វប្បធម៌ ជំនឿ
ក្រសួង មន្ទីរ ឆ្លើយតបមន្ទិល មិនឃើញទទួលឈើក្រហមមានតម្លៃ ពីសំពៅបុរាលលិច
មហាជន មានមន្ទិល រហូតមាននការចែករំលែកតៗគ្នាជាបន្តបន្ទាប់តាមបណ្ដាញសង្គម ដោយលើកឡើងថា កាលស្រង់វត្ថុបុរាណពីសំពៅបានលិចនៅបាតសមុទ្រកាលពីជាង ៥០០ឆ្នាំមុន ចន្លោះកោះតាគាវ និងកោះឫស្សី ខេត្តព្រះសីហនុ គឺឃើញមានកំណាត់ឈើក្រហម ហាក់បីដូចជាឈើមានតម្លៃ ប៉ុន្តែពេលប្រគល់ជូន ក្រសួង មន្ទីរវប្បធម៌ គឺឈើផ្សេង ហាក់ជាឈើឥតតម្លៃ។

មតិខ្លះលើកឡើងថា ឈើក្រហមនោះជា ខ្លឹមចន្ទន៍ ខ្លះថា គ្រញូងឈាមមាន់ ជាដើម ខណៈគណនីហ្វេសប៊ុកឈ្មោះ San Khemaredd លើកឡើងថា ឈើក្រហមនោះ ភាសាអង់គ្លេស ហៅថា Red sandalwood (ឈើខ្សាច់ក្រហម), ជាប្រភេទឈេីមានតម្លៃខ្ពស់ ដោយទម្ងន់ ១០៩០ គីឡូក្រាម មានតម្លៃ ៥,៤៦ លានដុល្លារ។ ចំណែក គណនីហ្វេសប៊ុក ឈ្មោះ Vichea Sok លើកឡើងថា ឈោះក្រហមនោះ ឈ្មោះ ចន្ទន៍ក្រហម ខ្មែរសម័យក្រោយលែងស្គាល់ឈើប្រភេទនេះហើយ។ ចន្ទន៍ក្រហម នៅសម័យបុរាណ ជនជាតិចិនច្រើនយកទៅធ្វើជាគ្រឿងសង្ហារឹមថ្វាយស្តេច សម្រាប់ប្រើតែក្នុងរាជវាំងទេ គឺនៅសម័យអាណាចក្រ ជីង (Qing dynasty)។ កម្ពុជាពុំមានដើមចន្ទន៍ក្រហមនេះទេ ទំនងសម័យនោះនាំចូលពីឥណ្ឌាមកបន្ត ព្រោះចន្ទន៍ក្រហមនេះ មានដុះតែនៅស្រុកឥណ្ឌាទេ ជារបស់កម្រខ្លាំង សូម្បីតែនៅឥណ្ឌាក៏មានដុះតែមួយតំបន់ផងដែរ។

ពាក់ព័ន្ធ ការមិនឃើញរូបភាពផ្សាយ ក្រសួង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានឈើក្រហម ក្នុងឱកាសទទួលវត្ថុបុរាណនានាស្រង់បានពីសំពៅបុរាណនេះ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងតាមរយៈការរាយការណ៍របស់ លោក ប៊ុត បុប្ផា ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ ថា តាមកំណត់ហេតុការប្រគល់ទទួលវត្ថុបុរាណលិចក្នុងសំពៅ កាលថ្ងៃទី៤ ខែកញ្ញានេះ គឺមានភ្លុកដំរីចំនួន ៩ ដុំឈើឆេះខ្លោចមាន ៩០ដុំ ក្រៅពីហ្នឹងក្រឡភាជន៍នានា សរុបចំនួន ២៨០៨វត្ថុ។

លោក ប៊ុត បុប្ផា មានប្រសាសន៍បន្តថា៖ “ពាក់ព័ន្ធឈើក្រហម យើងអត់បានទទួលទេ គឺឃើញតែឈើខ្មៅដែលមានភាពដូចជាឆេះ ដែលបច្ចុប្បន្ន យើងបានរក្សានៅមន្ទីរ [វប្បធម៌ខេត្តព្រះសីហនុ] ហើយរូបភាពពាក់ព័ន្ធឈើក្រហមនេះ ក៏មិនដឹងគេបានប្រភពពីណាមកបង្ហោះដែរ។ ហើយខ្ញុំក៏បានបញ្ជាក់ជាមួយមេបញ្ជាការកងទ័ពជើងទឹកលម្អសមុទ្រហ្នឹងដែរ មិនដឹងគេបានរូបភាពហ្នឹងពីណាមក”។

ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ បានបញ្ជាក់ថា ការរកឃើញក្រឡភាជន៍នេះ មិនមែនទើបរកឃើញថ្មីៗនេះទេ គឺក្រឡភាជន៍នេះ បានរកឃើញតាំងពីឆ្នាំ២០១៨ កន្លងមក ហើយទើបប្រគល់មកមន្ទីរ ក្រសួងវប្បធម៌ថ្មីៗនេះ។ លោក ប៊ុត បុប្ផា មានប្រសាសន៍បន្តថា៖ “អ៊ីចឹង អ្វីដែលមាន ឬឯកសារពីមុនមក យើងអត់ដឹងទេ យើងដឹងត្រឹមអ្វីដែលយើងទទួលបាន គឺមានចំនួនប៉ុណ្ណឹង ហើយមានកំណត់ហេតុ និងការប្រគល់ទទួល ហើយក្នុងនោះក៏មានការចុះហត្ថលេខាមេបញ្ជាការកងទ័ពលម្អសមុទ្រដែរ”។

លោក អ៊ុក សុខាអគ្គនាយកបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដោយសារពេលខ្ញុំទៅទទួលនោះ ខ្ញុំមានបញ្ជីរបស់ខ្ញុំដែរ ប៉ុន្តែចំពោះឈើក្រហមហ្នឹង គឺក្រសួងមិនបានទទួលទេ ហើយក៏មិនដឹងថា រូបថតឈើហ្នឹង បានមកពីណា។

លោក អ៊ុក សុខា មានប្រសាសន៍បន្តថា៖ “ក្រសួងមានរូបថតពេលទទួលហ្នឹងទាំងអស់ ទាំងអ្នកចូលរួមរបស់កងកម្លាំង ប៉ុន្តែចំពោះឈើក្រហមហ្នឹង គឺក្រសួងអត់បានទទួលទេ ហើយនៅកន្លែងហ្នឹងក៏អត់មានដែរ។ ករណីថា ឃើញឈើក្រហមពេលស្រង់ពីទឹកនេះ យើងនឹងទាក់ទងទៅខាងកងលម្ហសមុទ្រ ថារឿងហ្នឹងយ៉ាងម៉េច? តែចំពោះខ្ញុំអ្នកទៅទទួល ខ្ញុំទទួលបានតែប៉ុណ្ណឹង ដែលមានការចុះហត្ថលេខាប្រគល់ទទួលត្រឹមត្រូវ”។

ពាក់ព័ន្ធទៅនឹងប្រភេទឈើក្រហមនោះ មន្ត្រីក្រសួងវប្បធម៌បាន ឆ្លើយតបថា ប្រភេទឈើក្រហមក្នុងរូបនោះ អ្នកជំនាញពុំអាចឆ្លើយតបបានឡើយ ដ្បិតស្ថានភាពឈើដែលក្រសួងទទួលបានគឺមានពណ៌ខ្មៅដូចភ្លើងឆេះ។ ចំនួនឈើដែលក្រសួងទទួលបានគឺ ៩០ដុំ។

គួររម្លឹកថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ មានរៀបចំពិធីផ្ទេរប្រគល់សមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ) ដែលកម្លាំងទីបញ្ជាការជួរមុខ បានរកឃើញ និងស្រង់ចេញពីសំពៅលិចក្នុងបាតសមុទ្រ នៅទីតាំងភូមិសាស្ត្រចន្លោះ កោះតាគាវ និងកោះឬស្សី ប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យកទៅរក្សាទុក នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តព្រះសីហនុ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ (គ.ជ.ស.ស)។ កម្មវិធី បានធ្វើឡើង ក្រោមអធិបតីភាព លោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដោយមានការចូលរួម ពីលោក ប៊ុត បុប្ផា ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ។ ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ស.ស. បានលើកឡើងថា សមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ) ប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យកទៅរក្សាទុក នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តព្រះសីហនុ ដើម្បីឱ្យក្រុមមន្ត្រីជំនាញក្រសួងធ្វើការចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិបេតិកភណ្ឌជាតិ។

កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ប៊ុត បុប្ផា ប្រធាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ និងសហការី បានអមដំណើរក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយ លោក អ៊ុក សុខាអគ្គនាយកបេតិកភណ្ឌ បានចុះពិនិត្យ និងវាយតម្លៃ សមុច្ច័យកុលាលភាជន៍ ដែលមន្ត្រីនៃទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ស្រង់យកពីទីតាំងសំពៅលិច ក្នុងទីតាំងភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី មករក្សាទុកនៅទីបញ្ជាការជួរមុខ នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ចំនួន ១ទីតាំង និងនៅសាលាហ្វឹកហ្វឺនកងទ័ពជើងទឹកចំនួន ៣ទីតាំង។

សមុច្ច័យកុលាលភាជន៍ជាច្រើនមានដូចជា ពាងត្រចៀកបួន ក្រឡត្រចៀកបួន ខួច ក្អម ចានឆ្នាំង ដែលដុតក្នុងកំដៅខ្ពស់ និងមានផ្ទៃរលោង ផលិតនៅក្នុងតំបន់មួយចំនួននៅប្រទេសថៃឡង់ដូចជា៖ ឡមេណាមណយ ខេត្តស៊ីង្ហបុរី, ឡស្រីសជនាល័យ ស្រុកសុវណ្ណកលោក ខេត្តសុខោទ័យ និងភាជន៍ផលិតបែបប្រពៃណីនៅតាមភូមិក្បែរក្រុងអយុធ្យា ដែលមានអាយុកាលរវាង សតវត្សរ៍ទី១៥ ដល់ ១៧៕
អត្ថបទ៖ ច័ន្ទ វីរៈ
ព័ន្ធមានពាក់ព័ន្ធ៖ ជុំវិញមន្ទិល មិនឃើញឈើក្រហមបុរាណមានតម្លៃ ស្រង់ពីបាតសមុទ្រ ប្រគល់ជូនក្រសួងវប្បធម៌

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ