ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និង រវ៉ាន់ដា ចាប់ដៃគ្នាអភិវឌ្ឍនុយក្លេអ៊ែរខ្នាតតូច SMR ឆ្ពោះទៅរកថាមពលស្អាតត្រឹមឆ្នាំ២០៣០
ប្រទេសរុស្ស៊ី និងរវ៉ាន់ដា (Rwanda) បានចុះហត្ថលេខាលើផែនទីចង្អុលផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ដើម្បីអភិវឌ្ឍគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ ដោយប្រើប្រាស់ម៉ាស៊ីនប្រតិកម្មខ្នាតតូច (SMR) ។ នេះបើយោងតាមព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom កាលកាលពីថ្ងៃទី ១ ខែកក្កដា។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា បន្ទាប់ពីអគ្គនាយកក្រុមហ៊ុន Rosatom លោក Alexey Likhachev បានបង្ហើបឲ្យដឹងកាលពីខែឧសភាថា ទីក្រុងមូស្គូ និងទីក្រុងគីហ្គាលី (Kigali) បានឈានដល់ការយល់ព្រមគ្នា លើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ។ ឯកសារនេះត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការសម្របសម្រួលចម្រុះរុស្ស៊ី-រវ៉ាន់ដា ស្តីពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ។
ភាគីទាំងពីរ បានពិភាក្សាអំពី គម្រោងថាមពលនុយក្លេអ៊ែរដែលបានគ្រោងទុក ផែនការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅក្នុងប្រទេសរវ៉ាន់ដា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ប្រទេស ការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រង និងការផ្តល់អាជ្ញាប័ណ្ណ។
បើតាមលោកបណ្ឌិត Lassina Zerbo ទីប្រឹក្សាផ្នែកថាមពលរបស់ប្រធានាធិបតីរវ៉ាន់ដា និងជាប្រធានគណៈកម្មការថាមពលអាតូមិករវ៉ាន់ដា បានឲ្យដឹងថា ប្រទេសនេះមានគោលដៅបញ្ចូលថាមពលនុយក្លេអ៊ែរ ទៅក្នុងរចនាសម្ព័ន្ធប្រភពថាមពល ចាប់ពីដើមទសវត្សរ៍ឆ្នាំ២០៣០ ដើម្បីឆ្លើយតបនឹងតម្រូវការអគ្គិសនីដែលកំពុងកើនឡើង។
លោក Kirill Komarov អនុប្រធាននាយកប្រតិបត្តិទីមួយនៃក្រុមហ៊ុន Rosatom បានថ្លែងថា «យើងកំពុងផ្លាស់ប្តូរពីកិច្ចព្រមព្រៀងក្របខ័ណ្ឌ ទៅជាការអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការជាក់ស្តែង ចាប់ពីការបណ្តុះបណ្តាលធនធានមនុស្សជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ រហូតដល់គម្រោងវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងម៉ាស៊ីនប្រតិកម្មខ្នាតតូច។ រវ៉ាន់ដា កំពុងបង្កើតកម្មវិធីនុយក្លេអ៊ែរប្រកបដោយប្រព័ន្ធ និងការទទួលខុសត្រូវ ហើយ Rosatom បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាដៃគូដ៏គួរឲ្យទុកចិត្តរបស់ប្រទេសនេះនៅគ្រប់ដំណាក់កាលទាំងអស់»។
នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០២៥ លោក Zerbo បានលើកឡើងថា ម៉ាស៊ីនប្រតិកម្មខ្នាតតូច (SMR) អាចជាជម្រើសដែលមានតម្លៃធូរថ្លៃជាង បើធៀបនឹងរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតធំបែបប្រពៃណី។ លោកបានពិពណ៌នាថា វាជាដំណោះស្រាយបែប «ដោតភ្លើងភ្លាមប្រើបានភ្លាម» ដែលអាចភ្ជាប់ទៅនឹងប្រព័ន្ធបណ្តាញអគ្គិសនីដែលមានស្រាប់ ដែលជួយចៀសវាងការចំណាយលើការធ្វើបច្ចុប្បន្នភាពហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីខ្នាតធំ ក៏ដូចជាកាត់បន្ថយការចំណាយលើការធ្វើទំនើបកម្មបណ្តាញអគ្គិសនីយ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Rosatom បាននិងកំពុងពង្រីកវត្តមានរបស់ខ្លួនយ៉ាងសកម្មនៅក្នុងតំបន់អាហ្វ្រិក រួមទាំងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ El Dabaa នៅក្នុងប្រទេសអេហ្ស៊ីប ដែលជាគម្រោងនុយក្លេអ៊ែរខ្នាតធំដំបូងគេបង្អស់នៅលើទ្វីបមួយនេះ។
គួរបញ្ចាក់ដែរថា រុស្ស៊ី និងរវ៉ាន់ដា បានចាប់ផ្តើមអភិវឌ្ឍកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ស្តីពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិវិធី កាលពីឆ្នាំ២០១៨។ មួយឆ្នាំក្រោយមក ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាដំឡើងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅរវ៉ាន់ដា ដែលគម្រោងនេះរំពឹងថានឹងរួមបញ្ចូលម៉ាស៊ីនប្រតិកម្មស្រាវជ្រាវកម្លាំង ១០ មេហ្គាវ៉ាត់ (MW) និងបណ្តាញមន្ទីរពិសោធន៍ផ្សេងៗ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


