Connect with us

ព័ត៌មានជាតិ

ផ្កាអង្គាសីលរីកមុនរដូវ អ្នកដឹកយកមកលក់បង្ខំចិត្តរើចោលមុនថ្ងៃបុណ្យចូលឆ្នាំចិន

បានផុស

នៅ

ដើមផ្កាអង្គាសីលដែលប្រជាពលរដ្ឋឡើងភ្នំកាប់យកមកលក់ដើម្បីតម្រូវការក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះត្រូវបានចេញផ្ការីកស្គុះស្គាយមុនរដូវស្ទើរតែពាក់កណ្ដាលធ្វើឲ្យអ្នកលក់ថ្ងួចថ្ងូរអំពីការខាតបង់ និងត្រូវរើយករបស់​ចោល។

ស្ត្រីវ័យជាង៤០ឆ្នាំម្នាក់បាននិយាយថា ឆ្នាំនេះអ្នករកស៊ីកាប់ដើមផ្កាអង្គាសីលមកលក់ឃើញថា បាត់មុខអស់មួយចំនួនធំដោយសារតែមុខរបរនេះលែងសូវកាក់កបបើទោះបីជាឆ្នាំនេះមិនមានស្ថាប័នណាមកទារលុយតាមផ្លូវយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីរូបនេះបានបន្តថា ពួកគាត់រស់នៅក្នុងខេត្តពោធិ៍សាត់ដោយជិតដល់រដូវចូលឆ្នាំចិន គឺពួកគាត់នាំគ្នាធ្វើដំណើរឡើងទៅលើភ្នំដើម្បីរកកាប់មែកផ្កាអង្គាសីលដឹកយកមកលក់នៅខេត្តបាត់ដំបងដូចសព្វមួយដង និងត្រូវដើររកឆ្ងាយៗផងដែរដូចជាឡើងទៅលើភ្នំក្រពើពីរ និងភ្នំពពកវិល ជាដើមទើបមានដើមផ្កាទាំងនេះ។

គាត់បានសង្កត់ធ្ងន់ថា នៅឆ្នាំនេះមិនដូចឆ្នាំមុនៗនោះឡើយ គឺគ្មានមេព្រៃ ឬមន្ត្រីពាក់ព័ន្ធណាមួយមកស្ទាក់ទារលុយកាក់នោះទេ ដោយគ្រាន់តែគេហាមប្រាមមិនឲ្យកាប់ដើមផ្កាអង្គាសីលតែប៉ុណ្ណោះ គឺឲ្យកាប់តែមែកផ្កាដើម្បីទុកឲ្យវាលូតលាស់តទៅទៀត។ ហើយពួកគាត់ត្រូវម៉ៅរថយន្តគេឲ្យដឹកមកដល់ខេត្តបាត់ដំបងក្នុងតម្លៃ ៦០ ម៉ឺនរៀល ប៉ុន្តែពេលមកដល់គោលដៅមិនបានប៉ុន្មានថ្ងៃផងស្រាប់តែដើមផ្កាជាច្រើនដើមបានបែកផ្ការីកស្គុះស្គាយធ្វើឲ្យពួកគាត់ខាតបង់ជាច្រើន ព្រោះផ្ការីកមុនថ្ងៃចូលឆ្នាំចិន ដូច្នេះមិនមានអ្នកណាគេទិញឡើយ។ ម្យ៉ាងទៀតបច្ចុប្បន្នមានការនាំចូលដើមផ្កាអង្គាសីលដែលគេដាំក្នុងថូមកពីប្រទេសជិតខាងជាច្រើនផងដែរទើបធ្វើឲ្យមុខរបរនេះមិនសូវកាក់កបដូចមុនឡើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គាត់នៅតែប្រឹងបន្តលក់មែកផ្កាអង្គាសីលដែលនៅសេសសល់ដើម្បីយកប្រាក់ត្រឡប់ទៅស្រុកវិញ៕

អត្ថបទ៖ សោនិយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម