ព័ត៌មានជាតិ
មកដឹងជីវិតការងារលើផ្នែកចម្រៀងអប់រំកុមាររបស់ លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ”ស្អាតជានិច្ច”
លោក ងិន សុខគ្រវ៉ារ ម្ចាស់ចម្រៀងអប់រំកុមារបទ “ស្អាតជានិច្ច” ទើបតែមរណភាពកាលពីព្រឹកថ្ងៃទី២៣ ខែសីហានេះ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយបន្សល់ទុកស្នាដៃចម្រៀងអប់រំជាច្រើន ខណៈចម្រៀងភាគច្រើនរបស់លោកត្រូវបានយកមកបញ្ចូលជាមួយកម្មវិធីសិក្សាសាលាទូទាំងប្រទេស ហើយក្លាយជាចងចាំរបស់មនុស្សគ្រប់រូប។

មុនអនិច្ចកម្ម លោកមានតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន និងជាម្ចាស់សាលាតន្ត្រី សុខគ្រវ៉ារ ដែលបានបើកដំណើរការជាង ២០ឆ្នាំមកហើយ។
លោក ងិន សុខគ្រវ៉ារ កើតនៅឆ្នាំ១៩៥២។ លោកបានសិក្សារៀនសូត្រនៅសាលាបឋមសិក្សា ពញាក្រែក រាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៥៨ និងបន្តការសិក្សាថ្នាក់វិទ្យាល័យនៅ វិទ្យាល័យឥន្ទ្រទេវី ក្នុងឆ្នាំ១៩៦៥ និងបានចូលរៀនភ្លេងជាបណ្តើរៗ ក្នុងក្រុមតន្ត្រីព្យុហយាត្រាយុវជនសង្គមរាស្ត្រនិយមខ្មែរ។

លោកបញ្ជាក់ថា តួនាទីរបស់ក្រុមភ្លេងនេះ គឺប្រគំតន្ត្រីជាក្រុមដើម្បីដង្ហែ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ កំឡុងពេលដែលព្រះអង្គទ្រង់យាងសម្ពោធ នៅតាមរាជធានី និងបណ្តាខេត្តនានា។ ប៉ុន្តែលុះដល់ឆ្នាំ១៩៧០ ក្រុមតន្ត្រីនេះ ក៏ត្រូវប្រែក្លាយជាក្រុមតន្ត្រីយុវជនស្រោចស្រង់ជាតិវិញ បម្រើឱ្យសម័យសាធារណរដ្ឋខ្មែរវិញ។
ក្នុងសម័យសាធារណរដ្ឋខ្មែរ លោក ងិន សុខគ្រវ៉ារ ក៏ធ្លាប់បានចូលរួមថតភ្លេងជាមួយគ្រូរបស់លោក ដែលល្បីខាងធ្វើបទទាក់ទងនឹងការអប់រំកុមារ រួមជាមួយអធិរាជសំឡេងមាស សុិន សុីសាមុត ព្រមទាំងរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ផងដែរ។ ខណៈលោកបន្តកិច្ចការងារក្នុងផ្នែកតូរ្យតន្ត្រីនេះ រហូតដល់ខ្មែរក្រហមចូលមកកាន់កាប់ភ្នំពេញបានទាំងស្រុង។
ក្រោយកម្ពុជាត្រូវបានរួចរំដោះពីរបបខ្មៅងងឹតប៉ុលពត លោកក៏បន្តកិច្ចការលើផ្នែកចម្រៀងអប់រំកុមារជាបន្តទៀត។ លោកបញ្ជាក់ថា អំឡុងខែតុលា ឆ្នាំ១៩៧៩ លោកបានចូលបម្រើការងារនៅមជ្ឈមណ្ឌលកុមារកំព្រា កុលាបទី១ ក្នុងតួនាទីជាគ្រូបង្រៀនចម្រៀងអប់រំកម្សាន្តដល់កុមារ។ ពេលនោះហើយ ជាវេលានៃការចាប់ផ្តើមសរសេរស្នាដៃអប់រំកុមារជាច្រើន ដែលសរុបប្រមាណ ១២០បទ និងត្រូវបានថតនិងចាក់ផ្សាយតាមវិទ្យុជាតិ ពីចន្លោះទសវត្សរ៍៩០ជាងផងដែរ។
លោក ងិន សុខគ្រវ៉ារ បញ្ជាក់ដែរថា ក្រោយលោកបញ្ចប់ការសិក្សាផ្នែកអប់រំកុមារនៅក្រៅប្រទេស លោកក៏ទទួលបានឱកាសមួយចូលរួមក្នុងកម្មវិធី មជ្ឈិមសម្ព័នយុវជនកម្ពុជា និងបានបង្ហាញស្នាដៃចម្រៀងពេញដោយអត្ថន័យអប់រំទាំងនោះ ទៅកាន់កម្មាភិបាលផ្នែកអប់រំដទៃទៀត។ គ្រានោះ អាចចាត់ទុកជាការបើកទំព័រប្រវត្តិនៃស្នាដៃចម្រៀងអប់រំកុមាររបស់លោក ដោយត្រូវបានកម្មភិបាលទាំងនោះ ពាំនាំទៅកាន់មូលដ្ឋានរបស់ខ្លួន រហូតមានបទមួយដែលនៅតែបន្តតម្លៃដល់បច្ចុប្បន្ន គឺបទ «ស្អាតជានិច្ច» ។
បើតាមលោក ងិន សុខគ្រវ៉ារ បទនេះ និពន្ធឡើងដោយផ្តោតលើប្រយោជន៍នៃការអប់រំកុមារ ជាមួយនឹងប្រយោគខ្លី ងាយយល់ ងាយចាំ និងតាក់តែងឡើងក្រោយថ្ងៃរំដោះកម្ពុជា ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត) តែប្រមាណជាជាង១០ខែប៉ុណ្ណោះ ពោលគឺសរសេរឡើងអំឡុងចុងឆ្នាំ១៩៧៩ ប៉ុន្តែបានផលិតនិងផ្សាយនៅឆ្នាំ១៩៨២ ។ នេះបើតាមការបញ្ជាក់របស់លោក ងិន សុខគ្រវ៉ារ ក្នុងវីដេអូពីជីវប្រវត្តិការងាររបស់លោក តាមរយៈទំព័រហ្វេសប៊ុកសាលាតន្ត្រីរបស់លោក Sokrowar Modern Music School ។
នៅឆ្នាំ ២០០០ លោក ងិន សុខគ្រវ៉ារ បានចូលបម្រើការងារជាប្រធានសុខភាពកុមារនៅមន្ទីរសង្គមកិច្ចក្រុងភ្នំពេញ និងបានបើកសាលាបង្រៀនភ្លេងនៅផ្ទះ ដែលរហូតមកដល់បច្ចុប្បន្នមានរយៈពេលជាង ២០ឆ្នាំមកហើយ។ ក្នុងចំណោមសិស្សដែលធ្លាប់រៀនជាមួយលោក ក្នុងនោះក៏មានលោក សាពូន មីដាដា អតីតតារាចម្រៀងផលិតកម្មហង្សមាសផងដែរ (ចូលរៀននៅក្នុងឆ្នាំ១៩៩៧)។


ក្នុងឆ្នាំ ២០១១ លោកបានចូលនិវត្ត និងបន្តតែការងារបង្រៀននៅសាលាតន្ត្រីរបស់លោកប៉ុណ្ណោះ។ ក្រោយមក នៅឆ្នាំ ២០១៦ ដោយសារលោកជាបុគ្គលដែលមានស្នាដៃ និងនៅតែអាចបន្តចែករំលែកចំណេះបាន ក៏ត្រូវបានលោក ខៀវ កាញារីទ្ធ អញ្ជើញលោកចូលធ្វើការនៅក្រសួងព័ត៌មាន ក្នុងតួនាទីជាទីប្រឹក្សាមានឋានៈស្មើអគ្គនាយក។ ក្នុងតួនាទីនេះ លោកបានចូលរួមតែងនិពន្ធបទភ្លេងជូនសាលាផ្សេងៗទូទាំងរាជធានីខេត្តមកដល់សព្វថ្ងៃ។
ដ្បិតអ្នកជំនាន់ក្រោយពុំសូវបានដឹងវត្តមានអ្នកនៅពីក្រោយចម្រៀងអប់រំដ៏មានល្បីរូបនេះក៏ដោយ តែលោកមិនបានអាក់អន់ស្រពោនចិត្តឡើយ។ ក្នុងកម្មវិធីទូរទស្សន៍មួយជាង ៩ខែមុន លោកបានផ្តល់បទសម្ភាសថា លោកពិតជារំភើបស្ទើរស្រក់ទឹកភ្នែក រាល់ពេលដែលលោកបានឮចម្រៀងអប់រំដែលលោកនិពន្ធ នៅតែមានតម្លៃអប់រំសម្រាប់កុមារមកដល់សព្វថ្ងៃ។

សូមជម្រាបថា លោក ងិន សុខគ្រវ៉ារ បចម្រៀងទាំងអស់របស់លោក សុទ្ធសឹងជាបទដែលមានអត្ថន័យអប់រំឱ្យគោរពនិងដឹងគុណមាតាបិតា សុជីវធម៌ គោរពវិន័យ ក៏ដូចជាបទបែបស្នេហាជាតិជាដើម ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


