថា ​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លងទៅ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រី​បាន​ដាក់ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទៅដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ ដែល​ការបណ្តុះបណ្តាល​នេះ​មាន​រយៈពេល​៤​ខែ សិក្សា​ដោយ​ឥតគិតថ្លៃ ដោយឡែក​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨​ម៉ឺន​រៀល រហូតដល់​រៀន​ចប់​ផងដែរ​។

ទន្ទឹមនឹងនេះ​លោកស្រី បាន​អំពាវនាវ​ទៅដល់​យុវជន​ដែល​មិនទាន់​ចុះឈ្មោះ​ចូលរៀន​ស្វែងយល់​អំពី​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ហើយ​នាំគ្នា​មក​ចុះឈ្មោះ​ចូលរៀន​ឱ្យបាន​គ្រប់ៗ​គ្នា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម