កីឡា
តារាបាល់ទះជប៉ុន ២ រូប ស្ថិតក្នុងចំណោម ៥ រូបលេចធ្លោបំផុត នៅ Nations League ២០២៥
ការប្រកួតក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ២០២៥ បានបញ្ចប់សប្តាហ៍ទី ១ ក្នុងជុំដំបូង ខណៈការប្រកួតសប្តាហ៍ទី ២ នឹងចាប់ផ្តើមពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែ មិថុនា ខាងមុខនេះ។

នៅក្នុងព្រឹត្តិការណ៍នេះ បានចូលរួមដោយក្រុមជម្រើសជាតិខ្លាំងៗទូទាំងពិភពលោកចំនួន ១៨ ក្រុម ហើយក៏មានកីឡាករល្បីៗ និងលេចធ្លោរជាច្រើនចូលរួមប្រកួត ដើម្បីតំណាងឱ្យប្រទេសរបស់ពួកគេផងដែរ។ សារព័ត៌មាន «កម្ពុជាថ្មី» សូមជ្រើសរើសកីឡាករចំនួន ៥ នាក់ ដែលត្រូវបានចាត់ទុកជាកីឡាករលេចធ្លោរបំផុតប្រចាំព្រឹត្តិការណ៍នេះ៖
១. Antoine Brizard ជាអ្នកលើកបាល់របស់ក្រុមជម្រើសជាតិ បារាំង៖
កីឡាករវ័យ ៣១ ឆ្នាំកម្ពស់ ១.៩៦ ម៉ែត្ររូបនេះ គឺជាអ្នកលើកបាល់ដ៏សំខាន់របស់ក្រុមបាល់ទះជម្រើសជាតិ បារាំង។ សមិទ្ធផលនៅក្លិបអាជីព Brizard ធ្លាប់ឈ្នះពានចំនួន ៤ លើក។ ចំណែកនៅជម្រើសជាតិវិញ គេធ្លាប់ឈ្នះមេដាយមាស អូឡាំពិក ២ លើកក្នុងឆ្នាំ ២០២១ និង ២០២៤, ឈ្នះមេដាយមាស World League ១ លើកក្នុងឆ្នាំ ២០១៧ និងមេដាយមាស VNL ២ លើកក្នុងឆ្នាំ ២០២៤ និង ២០២២។ ដោយឡែកសមិទ្ធផលឯកត្តជនវិញ កីឡាកររបស់ក្លិប Osaka Bluteon នៃលីគជប៉ុនរូបនេះ ធ្លាប់ឈ្នះពានអ្នកលើកបាល់ល្អបំផុតប្រចាំព្រឹត្តិការណ៍ អូឡាំពិក ១ លើកក្នុងឆ្នាំ ២០២៤ និងអ្នកលើកបាល់ល្អបំផុតប្រចាំពាន VNL ១ លើកក្នុងឆ្នាំ ២០២៤ ដដែល ក៏ដូចជាពានឯកត្តជនមួយចំនួនទៀតជាមួយក្លិប និងជម្រើសជាតិ។

២. Yuki Ishikawa ជាអ្នកផ្តាច់បាល់របស់ក្រុមជម្រើសជាតិ ជប៉ុន៖
Yuki Ishikawa បច្ចុប្បន្នជាកីឡាករ ជប៉ុន មួយរូប ដែលកំពុងប្រកបអាជីពនៅក្រៅប្រទេសក្នុងលីគ អ៉ីតាលី ជាមួយក្រុម Sir Susa Vim Perugia។ បើនិយាយអំពីក្រុមជម្រើសជាតិវិញ កីឡាករវ័យ ២៩ ឆ្នាំកម្ពស់ ១.៩២ ម៉ែត្ររូបនេះ ត្រូវបានគេទទួលស្គាល់ជាស្មាត់ដ៏សំខាន់របស់ ជប៉ុន។ នៅក្នុងព្រឹ្រត្តិការណ៍ VNL ២០២៥ នេះ រូបគេក៏មានឈ្មោះជាមួយ ជប៉ុន ផងដែរ គ្រាន់តែការប្រកួតក្នុងសប្តាហ៍ដំបូង រូបគេមិនទាន់ត្រូវបានគ្រូបង្វឹកដាក់ឱ្យចូលលេង។
ប្រធានក្រុមរូបនេះជាអ្នកជួយឱ្យ ជប៉ុន ឡើងវគ្គផ្តាច់ព្រ័ត្រពាន VNL កាលពីឆ្នាំមុន ប៉ុន្តែចុងក្រោយបានត្រឹមមេដាយប្រាក់បន្ទាប់ពីចាញ់ បារាំង នៅវគ្គផ្តាច់ព្រ័ត្រ ៣ សិតទល់នឹង ២។ ក្រៅពីនោះ Ishikawa ធ្លាប់ជួយឱ្យជប៉ុន ឈ្នះមេដាយសំរឹទ្ធក្នុងពាននេះដដែលកាលពីឆ្នាំ ២០២៣។ ដោយឡែកពានផ្សេងទៀត រូបគេធ្លាប់ឈ្នះមេដាយមាសពាន អាស៊ី Asian Championships ២ លើកក្នុងឆ្នាំ ២០២៣ និង ២០១៧ និងឈ្នះមេដាយប្រាក់ FIVB World Cup ១ លើកក្នុងឆ្នាំ ២០២៣។ សម្រាប់ពានឯកត្តជន Ishikawa បានកាន់កាប់តំណែងពានអ្នកវាយផ្តាច់ល្អបំផុតប្រចាំព្រឹត្តិការណ៍ VNL ២ ឆ្នាំជាប់គ្នា គឺនៅឆ្នាំ ២០២៣ និង ២០២៤។

៣. Jean Patry ជាអ្នកវាយផ្តាច់របស់ក្រុមជម្រើសជាតិ បារាំង៖
អ្នកលេងបាល់ទះវ័យ ២៨ ឆ្នាំកម្ពស់ ២.០៧ ម៉ែត្ររូបនេះ បច្ចុប្បន្នកំពុងលេងនៅក្លិប Galatasaray HDI Istanbul ក្នុងលីគប្រទេស តួកគេ។ Patry ជាស្មាត់ដ៏សំខាន់របស់ក្រុមជម្រើសជាតិ បារាំង។ សមិទ្ធផលជាមួយជម្រើសជាតិ កីឡាករធ្លាប់ជួយឱ្យ បារាំង ឈ្នះមេដាយមាសកីឡាអូឡាំពិក ២ លើក គឺនៅឆ្នាំ ២០២១ និង ២០២៤។ ក្រៅពីនោះ រូបគេធ្លាប់ជួយឱ្យ បារាំង ឈ្នះមេដាយមាស World League ឆ្នាំ ២០១៧ និងព្រឹត្តិការណ៍ VNL ធ្លាប់ឈ្នះមេដាយមាស ២ លើក គឺនៅឆ្នាំ ២០២២ និង ២០២៤។ បើជាមួយក្លិបអាជីពវិញ រូបគេធ្លាប់ឈ្នះពានតាមក្លិបនីមួយៗចំនួន ៣ លើក។ ដោយឡែកពានឯកត្តជន រូបគេបានឈ្នះពានអ្នកវាយផ្តាច់ល្អបំផុតប្រចាំព្រឹត្តិការណ៍ VNL នៅឆ្នាំ ២០២៤ និង ២០២២។ រីឯនៅក្នុងព្រឹត្តិការណ៍ អូឡាំពិក ២០២៤ រូបគេក៏បានឈ្នះពានអ្នកវាយផ្តាច់ល្អបំផុតផងដែរ។

៤. Wilfredo Leon ជាអ្នកវាយផ្តាច់របស់ក្រុមជម្រើសជាតិ ប៉ូឡូញ៖
កិត្តិនាមរបស់ Leon ពិតជាល្បីរន្ទឺខ្លាំងនៅទូទាំងពិភពលោក ដោយសារសមត្ថភាពវាយផ្តាច់ និងការចេញសេវាដ៏អស្ចារ្យ។ នៅក្នុងក្រុមជម្រើសជាតិ កីឡាករវ័យ ៣១ ឆ្នាំកម្ពស់ ២.០១ ម៉ែត្ររូបនេះ ធ្លាប់ជួយឱ្យ ប៉ូឡូញ ឈ្នះមេដាយយ៉ាងច្រើន ជាពិសេស គឺមេដាយមាសក្នុងព្រឹត្តិការណ៍ VNL ក្នុងឆ្នាំ ២០២៣ និងផ្សេងៗទៀត រួមមានមេដាយមាសទ្វីបអឺរ៉ុប European Championship ឆ្នាំ ២០២៣, មេដាយមាសក្នុងព្រឹត្តិការណ៍ America’s Cup ក្នុងឆ្នាំ ២០០៨, មេដាយមាសព្រឹត្តិការណ៍ NORCECA Championships ២ លើកក្នុងឆ្នាំ ២០០៩ និង ២០១១, មេដាយមាសក្នុងព្រឹត្តិការណ៍ Hubert Wagner Memorial ២ លើកក្នុងឆ្នាំ ២០២១ និង ២០២៤ និងនៅក្នុងព្រឹត្តិការណ៍អូឡាំពិករូបគេបានឈ្នះមេដាយប្រាក់មួយលើកនៅឆ្នាំ ២០២៤។
ដោយឡែកពានឯត្តជនរូបគេក្រសោបបានពានជាច្រើនដូចជា ពានអ្នករកពិន្ទុល្អបំផុត និងអ្នកចេញសេវាល្អបំផុតប្រចាំព្រឹត្តិការណ៍ អូឡាំពិក ២០២៤។ បន្ថែមពីនេះទៀត រូបគេធ្លាប់ឈ្នះពានអ្នកវាយផ្តាច់ល្អបំផុត និងកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ទ្វីបអឺរ៉ុប ឆ្នាំ ២០២៣ និងពានជាច្រើនទៀត។

៥. Tomohiro Yamamoto ជាលីប៊ើរ៉ូរបស់ក្រុមជម្រើសជាតិ ជប៉ុន៖
នៅក្នុងព្រឹត្តិការណ៍នីមួយៗ មានកីឡាករលេចធ្លោរភាគច្រើនសុទ្ធតែជាស្មាត់ ប៉ុន្តែ Yamamoto ក្នុងនាមជា លីប៊ើរ៉ូ ក៏ត្រូវបានគេចាត់ទុកជាកីឡាករដ៏លេចធ្លោរក្នុងព្រឹត្តិការណ៍ VNL ផងដែរ។ ក្រៅអំពីស្មាត់សំខាន់ៗដូចជា Ishikawa, Yuji Nishida និង Ran Takahashi កីឡាករ Yamamoto បានក្លាយជាតួអង្គមិនអាចខ្វះបានម្នាក់ទៀតក្នុងក្រុមជម្រើសជាតិ ជប៉ុន។
តាមរយៈសមត្ថភាពសង្គ្រោះគ្រាប់បាល់យ៉ាងអស្ចារ្យរបស់គេ កីឡាករវ័យ ៣០ ឆ្នាំ កម្ពស់ ១.៧១ ម៉ែត្ររូបនេះបានជួយក្រុមសាំម៉ូរ៉ៃឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Asian Championships ១លើកក្នុងឆ្នាំ ២០២៣, ឈ្នះមេដាយប្រាក់ ១ លើក និងមេដាយសំរឹទ្ធ ១ លើកក្នុងព្រឹត្តិការណ៍ VNL។ ងាកមកមើលពានឯកត្តជនវិញ រូបគេបានឈ្នះពានជាច្រើនដូចជា អ្នកលេងតួនាទីលីប៊ើរ៉ូល្អបំផុតប្រចាំព្រឹត្តិការណ៍ VNL ២ ឆ្នាំជាប់គ្នា ក្នុងឆ្នាំ ២០២៣ និង ២០២៤ និងនៅក្នុងព្រឹត្តិការណ៍ AVC Champions League ២០២៤-២០២៥ ដែលទើបបញ្ចប់ថ្មីៗនេះ។ រូបគេបានឈ្នះពាន ២ ម្នាក់ឯង គឺតួនាទីលីប៊ើរ៉ូល្អបំផុត និងអ្នកសង្គ្រោះបាល់ល្អបំផុត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


