Connect with us

ចរាចរណ៍

ជិះម៉ូតូរេចង្កូតកៀររបាំងថ្មពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើង ស្លាប់ភ្លាមៗ ២ នាក់ នៅខណ្ឌសែនសុខ

បានផុស

នៅ

យុវជន​ប្រុស-ស្រី ២ នាក់ ជិះ​ម៉ូតូ​ឌុប​គ្នា​មកពី​ដើរ​លេង តែ​អកុសល​ត្រូវ​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ និង​បុក​ទៅ​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១២ និង ២០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៤ ខែ​សីហា ឆ្នាំ ២០២៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​ជនរងគ្រោះ​ទី១-ឈ្មោះ ណយ ភារម្យ (​ហៅ ទុយ​) ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ ចំណែក​សព​ជនរងគ្រោះ​​ទី២-​ឈ្មោះ លី អាយុ ១៥ ឆ្នាំ មុខរបរ​នៅផ្ទះ នៅ​ភូមិ​ត្រពាំង​ទាប ខេត្ត​កំពង់ស្ពឺ។

តាម​ប្រភព​ពី​មិត្តភ័ក្ដិ​របស់​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​មាន​គ្នា​ចំនួន ៦​ នាក់ ជិះ​ម៉ូតូ ៣​ គ្រឿង​ ទៅ​ដើរលេង​នៅ​វត្ត​បទុមវតី។ ក្នុង​នោះ​ មាន​ស្រី ​២​ នាក់ និង​ប្រុស ​៤​ នាក់​។ នៅពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ ជនរងគ្រោះ​ទាំង​ ២​ នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក Suzuki Nex ពណ៌​ស​លាយ​ក្រហម ស្លាក​លេខ ​ភ្នំពេញ 1FI-2474 តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន។

ប្រភព​បាន​បន្ត​ថា នៅ​ពេល​ចុះ​ពី​លើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ក៏បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ជ្រុល​ទៅ​កៀរ​នឹង​របាំង​ពុះ​ចែក​ទ្រូងផ្លូវ។ បន្ទាប់មក​បុក​ទៅ​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្រី​ផ្លោង​ទៅ​ផ្លូវ​ម្ខាង​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ។ ចំណែក​ជនរងគ្រោះ​ប្រុស ផ្លោង​ទៅ​បុក​របាំង​ថ្ម​ម្ខាង​ទៀត​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ។ ដោយឡែក​មិត្តភ័ក្ដិ​ជនរងគ្រោះ​ ៤ នាក់ ​ទៀត​ ក៏​នាំគ្នា​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ភ្លាមៗ។

បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​សែន​សុខ មក​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើការ​បញ្ជាក់​លិខិត​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​។ ចំណែក​ម៉ូតូ​នៅ​កន្លែងកើតហេតុ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម