Connect with us

សេដ្ឋកិច្ច

ធនាគារ ABA សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអេទីកាពង្រីកវិសាលភាពសេវាធានារ៉ាប់រងទូទៅតាមឌីជីថល ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេសងាយស្រួលទទួល

បានផុស

នៅ

រាជធានីភ្នំពេញ — ABA ដែលជាធនាគារពាណិជ្ជធំបំផុតរបស់កម្ពុជា និងមានអតិថិជនក្នុងដៃប្រមាណ 5 លាននាក់ នាថ្ងៃនេះ បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តជាមួយ ក្រុមហ៊ុនធានារ៉ាប់រង អេទីកា (EGIC) ដែលជាសមាជិកនៃសម្ពន្ធអេទីកាអាស៊ាន ដើម្បីពង្រីកវិសាលភាពសេវាធានារ៉ាប់រងទូទៅកាន់តែទូលំទូលាយទូទាំងប្រទេស។ ដំណាក់កាលដំបូងនៃកិច្ចសហការនេះ នឹងផ្តោតលើការផ្ដល់សេវាធានារ៉ាប់រងជូនម្ចាស់អចលនទ្រព្យ ម្ចាស់យានយន្ដ និងអ្នកធ្វើដំណើរ។

កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើការរួមបញ្ចូលផ្លែតហ្វមសេវាធនាគារឌីជីថលឈានមុខក្នុង​ទីផ្សាររបស់ ABA ជាមួយនឹងជំនាញការបស់ អេទីកា ក្នុងការផ្តល់នូវសេវាធានារ៉ាប់រងទូទៅ ប្រកបដោយ​ភាពងាយស្រួល និងជាទីទុកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពជាដៃគូនេះត្រូវបានប្រកាសជាផ្លូវការ តាមរយៈពិធីចុះហត្ថលេខាក្រោមអធិបតីភាពលោកស្រី តាន់ លីនណា អគ្គនាយិការងនៃនិយតករធានារ៉ាប់រងកម្ពុជា និងមានការចូលរួមពីតំណាងជាន់ខ្ពស់មកពីធនាគារ ABA និងក្រុមហ៊ុន Etiqa។

ចាប់ផ្តើមជាមួយធានារ៉ាប់រងអគ្គិភ័យ ហើយបន្ដទៅដល់ធានារ៉ាប់រងលើយានយន្ដ និងធានារ៉ាប់រងលើការធ្វើដំណើរ

ភាពជាដៃគូនេះ ចាប់ផ្តើមដោយការដាក់ដំណើរការសេវាធានារ៉ាប់រងអគ្គិភ័យ ស្របទៅតាមការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័សរបស់កម្ពុជា និងការកើនឡើងនៃតម្រូវការសម្រាប់ការការពារទ្រព្យសម្បត្តិពេញលេញ។ ផលិតផលនេះ សម្រាប់ទាំងអតិថិជនកម្ចី និងអតិថិជនមិនមានកម្ចី តាមរយៈបណ្តាញលក់ដ៏ទូលំទូលាយរបស់ ABA ទូទាំងប្រទេស។

នៅក្នុងដំណាក់កាលបន្ទាប់ ធានារ៉ាប់រងលើយានយន្ដ និងធានារ៉ាប់រងលើការធ្វើដំណើរ នឹងដាក់បញ្ចូលទៅក្នុងកម្មវិធី ABA Mobile ស្របទៅតាមការរស់នៅដ៏សកម្មរស់រវើករបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវការការការពារលើយានជំនិះ និងការធ្វើដំណើរផ្ទាល់ខ្លួន។

ទិញតាមឌីជីថល បានធានារ៉ាប់រងភ្លាមៗ ស្នើសំណង គឺគ្រប់យ៉ាង ចុចតែតាម ABA Mobile

ចំណុចពិសេសនៃភាពជាដៃគូនេះ គឺបទពិសោធសេវាធានារ៉ាប់រងឌីជីថលទាំងស្រុងប្រកប ដោយភាពងាយស្រួល។ តាមរយៈការចេញបណ្ណសន្យារ៉ាប់រងភ្លាមៗ ផលិតផលថ្មីនេះ នឹងធានាបានថា អតិថិជនទទួលបានការការពារភ្លាមៗ ក្រោយពីធ្វើការទិញដោយជោគជ័យលើ ABA Mobile ។ តាមកម្មវិធី ABA Mobile អតិថិជនអាច

  • ទិញធានារ៉ាប់រង
  • ទទួលបានបណ្ណសន្យារ៉ាប់រងភ្លាមៗ
  • ដាក់ស្នើសំណង
  • ទទួលបានការប្រឹក្សាពីផ្នែកគាំទ្រអតិថិជន

សន្ធានកម្មនេះ ប្រើប្រាស់ប្រជាប្រិយភាពយ៉ាងទូលំទូលាយ និងកេរ្ដិ៍ឈ្មោះរឹងមាំជាទីទុកចិត្តរបស់ ABA Mobile ក្នុងនាមជាផ្លែតហ្វមធនាគារ និងសេវាទូទាត់ឌីជីថលឈានមុខរបស់កម្ពុជា ដោយផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការគ្រប់គ្រង ទាំងសេវាធនាគារ និងសេវាធានារ៉ាប់រង នៅកន្លែងតែមួយ។

លោក Zhiger Atchabarov នាយកប្រតិបត្តិរង និងជានាយកប្រតិបត្តិការនៃធនាគារ ABA មានប្រសាសន៍ថា “ជាមួយភាពជាដៃគូនេះ ធនាគារ ABA កំពុងបោះជំហានដ៏សំខាន់ឆ្ពោះទៅកាន់វឌ្ឍនភាពថ្មីក្នុងការប្រែក្លាយជាអេកូស៊ីស្ទែមហិរញ្ញវត្ថុមានសន្ធានកម្មពេញលេញ។ សេវាធានារ៉ាប់រងទូទៅគឺជាធាតុផ្សំដ៏សំខាន់ដែលបំពេញបន្ថែមដល់សេវាធនាគារប្រចាំថ្ងៃ”។

តាមរយៈកិច្ចសហការរួមគ្នាជាមួយក្រុមហ៊ុន អេទីកា យើងនឹងធ្វើឲ្យសេវាធានារ៉ាប់រងកាន់តែទូលំទូលាយ ដែលអតិថិជនងាយស្រួលទទួលបាន ហើយមានប្រយោជន៍ជាក់ស្ដែងសម្រាប់ពួកគាត់ – ដោយដាក់បញ្ចូលសេវាធានារ៉ាប់រងនេះដោយផ្ទាល់ទៅក្នុង ABA Mobile ជាអេបដែលអតិថិជនកំពុងប្រើប្រាស់សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគាត់ស្រាប់។ វត្តមានសេវាធានារ៉ាប់រង ក្នុង ABA Mobile មិនត្រឹមតែអាចឲ្យយើងខ្ញុំផ្ដល់សេវាធនាគារប៉ុណ្ណោះទេ ប៉ុន្ដែជាការផ្ដល់នូវការការពារហិរញ្ញវត្ថុយ៉ាងពេញលេញ នៅកន្លែងតែមួយ ជាមួយបទពិសោធដ៏រលូនស្រួល”។

អ្នកស្រី Rozan Asmath អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រង អេទីកា មានប្រសាសន៍ “ក្រុមហ៊ុនធានារ៉ាប់រង អេទីកា មានសេចក្ដីរីករាយយ៉ាងក្រៃលែង ដែលបានបង្កើតភាពជាដៃគូយុទ្ធសាស្ដ្រជាមួយធនាគារ ABA ដើម្បីសម្រួលដល់ការទទួលបានធានារ៉ាប់រងទូទៅតាមបណ្ដាសាខា ABA និងនៅក្នុងកម្មវិធីធនាគារលើទូរស័ព្ទដៃ ABA Mobile។ ការដាក់បញ្ចូលផលិតផល និងសេវាធានារ៉ាប់រងទូទៅរបស់ អេទីកា ទៅក្នុង ABA Mobile ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមរបស់ស្ថាប័នទាំងពីរ សំដៅផ្ដល់នូវដំណោះស្រាយគាំពារនានាយ៉ាងរលូនស្រួល និងសាមញ្ញ ដែលអាចឲ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ប្រកបដោយទំនុក”។

ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុន អេទីកា ដែលជាស្ថាប័នផ្តល់សេវាធានារ៉ាប់រងនៅតំបន់អាស៊ាន ក្រោមសម្ពន្ធមេយប៊ែង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា ផ្តល់ជូននូវដំណោះស្រាយការពារដ៏ទូលំទូលាយសម្រាប់បុគ្គល និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។ ភាពជាដៃគូជាមួយធនាគារ ABA នេះ គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើន ដែលមានគោលបំណងពង្រីកវត្តមានរបស់យើង និងជំរុញផលិតផលនវានុវត្ត ដើម្បីគាំទ្រដល់ទិដ្ឋភាពសេវាធានារ៉ាប់រងរបស់ប្រទេសកម្ពុជាដែលបន្ដរីកចម្រើនទៅមុខជាលំដាប់។

ការបង្កើនវិសាលភាព និងលទ្ធភាពទទួលបានសេវាធានារ៉ាប់រងរបស់កម្ពុជា

ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង អេទីកា បង្ហាញនូវការប្តេជ្ញាចិត្តរួម ចំពោះការពង្រឹងភាពធន់នៃហិរញ្ញវត្ថុ និងការពង្រីកលទ្ធភាពទទួលបានសេវាធានារ៉ាប់រងជាទីទុកចិត្ត និងមានគុណភាពខ្ពស់។ កិច្ចសហការរបស់ក្រុមហ៊ុនទាំងពីរ បានកំណត់នូវស្ដង់ដារថ្មីមួយសម្រាប់ភាពងាយស្រួល លទ្ធភាពចូលប្រើសេវាឌីជីថល និងបទពិសោធរបស់អតិថិជននៅក្នុងទិដ្ឋភាពវិស័យធានារ៉ាប់រងទូទៅរបស់កម្ពុជា។

អំពី ABA
ABA គឺជាធនាគារពាណិជ្ជធំបំផុតរបស់កម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ ប្រាក់កម្ចី និងប្រាក់ចំណេញ យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2025។
ធនាគារ ABA មាន 106 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 45 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,900 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប អនុញ្ញាតឲ្យអតិថិជនជាង 6 លាននាក់ ប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ អតិថិជនរបស់ធនាគារ រួមមានសាជីវកម្ម សហគ្រាសធុនតូច និងមធ្យម អាជីវកម្មមីក្រូ និងរូបវន្ដបុគ្គល។

អំពីក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា (កម្ពុជា)

ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ អេទីកា (កម្ពុជា) គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង ដែលផ្តល់នូវដំណោះស្រាយក្នុងការការពារយ៉ាងទូលំទូលាយ ជាលក្ខណៈបុគ្គល និងអាជីវកម្មទូទាំងប្រទេសកម្ពុជា។ ជាផ្នែកមួយនៃបណ្តាញក្រុមហ៊ុន Etiqa ក្រោមសម្ព័ន្ធ Maybank Group ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនផ្តោតលើការផ្តល់សេវាដែលយកអតិថិជនជាស្នូល ដោយផ្តល់នូវសេវាធានារ៉ាប់រងដែលមានភាពរហ័ស ងាយស្រួល និងគួរឱ្យទុកចិត្ត ព្រមទាំងគាំទ្រដោយបទពិសោធន៍អតិថិជនដ៏ល្អប្រសើរ។

ផលិតផលរបស់ក្រុមហ៊ុនរួមមាន ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងការធ្វើដំណើរ ធានារ៉ាប់រងគេហដ្ឋាន ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងអគ្គិភ័យ និងធានារ៉ាប់រងផ្សេងៗជាច្រើនទៀត ដែលត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចម្រុះ និងភាពបត់បែនរបស់អតិថិជន។

ដោយមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ អេទីកា (កម្ពុជា) បន្តពង្រីកវត្តមាន និងអភិវឌ្ឍន៍នវានុវត្តន៍ផលិតផល ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យធានារ៉ាប់រងនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម