Connect with us

អត្ថាធិប្បាយ

បទវិភាគ៖ នៅពេលភាពក្លែងក្លាយ ក្លាយជារឿងធម្មតា តើសង្គមយើងនឹងទៅជាយ៉ាងណា?

បានផុស

នៅ

សង្គមមួយគ្រោះថ្នាក់បំផុត មិនមែនត្រឹមតែពេលមានភាពក្រីក្រ អវិជ្ជា ឬអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែ ពេល«ភាពក្លែងក្លាយ» បានក្លាយទៅជារឿងធម្មតា។ ភាពក្លែងក្លាយមិនមែនគ្រាន់តែជាការកុហកតូចតាចទេ ប៉ុន្តែ ជាជំងឺសង្គមដែលធ្វើឱ្យសម្បកធំជាងខ្លឹមសារ រូបភាពសិប្បនិម្មិតធំជាងសេចក្តីពិត ការសម្តែងធំជាងមនសិការ និងការបោកប្រាស់ធំជាងសុចរិតភាព។ សង្គមក្លែងក្លាយ គឺជាសង្គមដែលមនុស្សមិនខំធ្វើឱ្យពិតទេ ប៉ុន្តែ ខំធ្វើឱ្យគេជឿថាពិត។ នៅពេលភាពក្លែងក្លាយក្លាយជាទៅជារឿងធម្មតាក្នុងសង្គម អ្នកប្រកាន់ជំហរដាច់ខាតលើការពិតត្រូវបានគេចម្អកថា ជាមនុស្សឆោតល្ងង់ ហើយអ្នកបោកប្រាស់ត្រូវបានគេចាត់ទុកថា ជាមមនុស្សឆ្លាត។ ភាពក្លែងក្លាយក្នុងសង្គមយើងថ្ងៃនេះ មិនមែនជាលទ្ធផលនៃថ្ងៃម្សិលមិញនោះទេ ប៉ុន្តែ ជាការភាពព្រងើយកន្តើយរបស់សង្គមយើងចំពោះភាពក្លែងក្លាយរាប់ទសវត្សរ៍មកហើយ។ យើងហាក់ដូចជាកំពុងភ្ញាក់ពីដំណេកចំពោះភាពក្លែងក្លាយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពក្លែងក្លាយដែលប៉ះពាល់ជីវិតប្រជាពលរដ្ឋផ្ទាល់បំផុត គឺភាពក្លែងក្លាយក្នុងទីផ្សារ។ ទំនិញក្លែងក្លាយ អាហារក្លែងក្លាយ ឱសថក្លែងក្លាយ ផលិតផលសុខភាពក្លែងក្លាយ គ្រឿងសម្អាងក្លែងក្លាយ និងសេវាកម្មក្លែងក្លាយ កំពុងបំផ្លាញទាំងសុខភាព ទាំងទំនុកចិត្តរបស់អ្នកប្រើប្រាស់។ ចាប់ពីទុរេន ត្រីសាលម៉ុង ឡេលាបខ្លួន រហូតដល់ថ្នាំព្យាបាលជំងឺ ភាពក្លែងក្លាយកំពុងលូតលាស់ដូចជាមេរោគក្នុងទីផ្សារ។ អ្នកលក់ទំនិញក្លែងក្លាយ មិនមែនគ្រាន់តែបោកអតិថិជនទេ ប៉ុន្តែ កំពុងលេងសើចលើជីវិតមនុស្ស។ អ្វីដែលកាន់តែគ្រោះថ្នាក់ថែមទៀតនោះ គឺការផ្សព្វផ្សាយក្លែងក្លាយ ដែលបំភាន់ឱ្យមនុស្សជឿថា របស់ក្លែងក្លាយទាំងនោះ ជារបស់ពិត។

ភាពក្លែងក្លាយក្នុងវិស័យអប់រំ គឺគ្រោះថ្នាក់ជាងនេះទៅទៀត ព្រោះវាបំផ្លាញអនាគតជាតិ។ សញ្ញាបត្រក្លែងក្លាយ អ្នករៀនក្លែងក្លាយ អ្នកមានឈ្មោះរៀន ប៉ុន្តែមិនរៀនពិត អ្នកមានងារខ្ពស់ ប៉ុន្តែ ខ្វះសមត្ថភាពពិត និងស្ថាប័នអប់រំខ្លះដែលលក់សញ្ញាបត្រជាងបណ្តុះចំណេះដឹង កំពុងធ្វើឱ្យសង្គមសម្បូរមនុស្សមានក្រដាស សញ្ញាបត្រ តែខ្វះសមត្ថភាពពិត។ អ្នកខ្លះទៅទិញសញ្ញាបត្រក្លែងក្លាយពីជនបរទេសមកសម្ញែង។ ការអប់រំក្លែងក្លាយមិនបានបង្កើតធនធានមនុស្សទេ ប៉ុន្តែ បង្កើតមនុស្សខ្វះខ្លឹមសារ ដែលអាចបំផ្លាញស្ថាប័ននៅថ្ងៃក្រោយ។ ពេលមនុស្សរៀនក្លែងក្លាយក្លាយជាមន្ត្រី គេបង្កើតរដ្ឋបាលក្លែងក្លាយ។ ពេលក្លាយជាអ្នកជំនាញ គេបង្កើតគ្រោះថ្នាក់ក្នុងជំនាញ។ ពេលក្លាយជាអ្នកដឹកនាំ គេបង្កើតការដឹកនាំគ្មានខ្លឹមសារ។ ពាក់ព័ន្ធនឹងសញ្ញាបត្រក្លែងក្លាយ អ្វីដែលគួរឱ្យសោកស្តាយ និងតក់ស្លុតទៀតនោះ មានអ្នកមានយសសក្ដិ និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមខ្លះ បង្ហាញការគាំទ្រ និងការអាណិតអាសូរអ្នកក្លែងសញ្ញាបត្រ និងប្រើសញ្ញាបត្រក្លែងទៀតផង។

ភាពក្លែងក្លាយក៏កំពុងពាក់អាវសប្បុរសធម៌ និងបង់ស្បង់ចីវរសាសនាផងដែរ។ សប្បុរសធម៌ក្លែងក្លាយ គឺការយកទុក្ខវេទនារបស់អ្នកក្រ ជំងឺរបស់អ្នកដទៃ គ្រោះមហន្តរាយ និងទឹកភ្នែកប្រជាពលរដ្ឋ មកធ្វើអាជីកម្ម ធ្វើជាដើមទុនប្រជាប្រិយភាព លាងសម្អាតរូបភាពអាក្រក់ និងជំនួញទុច្ចរិតរបស់ខ្លួន ឬកេងចំណេញនយោបាយ។ មនុស្សខ្លះមិនមែនជួយដើម្បីជួយទេ ប៉ុន្តែ ជួយដើម្បីឱ្យគេឃើញថាជួយ។ រីឯ គ្រូបារមីក្លែងក្លាយ និងបព្វជិតក្លែងក្លាយមួយចំនួន ក៏ប្រើជំនឿ ស្បង់ចីវរ វត្តអារាម និងឱវាទសាសនា ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ កើបយកប្រយោជន៍ និងគ្រប់គ្រងចិត្តមនុស្សខ្សោយ។ នៅពេលសប្បុរសធម៌ក្លាយជាការសម្តែង និងសាសនាក្លាយជាអាជីវកម្ម សង្គមនឹងបាត់បង់មូលដ្ឋានសីលធម៌ដ៏សំខាន់បំផុតរបស់ខ្លួន។

ក្នុងវិស័យនយោបាយ និងរដ្ឋបាល ភាពក្លែងក្លាយរឹតតែគ្រោះថ្នាក់ ព្រោះវាប៉ះពាល់ដល់ប្រយោជន៍ជាតិទាំងមូល។ អ្នកនយោបាយខ្លះប្រើវោហារសព្ទស្នេហាជាតិក្លែងក្លាយ ដើម្បីរកសន្លឹកឆ្នោត ខណៈសកម្មភាពពិតបែរជាបំបែកបំបាក់សង្គម យកបញ្ហាជាតិធ្វើជាដើមទុននយោបាយ និងលក់សេចក្តីសង្ឃឹមក្លែងក្លាយដល់ប្រជាពលរដ្ឋ។ មន្ត្រីខ្លះនិយាយថាបម្រើរាស្ត្រ ប៉ុន្តែ បង្កើតឧបសគ្គដើម្បីរកប្រាក់ក្រៅផ្លូវការ។ ខ្លះនិយាយពីកំណែទម្រង់ ប៉ុន្តែ រស់នៅលើប្រព័ន្ធចាស់។ ខ្លះនិយាយពីនីតិរដ្ឋ ប៉ុន្តែអាងខ្នង គេចច្បាប់។ ភាពក្លែងក្លាយបែបនេះ ធ្វើឱ្យវោហាសព្ទដ៏សែនពីរោះ ដូចជា ជាតិ ទឹកដី ប្រជារាស្ត្រ កំណែទម្រង់ និងនីតិរដ្ឋ ក្លាយជាសំបកនយោបាយដែលគ្មានខ្លឹមសារបន្តិចណាសោះ។

ភាពក្លែងក្លាយក៏ចូលជ្រៀតក្នុងប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម និងទំនាក់ទំនងមនុស្សប្រចាំថ្ងៃផងដែរ។ មានព័ត៌មានក្លែងក្លាយ ជីវិតក្លែងក្លាយ ភាពល្បីល្បាញក្លែងក្លាយ មិត្តភាពក្លែងក្លាយ សេចក្តីស្រឡាញ់ក្លែងក្លាយ និងភាពជោគជ័យក្លែងក្លាយ។ មនុស្សមួយចំនួនរស់ដើម្បីឱ្យគេមើល មិនមែនរស់ដើម្បីមានន័យទេ។ អ្នកខ្លះបង្ហាញភាពសុខស្រួលលើបណ្តាញសង្គម ប៉ុន្តែ ខាងក្នុងពោរពេញដោយវិបត្តិ។ អ្នកខ្លះសរសេរពាក្យធម៌ ប៉ុន្តែ រស់ដោយចិត្តអាក្រក់។ អ្នកខ្លះនិយាយពីសេចក្តីស្មោះត្រង់ ប៉ុន្តែ ប្រើល្បិចកិច្ចកលជាប្រចាំ។ អ្នកខ្លះមាត់និយាយស្អាតស្អំស្នេហាជាតិ តែដៃវេចខ្ចប់កេងប្រវញ្ចធនធានជាតិដោយឥតកោតក្រែង និងអៀនខ្មាស។ នៅពេលចិត្តមនុស្សក្លែងក្លាយ សង្គមមិនត្រឹមតែបាត់បង់ទំនុកចិត្តគ្នាទេ ប៉ុន្តែ បាត់បង់ភាពជាមនុស្សពិតប្រាកដផងដែរ។

ដំណោះស្រាយសម្រាប់សង្គមក្លែងក្លាយ ត្រូវតែម៉ឺងម៉ាត់ មុតស្រួច និងអនុវត្តដោយគ្មានការលើកលែង។ សង្គមមិនអាចបន្តអត់ឱនឱ្យបុគ្គល ឬបណ្តាញណាមួយបង្កើតភាពក្លែងក្លាយ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ បំផ្លាញសុខភាព បំផ្លាញគុណភាពអប់រំ បំពុលជំនឿសាសនា បំផ្លាញអនាគតយុវជន ឬបំផ្លាញទំនុកចិត្តសង្គមបានទៀតឡើយ។ អ្នកផលិត អ្នកនាំចូល អ្នកចែកចាយ អ្នកផ្សព្វផ្សាយ អ្នកការពារ និងអ្នកទទួលផលពីភាពក្លែងក្លាយ ត្រូវតែទទួលខុសត្រូវទាំងអស់។ ប្រសិនបើអំពើក្លែងក្លាយនោះបង្កព្យសនកម្មដល់សង្គម ប៉ះពាល់ដល់ជីវិត សុខភាព ទ្រព្យសម្បត្តិ សីលធម៌សាធារណៈ ឬអនាគតជាតិ ត្រូវតែផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដាក់ពន្ធនាគារ និងរឹបអូសទ្រព្យសម្បត្តិដែលបានមកពីអំពើខុសនោះ ដោយគ្មានការយោគយល់ គ្មានការសម្របសម្រួល និងគ្មានការលើកលែង។ ការដាក់ទណ្ឌកម្មបែបនេះមិនមែនជាការសងសឹកទេ ប៉ុន្តែ ជាការការពារសង្គម ការការពារសេចក្តីពិត និងការកាត់ផ្តាច់ឫសគល់នៃភាពក្លែងក្លាយ។

ជាចុងក្រោយ សង្គមក្លែងក្លាយមិនអាចព្យាបាលដោយពាក្យអប់រំ សេចក្តីអំពាវនាវ ឬការណែនាំទន់ជ្រាយបានទេ។ វាត្រូវការការប្រឈមមុខនឹងការពិត ការអនុវត្តច្បាប់ពិតប្រាកដ និងឆន្ទៈដ៏រឹងមាំក្នុងការបោសសម្អាតអ្នកដែលរស់នៅលើការបោកប្រាស់អ្នកដទៃ។ អ្នកណាបង្កើតទំនិញក្លែងក្លាយ អ្នកណាលក់ ឬប្រើសញ្ញាបត្រក្លែងក្លាយ អ្នកណាប្រើសាសនាក្លែងក្លាយ អ្នកណាយកសប្បុរសធម៌ក្លែងក្លាយធ្វើជាខែល និងអ្នកណាប្រើវោហារសព្ទស្នេហាជាតិក្លែងក្លាយ ដើម្បីបំភាន់មហាជន អ្នកនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ និងចំពោះមុខប្រវត្តិសាស្ត្រ។ ព្រោះរាល់ភាពក្លែងក្លាយដែលមិនត្រូវបានផ្តន្ទាទោស នឹងបង្កើតភាពក្លែងក្លាយថ្មីៗបន្តទៀត ហើយរាល់ភាពក្លែងក្លាយដែលត្រូវបានអបអរសាទរ នឹងសម្លាប់សេចក្តីពិតបន្តិចម្តងៗ រហូតដល់សង្គមលែងអាចបែងចែករវាងរបស់ពិត និងរបស់ក្លែងក្លាយបានទៀត។

តើសង្គមយើងនៅបន្តភាពក្លែងក្លាយបែបនេះដល់ណាទៀត? បើយើងនៅតែគ្មានវិធានការជាក់ស្តែងនៅថ្ងៃនេះ ថ្ងៃស្អែកភាពក្លែងក្លាយនឹងរីករាលដាលរាប់រយរាប់ពាន់ដង ហើយសង្គមយើងនឹងត្រូវបានហ៊ុំព័ទ្ធដោយភាពក្លែងក្លាយគ្រប់ទីកន្លែង គ្រប់វិស័យ និងគ្រប់ស្រទាប់ជាក់ជាមិនខាន៕

ដោយ៖ បណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម