ព័ត៌មានជាតិ
លោក សាយ សំអាល់៖ ខេត្តកំពតកំពុងប្រែក្លាយជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញទី២របស់កម្ពុជា បន្ទាប់ពីខេត្តសៀមរាប
កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា បច្ចុប្បន្នខេត្តកំពត បាននិងកំពុងអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាព៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន ធ្វើឲ្យខេត្តនេះមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយក្នុងនោះកំពតកំពុងក្លាយជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញទី២របស់កម្ពុជា។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តកំពត នៅសាលាខេត្តកំពត លោក សាយ សំអាល់ បានលើកឡើងថា រយៈពេលចុងក្រោយនេះ លោកបានកត់សម្គាល់ឃើញថា នៅក្នុងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា ខេត្តកំពតបាននិងកំពុងប្រែក្លាយខ្លួនជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញ និងមានប្រជាប្រិយលំដាប់ទី២ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីខេត្តសៀមរាប។
ដោយឡែកចំពោះការងាររៀបចំដែន និងសំណង់លោកយល់ឃើញថា ត្រូវរៀបចំដោយប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ចតាមតំបន់នីមួយៗ ក្នុងនោះការរៀបចំទីប្រជុំជន និងទីក្រុងក្នុងខេត្តកំពត អាជ្ញាធរ ត្រូវបន្តសហការជាមួយវិស័យឯកជន ដើម្បីចូលរួមថែរក្សាសោភ័ណភាព និងកែលម្អបង្កើនសោភ័ណភាពក្រុង ឱ្យកាន់តែមានភាពទាក់ទាញ និងសំបូរបែបបន្ថែមទៀត ដោយផ្តល់នូវការសម្រាកលំហែប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។

លើសពីនេះ លោកក៏បានជំរុញដល់អាជ្ញាធរ និងអ្នកវិនិយោគ ស្វែងរកលទ្ធភាពក្នុងការអភិវឌ្ឍន៍បុរីជនបទ នៅតាមបណ្តាស្រុក និងឃុំនានា និងត្រូវពិនិត្យមើលលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាទឹក អគ្គិសនី សាលារៀន មណ្ឌលសុខភាពជាដើម ឱ្យបានទៅដល់គ្រប់ទីប្រជុំជនក្នុងខេត្តនេះដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅ និងការធ្វើអាជីវកម្ម ប្រកបមុខរបរផ្សេងៗសម្រាប់បង្កើនជីវភាពគ្រួសារ។

ក្នុងឱកាសនោះ លោក សាយ សំអាល់ ក៏បានប្រគល់សម្ភារបរិក្ខារជូនដល់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីរួមមាន កុំព្យូទ័រLaptop ១២គ្រឿង រួមជាមួយសម្ភារបំពាក់ ម៉ាស៊ីនព្រីនធ័រ ១២គ្រឿង និងម៉ាស៊ីនស្គេន ៦គ្រឿងផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


