ព័ត៌មានជាតិ
ក្រសួងអប់រំ និងធនាគារពិភពលោក ពិភាក្សាពីបញ្ហាប្រឈមដើម្បីឱ្យគម្រោងកែលម្អការអប់រំចំណេះទូទៅទទួលបានជោគជ័យ
នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំ (Kick-Off Meeting) ជាមួយប្រតិភូធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា សម្រាប់បេសកកម្មគាំទ្រការអនុវត្ត គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) របស់ធនាគារពិភពលោក (World Bank) លើកទី៦ ដើម្បីពិភាក្សាពីវឌ្ឍនភាព គោលបំណង និងបញ្ហាប្រឈមដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។

បើតាមក្រសួងអប់រំ, លោកស្រី Tania Meyer អ្នកគ្រប់គ្រងប្រចាំប្រទេស នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា គោលបំណងសំខាន់នៃគម្រោងលើកទី៦នេះ ៖ “ដើម្បីវាយតម្លៃវឌ្ឍនភាពដែលបានសម្រេចចាប់តាំងពីបេសកកម្មចុងក្រោយក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដូចជាតាមដានការអនុវត្តសកម្មភាពដែលបានឯកភាពគ្នា និងពិនិត្យមើលផែនការសកម្មភាពគម្រោង ការគ្រប់គ្រងគម្រោង និងការការពារបរិស្ថាននិងសង្គម ជាពិសេសពិនិត្យមើលវឌ្ឍនភាពនៃសកម្មភាពនានាដែលទាក់ទងនឹងលក្ខខណ្ឌផ្អែកលើលទ្ធផល (PBCs) និងពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗក្នុងការអនុវត្ត ដើម្បីកំណត់រួមគ្នា នូវសកម្មភាពឆ្ពោះទៅការអនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព”។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានអរគុណដល់ធនាគារពិភពលោក និងភាគីពាក់ព័ន្ធនានា ដែលបានចូលរួមគាំទ្រយ៉ាងសកម្មទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅនេះប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។ បន្ថែមពីនេះ លោកក៏បានផ្តល់អនុសាសន៍មួយចំនួន ដោយលោកបានលើកឡើងថា ដើម្បីកែលម្អគុណភាពអប់រំ គឺទាមទារឱ្យមានការយកចិត្តទុកដាក់លើសមាសធាតុសំខាន់ៗជាច្រើន ដោយត្រូវចាប់ផ្ដើមពីការជំរុញទឹកចិត្តសាលារៀននានា ឱ្យចាត់វិធានការកែលម្អសាលារបស់ខ្លួនផ្ទាល់ ជាពិសេស លើកទឹកចិត្តឱ្យធ្វើការអនុវត្តស្ដង់ដាសាលារៀនគំរូឱ្យកាន់តែច្រើន។ អភិវឌ្ឍន៍សមត្ថភាពសិស្សដោយប្រើប្រាស់លទ្ធផលតេស្ត (SEA-PLM និង PISA) ជាគោលក្នុងការវាយតម្លៃ និងអភិវឌ្ឍន៍សមត្ថភាពគ្រូក្នុងការបង្រៀនឱ្យឆ្លើយតបលើចក្ខុវិស័យនេះ។
បន្ថែមពីនេះ លោកក៏បានណែនាំឱ្យគ្រូបង្រៀន គួរតែមានវិធីសាស្ត្របង្រៀនថ្មីៗ តាមរយៈឱ្យសិស្សចេះឆ្ងល់ ចេះសួរ ដើម្បីជំរុញការគិតរបស់ពួកគេ និងចេះសង្ខេបមេរៀន គំនិតសំខាន់ៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពគិតកម្រិតខ្ពស់, អាចទាញសេចក្តីសន្និដ្ឋាន ឬអភិវឌ្ឍន៍សមត្ថភាពវិភាគដោយខ្លួនឯងបាន។ ជាមួយគ្នានេះ លោកថា សៀវភៅគោលសិក្សាថ្មី គួរតែត្រូវបានរៀបចំឱ្យស្របទៅនឹងវិធីសាស្រ្តបង្រៀនថ្មីៗទាំងនេះ ដើម្បីឱ្យគ្រូបង្រៀនងាយស្រួលក្នុងការអនុវត្ត ហើយក៏ លើកទឹកចិត្តឱ្យមានការជជែកពិភាក្សា និងស្រាវជ្រាវឱ្យបានច្រើន ជាពិសេសការសិក្សាដោយខ្លួនឯងផងដែរ។ លោកក៏ណែនាំឱ្យពិនិត្យមើលសាលាដែលបានខិតខំប្រឹងប្រែងកែលម្អសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយគាំទ្រ និងអភិវឌ្ឍបន្តទៀត។

ក្រសួងអប់រំបញ្ជាក់ថា គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) អនុវត្តរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ ២០២៦ ក្រោមការគាំទ្រពីថវិការួមគ្នា រវាងឥណទានកម្ចីពីធនាគារពិភពលោក និងមូលនិធិសកលសម្រាប់ការអប់រំ (GPE) ដើម្បីគាំទ្រដល់កម្មវិធីកំណែទម្រង់វិស័យអប់រំ ជាពិសេស កំណែទម្រង់ការគ្រប់គ្រងសាលារៀន ព្រមទាំងបានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្ស ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


