Connect with us

សេចក្ដីជូនដំណឹង

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa នៅក្នុងប្រទេសកម្ពុជា បានស្តែងចេញតាម​រយៈគម្រោង “ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចដល់ស្ត្រី”

បានផុស

នៅ

កម្មវិធីស្តីពី “ជំនាញគ្រប់គ្រងលុយជាក់ស្តែង (Practical Money Skills)” របស់ក្រុមហ៊ុន Visa ដែលទទួលបានពានរង្វាន់

លំដាប់អន្តរជាតិកំពុងដើរស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល​

ភ្នំពេញ ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៣ – ថ្មីៗនេះ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ បានបញ្ចប់គម្រោងមួយចំនួនដោយជោគជ័យ។ ការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្របេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងដំណើរការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមស្ត្រី និងយុវជននៅទូទាំងប្រទេស។

ការបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈចំណេះដឹងផ្នែកហិរញ្ញវត្ថុ

គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន” ត្រូវបានសហការក្នុងភាពជាដៃគូ រវាងក្រសួងកិច្ចការនារី (MoWA) ធនាគារជាតិនៃកម្ពុជា (NBC) គាំទ្រដោយ ក្រុមហ៊ុន Visa ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងចំណោមស្ត្រីវ័យក្មេងនៅជនបទ សហគ្រិនជាស្ត្រី និងនិស្សិតទូទាំងប្រទេស អស់រយៈពេលជាងពីរឆ្នាំមកហើយ។ គម្រោងនេះបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០២0 ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅជនបទ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល”​ នឹងបន្តដំណាក់កាលទីពីរ ដែលទើបបញ្ចប់នៅក្នុងឆ្នាំ២០២២នេះ ដោយបានជួយលើកស្ទួយសុខុមាលភាពហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ចក្នុងចំណោមស្ត្រីនៅកម្ពុជា។

គម្រោងមានការរៀបចំកម្មវិធីជាច្រើនដូចជា សិក្ខាសាលា វគ្គបណ្តុះបណ្តាល វេទិកាពិភាក្សា និងសិក្ខាសាលាស្តីពីជំនាញផ្នែកហិរញ្ញវត្ថុឌីជីថល           សំខាន់ៗ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញមកពីក្រសួង ស្ថាប័នមន្ទីរខេត្ត និងដៃគូពាក់ព័ន្ធ       ផ្សេងៗទៀត។ តាមរយៈសកម្មភាពនៃការចែករំលែកនូវព័ត៌មានដ៏មានតម្លៃ ដែលប្រព្រឹត្តទៅតាមរយៈព្រឹត្តិការណ៍ឌីជីថល និងវិធានការសិក្សាដោយផ្ទាល់  ផ្តល់ឲ្យនិស្សិតដែលជានារី បានអនុវត្តនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលកម្រិតមូលដ្ឋាន ព្រមទាំងការសិក្សាលើជំនាញជាក់ស្តែងសម្រាប់ពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីផងដែរ។ កម្មវិធីទាំងអស់នេះ បានធ្វើឡើង​ក្រោម​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​នៃ​ខេត្តគោលដៅ​ចំនួន​០៤ គឺ​ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ​។ តាមរយៈវគ្គបណ្ដុះបណ្ដាល និងវេទិកាពិភាក្សាទាំងអស់នោះ យើងទទួលបានអ្នកចូលរួមចំនួន ៤២៥នាក់ ក្នុងនោះមានស្រីចំនួន ៣៥៥នាក់។

ឯកឧត្ដម ថេ ឈុនហាក់ អគ្គនាយក​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​ក្រសួង​កិច្ចការនារី​ បានមានប្រសាសន៍ថា៖ “យើងជឿជាក់ថា ស្ត្រីកម្ពុជាអាចធ្វើបាន ហើយពួកគាត់គួរតែមានលទ្ធភាពបង្ហាញពីភាពប៉ិនប្រសប់ក្នុងការធ្វើអាជីវកម្ម ក៏ដូចជាទទួលបានសិទ្ធិក្នុងការសម្រេចនូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។ យើងសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាដែលមាននៅក្នុងកម្មវិធីទាំងនោះ ជួយឲ្យពួកគាត់អាចប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីបោះជំហានដ៏រឹងមាំឆ្ពោះទៅរកការធ្វើបរិយាបន្នហិរញ្ញវត្ថុយ៉ាងពិតប្រាកដនៅក្នុងប្រទេសកម្ពុជា”។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ស្របពេលដែលប្រទេសកម្ពុជាបោះជំហានយ៉ាងរហ័សឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល បានផ្តល់លទ្ធភាពឲ្យប្រជាជនរបស់យើង ជាពិសេសស្ត្រីអាចគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត តាមរយៈការប្រើប្រាស់នូវជំនាញ និងចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលទាំងនេះ ជាប្រយោជន៍ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈការគាំទ្រអាជីវកម្មដែលដឹកនាំដោយស្ត្រី

ការផ្តល់លទ្ធភាពទទួលបានដើមទុនសម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ (SMBs) ដែលដឹកនាំដោយស្ត្រី ក៏ជាបេះដូងរបស់មូលនិធិសាជីវកម្ម Visa Inc ផងដែរ។ មូលនិធិនេះបានគាំទ្រគម្រោងការពន្លឿនភាពជាសហគ្រិនស្ត្រី និងលទ្ធភាពទទួលបានដើមទុនរបស់មូលនិធិអាស៊ី ដែលជាគំនិតផ្តួចផ្តើម ប្រកបដោយសមធម៌ ស្របតាមការប្តេជ្ញាចិត្តក្នុងយុទ្ធសាស្រ្តអនុម័តនូវទឹកប្រាក់ចំនួន ២០០លានដុល្លារ ដែលបានប្រកាសនៅក្នុងខែមេសា ឆ្នាំ ២០២០ ដើម្បីឆ្លើយតបនឹងតម្រូវការរយៈពេលវែងរបស់ អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ដោយផ្តោតលើការគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី ។

គម្រោងរយៈពេលពីរឆ្នាំរបស់មូលនិធិអាស៊ី បានជួយដល់សហគ្រិនស្ត្រីចំនួន ៨០០នាក់ នៅទូទាំង ១២ ខេត្ត នៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានដើមទុន និងពង្រីកអាជីវកម្មរបស់ពួកគេ តាមរយៈការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញអាជីវកម្ម ការធ្វើផែនការហិរញ្ញវត្ថុ នឹងការគាំទ្រការនាំយកអាជីវកម្មចូលទៅកាន់ទីផ្សារអនឡាញ តាមរយៈថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក។ អ្វីដែលសំខាន់បំផុត គម្រោងនេះបានផ្សាភ្ជាប់សហគ្រិនស្ត្រីជាមួយ ស្ថាប័នហិរញ្ញវត្ថុ និងសេវាកម្ម ដែលធ្វើការជាមួយអ្នកផ្តល់ដើមទុនដោយផ្ទាល់ ដើម្បីបំពេញតម្រូវការរបស់ម្ចាស់អាជីវកម្មខ្នាតតូចនីមួយៗ។

លោកស្រី Meloney C. Lindberg តំណាងនៃមូលនិធិអាស៊ីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “នៅក្នុងចំណោមគម្រោងមូលនិធិអាស៊ី ស្តីពី       បរិយាបន្ន និងកំណើនសេដ្ឋកិច្ច យើងមានកម្មវិធីមួយចំនួនដែលគាំទ្រដោយមូលនិធិ Visa ​ មានគោលបំណងរួមក្នុងការគាំទ្រដល់ការបង្កើតបរិយាកាសធុរកិច្ចបន្ថែមទៀតសម្រាប់សហគ្រិនជាស្ត្រី តាមរយៈការបំពាក់បំប៉ននូវចំណេះដឹងដែលចាំបាច់និងមានសារៈសំខាន់ដើម្បីភាពជោគជ័យ ដែលពួកគាត់មិនត្រឹមតែជាបុគ្គលស្វែងរកការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកបង្កើតការងារផងដែរ។

ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអប់រំ និងផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី តាមរយៈការដោះស្រាយបញ្ហានូវគម្លាតនៃការចាប់យកជំនាញ និងកសាងសមត្ថភាព ក្រុមហ៊ុន​ Visa សង្ឃឹមថានឹងបន្តអនុវត្តនូវគម្រោងស្រដៀងគ្នានេះ ដោយការស្វែងយល់ពីឧបសគ្គដែលសហគ្រិនស្ត្រីជួបប្រទះនៅក្នុងប្រទេសកម្ពុជា និងកំណត់មធ្យោបាយដើម្បីដោះស្រាយ ដើម្បីជួយឱ្យអាជីវកម្មរបស់ពួកគាត់មានការអភិវឌ្ឍ និងពង្រីកកាលានុវត្តភាពជាសហគ្រិន។

ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពហិរញ្ញវត្ថុក្នុងចំណោមយុវជន

ការអប់រំផ្នែកហិរញ្ញវត្ថុ ក៏បានផ្តោតសំខាន់លើភាពជាដៃគូរបស់ក្រុមហ៊ុន Visa ជាមួយសមាគមធនាគារនៅកម្ពុជា (ABC) ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជន និងនិស្សិតកម្ពុជាជាលើកដំបូងផងដែរ។ ភាពជាដៃគូនេះ បានអនុវត្តនូវសកម្មភាពនានារួមទាំងការបង្កើតសៀវភៅខ្ញុំចង់ដឹង “ឈ្វេងយល់ពីលុយ” ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ចែកចាយដល់សិស្សដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ។

ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ក៏បានធ្វើបឋកថាស្តីពីវិស័យធនាគារ និងហិរញ្ញវត្ថុ ជាបន្តបន្ទាប់ដល់និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាជំនាញលើផ្នែកធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងផ្នែកពាក់ព័ន្ធផ្សេងទៀត ក្រោមគម្រោង “ការ​បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់និស្សិតសាកលវិទ្យាល័យ” – The Speaker Tours” ។ ទន្ទឹមនឹងនេះ កម្មវិធីពានរង្វាន់នៃការផលិតវីដេអូខ្លីស្តីពី «ចំណេះដឹងហិរញ្ញវត្ថុ» ប្រចាំឆ្នាំ ២០២២ ក៏បានលើកទឹកចិត្ត និងជំរុញយុវជនកម្ពុជា ឱ្យធ្វើការស្រាវជ្រាវពីអត្ថប្រយោជន៍នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចែករំលែកការរៀនសូត្ររបស់ពួកគេ តាមរយៈការផលិតនូវវីដេអូអប់រំ។ គោលបំណងនៃការរៀបចំឲ្យមានសកម្មភាពទាំងនេះឡើង គឺដើម្បីផ្តល់អាទិភាពឱ្យអ្នកចូលរួម អាចស្វែងយល់អំពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងផ្តល់នូវមេរៀនពាក់ព័ន្ធអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដល់ពួកគេផងដែរ។

ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈភាពជាដៃគូនេះ សៀវភៅខ្ញុំចង់ដឹង “ឈ្វេងយល់ពីលុយ” ចំនួន ១០,០០០ ក្បាល  ត្រូវបានបោះពុម្ព ហើយក៏បានប្រគល់ជូនធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត មួយចំនួន ដើម្បីគាំទ្រកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចែកចាយសម្រាប់គំនិតផ្តួចផ្តើមផ្សេងៗទៀតដែលស្ថិតនៅក្រោមគម្រោងតែមួយ។ កម្មវិធី “ការ​បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់និស្សិតសាកលវិទ្យាល័យ”- The Speaker Tours” បានប្រព្រឹត្តនៅតាមបណ្តាសាកលវិទ្យាល័យចំនួន ០៦ ដោយមានសិក្ខាកាមចូលរួមសិក្សាលើប្រធានបទជាច្រើន ដូចជាការផ្តល់ឥណទាន និង កម្ចីប្រកបដោយ​ការទទួលខុសត្រូវ រហូតដល់ប្រធានបទ បរិវត្តកម្ម Blockchain ក្នុងសេវាកម្មហិរញ្ញវត្ថុ។ កម្មវិធីពានរង្វាន់នៃការផលិតវិដេអូខ្លីស្តីពី «ចំណេះដឹងហិរញ្ញវត្ថុ»  ​ក៏​ទទួលបាន​ការ​ដាក់ពាក្យ​ស្នើសុំប្រកួតប្រជែង ​ចំនួន ២១ ក្រុម ផងដែរ ក្នុងនោះ មាន ៣ ​ក្រុម ត្រូវ​បាន​ជ្រើសរើស​ជាម្ចាស់ជ័យលាភីក្នុង​ពិធី​ប្រគល់ពាន​រង្វាន់។

លោក Raymond Sia ប្រធានក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា៖ “បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជារបៀបវារៈដ៏សំខាន់សម្រាប់វិស័យរបស់យើង។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺត្រូវការគាំទ្រជាបន្តបន្ទាប់ពីភាគីពាក់ព័ន្ធទាំងអស់។ យើងទទួលស្គាល់ពីកិច្ចគាំទ្ររបស់ ក្រុមហ៊ុន Visa ក្នុងការចូលរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជនតាមរយៈសកម្មភាពរបស់ សមាគមធនាគារនៅកម្ពុជា។ គម្រោងសហការរួមគ្នាជាមួយក្រុមហ៊ុន Visa គឺជាការរួមចំណែកយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីបង្កើនជំនាញ និងចំណេះដឹងដល់យុវជន លើសុខុមាលភាពហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រាក់។ តាមរយៈបណ្តុំនៃចំណេះនិងជំនាញផ្នែកហិរញ្ញវត្ថុដ៏មានសារៈប្រយោជន៍ទាំងនេះ កាន់តែបង្ករភាពងាយស្រួលដល់អ្នកទទួលផលទាំងអស់ក្នុងការសិក្សារពីមូលដ្ឋានគ្រឹះ ដើម្បីធានាថាពួកគេអាចការពារ និងពង្រីកហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពីក្រោយគម្រោង និងកិច្ចសហការរួមក្នុងភាពជាដៃគូទាំងអស់នេះ បានឆ្លុះបញ្ចាំងនូវកម្មវិធីសំខាន់ធំៗចំនួនពីរដែលជាចំណុចផ្តើមដំបូងរបស់   ក្រុមហ៊ុន Visa លើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្ម។  កម្មវិធី ជំនាញគ្រប់គ្រងលុយជាក់ស្តែង ជាកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុមួយ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបំផុសគំនិតដល់បុគ្គលគ្រប់រូបឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រងលុយ និងរៀបពីជំនាញហិរញ្ញវត្ថុសំខាន់ៗសម្រាប់ជីវិត។ កម្មវិធីនេះត្រូវបានរៀបចំដោយអ្នកជំនាញរបស់ក្រុមហ៊ុនអស់រយៈពេលបីទសវត្សរ៍មកហើយ ក្នុងគោលបំណងចែកចាយនូវចំណុចសំខាន់ៗនៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។  ចំណែកឯ កម្មវិធីជំនាញអាជីវកម្មជាក់ស្តែង វិញ គឺជាវេទិកាឌីជីថលសកល ដែលបានផ្តល់នូវមាតិកាដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ (SMB) ឲ្យចេះធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្ត និងច្បាស់លាស់ក្នុងការពង្រីកអាជីវកម្ម និងជំនាញឌីជីថលរបស់ពួកគេ។

គម្រោងទាំងពីររបស់ក្រុមហ៊ុន Visa ត្រូវបានទទួលស្គាល់ដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham)។ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់លើទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ប្រចាំឆ្នាំលើកទី ៥ របស់ខ្លួននៅឆ្នាំ ២០២២ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បានដាក់បញ្ចូលគម្រោងរបស់ Visa ទៅក្នុងប្រភេទបរិយាបន្នហិរញ្ញវត្ថុរបស់ខ្លួន ដែលនេះបញ្ជាក់ពីសក្ខីកម្ម និងការរួមចំណែកដ៏មានសារៈសំខាន់របស់គម្រោង នឹងការតាំងចិត្តយ៉ាងមោះមុតរបស់ក្រុមហ៊ុន Visa ដែលបានធ្វើកន្លងមកចំពោះប្រទេស។

អ្នកស្រី អ៊ីវ៉ាណា ត្រានឈីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន Visa ពិតជាមានកិត្តិយសណាស់ដែលបានសហការជាមួយ ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងសមាគមធនាគារនៅកម្ពុជា ក្នុងគម្រោងដ៏មានអត្ថន័យទាំងអស់នេះ ដែលដើរស្របតាមយុទ្ធសាស្រ្ត ស្តីពី បរិយាបន្នហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល។ យើងសង្ឃឹមថា ការចូលរួមចំណែកដ៏តូចមួយប៉ុន្តែមានតម្លៃមួយនេះ អាចកែប្រែជីវិតរបស់សិក្ខាកាម ក៏ដូចជាសហគមន៍ទាំងមូលឲ្យកាន់តែប្រសើរឡើង នឹងគាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រទាក់ទងនឹងការធ្វើបរិយាបន្នហិរញ្ញវត្ថុ »។

###

អំពីក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

អំពីមូលនិធិ Visa

មូលនិធិ Visa គាំទ្រការធ្វើបរិយាបន្នសេដ្ឋកិច្ច ដែលធ្វើឲ្យរូបវន្តបុគ្គល អាជីវករ និងសហគមន៍អាចរីកចម្រើនបាន។ តាមរយៈការផ្តល់ជំនួយ និងការវិនិយោគ មូលនិធិ ផ្តល់អាទិភាពដល់កំណើននៃការធ្វើអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ។ មូលនិធិនេះក៏គាំទ្រផងដែរនូវតម្រូវការដ៏ទូលំទូលាយរបស់សហគមន៍ការចូលរួមចំណែករបស់បុគ្គលិក (employee matching) និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៅពេលមានវិបត្តិ។ មូលនិធិ Visa​ ត្រូវបានចុះឈ្មោះនៅសហរដ្ឋអាមេរិកក្នុងនាមជាអង្គភាពប្រភេទ 501(c)3៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៨ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៩ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម