Connect with us

ព័ត៌មានអន្ដរជាតិ

ឡានក្រុងធ្លាក់ជ្រោះនៅប្រទេស​ស្រីលង្កាសម្លាប់អ្នកដំណើរ១៥នាក់

បានផុស

នៅ

សោកនាដកម្មមួយបានឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរអិលធ្លាក់ពីផ្លូវចូលជ្រោះនៅក្នុងប្រទេសស្រីលង្កាបណ្តាលឲ្យមនុស្ស ១៥ នាក់ស្លាប់ និង ១៦ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៦ខែកញ្ញា។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតទីក្រុង Wellawaya ចម្ងាយប្រហែល២៨០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Colombo។ យោងតាមអ្នកនាំពាក្យប៉ូលិស ឡានក្រុងបានធ្លាក់ក្នុងជម្រៅជិត ៣០៥ ម៉ែត្រ ចូលទៅក្នុងជ្រោះជ្រៅ បន្ទាប់ពីអ្នកបើកបរបាត់បង់ការគ្រប់គ្រង។ តាមការសន្និដ្ឋានបឋម អ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យធ្លាក់ចេញពីផ្លូវក្រឡាប់ផ្ងារជើង។

ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​កុមារ​៥​នាក់ ខណៈមាន​អ្នក​ដំណើរជាង៣០​នាក់​ជិះ​នៅ​ពេល​កើតហេតុ។ ប្រតិបត្តិការជួយសង្គ្រោះបានបន្តពេញមួយយប់ក្នុងស្ថានភាពលំបាក ដោយមានទាហាន ប៉ូលិស និងអ្នកស្ម័គ្រចិត្តធ្វើការរួមគ្នាដើម្បីទាញអ្នកនៅរស់រានមានជីវិតចេញពីរថយន្ត។

គួរបញ្ជាក់ថាគ្រោះថ្នាក់​រថយន្តក្រុងបណ្ដាលឲ្យមានមនុស្ស​ស្លាប់​មិនមែនជា​រឿង​ចម្លែក​ទេ​ក្នុង​ប្រទេស​ស្រីលង្កា ជាពិសេស​នៅតាម​តំបន់ភ្នំ។ ផ្លូវតូចចង្អៀត ការថែទាំមិនបានល្អ រួមផ្សំជាមួយនឹងការបើកបរមិនប្រុងប្រយ័ត្ន ជារឿយៗរួមចំណែកដល់សោកនាដកម្មបែបនេះ។ ឧបទ្ទវហេតុចុងក្រោយនេះ ក៏បានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីសុវត្ថិភាពផ្លូវថ្នល់ ដែលជារឿយៗឆក់យកជីវិតមនុស្ស បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតឱ្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម