កីឡា
ធ្វើការសំណង់ច្រើនឆ្នាំ ពេជ្រ ប៊ុនសិទ្ធ មកចាប់អាជីពប្រដាល់ដ៏ជោគជ័យ
ដំរីយោលដៃ ព្រេជ ប៊ុនសិទ្ធ កំពុងទទួលបានការគាំទ្រខ្លាំងតាមរយៈសមត្ថភាពដើរចូលវ៉ៃបុក និងទើបតែឈ្នះខ្សែក្រវាត់ទី៣ក្នុងអាជីព ប៉ុន្តែកាលពីក្មេងរូបគេបានដើរធ្វើការងាររកលុយពីកន្លែងមួយទៅកន្លែងមួយមុនពេលចាប់អាជីពប្រដាល់។

កើតក្នុងគ្រួសារមានជីវភាពខ្វះខាត ពេជ្រ ប៊ុនសិទ្ធ ស្ទើរតែមិនជឿថា ជីវិតរបស់ខ្លួនមានភាពល្អប្រសើរដូចបច្ចុប្បន្ន។ កីឡាករបានរៀបរាប់ថា រូបគេធ្លាប់ដើរធ្វើការឲ្យគេពីកន្លែងមួយទៅកន្លែងមួយទាំងនៅក្នុងខេត្តបាត់ដំបង និងខេត្តផ្សេងៗដូចជាធ្វើសំណង់ជាដើមដើម្បីបានប្រាក់ផ្គត់ផ្គង់ក្នុងគ្រួសារ។ ដោយមានចិត្តស្រឡាញ់កីឡាប្រដាល់គុនខ្មែរ រូបគេបានចាប់ហ្វឹកហាត់ជាមួយកីឡាករ កែវ រំចង់ កាលពីឆ្នាំ២០១៦ជាពេលរូបគេធំពេញវ័យ។
ពេជ្រ ប៊ុនសិទ្ធ បានប្រាប់«កម្ពុជាថ្មី»ថា ៖«ពីមុនខ្ញុំដើរធ្វើការឲ្យគេ ធ្វើការសំណង់ ធ្វើជាងពិដាន ព្រោះឪពុកម្ដាយក្រ សូម្បីដីធ្វើស្រែក៏អត់មាន។ ពេលធ្វើសំណង់ ខ្ញុំស្រឡាញ់ប្រដាល់ ប៉ុន្តែអត់ស្គាល់គេទេ។ ថ្ងៃមួយបានទៅសុំបង កែវ រំចង់។ ពេលនោះសុំឲ្យគេជូនទៅហាត់នៅផ្ទះគាត់ ហើយក៏ចាប់ផ្តើមហាត់ពីពេលនោះមក»។

ការចូលហ្វឹកហាត់របស់កីឡាករ ពេជ្រ ប៊ុនសិទ្ធ មិនទទួលបានការគាំទ្រពេញលេញពីក្រុមគ្រួសារទេ។ បន្ទាប់ពីបានហ្វឹកហាត់មួយរយៈពេលមក រូបគេបានចេញប្រកួតដំបូង និងទទួលបានប្រាក់ប្រមាណ១៥ម៉ឺនរៀល ហើយមានរបួសបែកថែមទៀត ជាហេតុធ្វើឲ្យអ្នកមានគុណស្ដីបន្ទោស។ ពួកគាត់តែងតែប្រាប់ខ្លួនឲ្យឈប់ពីប្រដាល់ ប៉ុន្តែរូបគេនៅតែតស៊ូនឹងអាជីពឈឺខ្លួន។
ពេជ្រ ប៊ុនសិទ្ធ បានប្រាប់ថា ៖«ការប្រកួតលើកដំបូង ខ្ញុំប្រកួតចាញ់ហើយបែកទៀត។ ពេលនោះបានលុយ១៥ម៉ឺនរៀលគ្រាន់តែចាយវាយហូបចុកហើយជិះឡានទៅស្រុកវិញអស់លុយបាត់។ បើម្ដាយខ្ញុំវិញ គាត់ស្ដីបន្ទោសរហូត ព្រោះវ៉ៃបានលុយតិច ពេលនោះគាត់អត់គាំទ្រខ្ញុំទេ»។

សព្វថ្ងៃ ពេជ្រ ប៊ុនសិទ្ធ មានជីវភាពសមរម្យ ក្រោយពីការតស៊ូក្នុងវិស័យប្រដាល់ជាច្រើនឆ្នាំ។ បច្ចុប្បន្នរូបគេកំពុងគ្រងខ្សែក្រវាត់៣គ្រឿងគឺខ្សែក្រវាត់ខារ៉ាបាវកាលពីឆ្នាំ២០២៣មានប្រាក់រង្វាន់៦ពាន់ដុល្លារ, ខ្សែក្រវាត់គុនខ្មែរអលស្ដារកាលពីឆ្នាំ២០២៣ និងខ្សែក្រវាត់សហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅឆ្នាំ២០២៤មានប្រាក់រង្វាន់៥ពាន់ដុល្លារ។ រូបគេបានឡើងប្រកួតញឹកញាប់ស្ទើរគ្មានខែណាមួយដែលមិនប្រកួតទេ។
ពេជ្រ ប៊ុនសិទ្ធ បានបន្ថែមថា អាជីពប្រដាល់ជួយបានច្រើន បូករួមទាំងការចេះសន្សំសំចៃផងនោះបានផ្តល់ឲ្យគ្រួសារមានជីវភាពល្អប្រសើរជាងមុន។ អនាគតរូបគេមានគម្រោងបើកអាជីវកម្មផ្ទាល់ខ្លួនលក្ខណៈគ្រួសារមុនពេលអាជីពប្រដាល់វ៉ៃលែងកើត៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


