Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូលដាក់គ្រឿងចក្រឈូសឆាយផ្លូវជង្ហុកសំបុកមាន់ ៤ ខ្សែ ក្នុងសង្កាត់ស្នោរ សម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ៩ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ លោក ទ្រី ណារ៉េត អភិបាល​រង​ខណ្ឌ​កំបូល បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ រួម​ជាមួយ​ក្រុម​ការងារ​សង្កាត់ និង​ភូមិ ដាក់​គ្រឿងចក្រ​ធ្វើការ​ឈូស​ឆាយ​កៀរ​សម្រួល​ផ្លូវ​ជង្ហុក​សំបុក​មាន់​ចំនួន ៤ ខ្សែ ក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទ្រី ណារ៉េត បាន​ឱ្យ​ដឹង​ថា ផ្លូវ​ដែល​បាន​សម្រួល​រួមមាន ៖ ខ្សែ​ទី​១-ចាប់ពី​ផ្លូវ ៦០ ម៉ែត្រ រហូត​ដល់​ផ្លូវ​បេតុង​ក្នុង​ភូមិ​រំដួល​ជើង។ ខ្សែ​ទី២-ចាប់ពី​ភូមិ​បុរី K7 រហូតដល់​អនុវិទ្យាល័យ​ទួល​ស្នោរ ស្ថិត​នៅ​ភូមិ​រំដួល​ជើង និង​ភូមិ​តា​អិន។ ខ្សែ​ទី​៣-ចាប់ពី​ស្នាក់ការ​ភូមិ​ពង្រ រហូតដល់​ផ្លូវ​រថភ្លើង ស្ថិត​នៅ​ភូមិ​ពង្រ។ ខ្សែ​ទី៤-ចាប់ពី​ភូមិ​ស្នោរ​លិច រហូតដល់​ផ្លូវបំបែក​ជា​បួន​ភូមិ​កុល​ក្រស្នារ ស្ថិត​នៅ​ភូមិ​កុល​ក្រ​ស្នោរ។

លោក​អភិបាលរង​បាន​បន្ត​ថា ការ​ចុះ​អនុវត្ត​ដ៏​សកម្ម នៃ​ការ​សម្អាត​ផ្លូវ​ជង្ហុក​នេះ មាន​គោលបំណង​សំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​បាន​លឿន​ជាង​មុន និង​ជួយ​មួយ​ផ្នែក​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍ និង​ស្រប​ទៅ​តាម​ការ​ទទួល​ការ​ណែនាំ​ពី លោក ឃឹម ស៊ុនសូដា អភិបាល​ខណ្ឌ​កំបូល ផង​ដែរ។

ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្នោរ បាន​បង្ហាញ​ចំណាប់អារម្មណ៍ និង​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ពិតប្រាកដ​នេះ។ លោក សេង ណា​រិ​ទ្ធ ប្រជាពលរដ្ឋ​ម្នាក់​ស្ថិតនៅ​ភូមិ​រំដួល​ជើង បាន​ឱ្យ​ដឹង​ថា «ខ្ញុំ​រីករាយ​ណាស់​ដែល​អាជ្ញាធរ​ចូលរួម​យកចិត្តទុកដាក់​លើ​បញ្ហា​ផ្លូវ​ជ្រោះ​ដែល​យើង​ជួបប្រទះ​ជា​រៀងរាល់ថ្ងៃ។ ខ្ញុំ​សង្ឃឹមថា ការងារ​បែបនេះ នឹង​បន្ត​កើតមាន​ជា​បន្តបន្ទាប់»។

ដូច​គ្នា​នេះ អ្នកស្រី ម៉ៅ សុផាន់​នី ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពង្រ ក៏បាន​បញ្ចេញ​អារម្មណ៍​ដែរ​ថា «ផ្លូវ​នេះ ​ពិតជា​លំបាក​ ជង្ហុក​ច្រើន​ ក្រោយ​រដូវវស្សា ប៉ុន្តែ​ឥឡូវ​ងាយស្រួល​ណាស់​សម្រាប់​យើង​ប្រើ​ប្រាស់​សម្រាប់​ធ្វើដំណើរ​ជា​រៀងរាល់ថ្ងៃ។ សូម​អរគុណ​ចំពោះ​អាជ្ញាធរ និង​ក្រុមការងារ​ទាំងអស់»៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម