ព័ត៌មានជាតិ
ហាងឆេងដីនៅមណ្ឌលគិរីនឹងប្រែប្រួលយ៉ាងណា ក្រោយរាជរដ្ឋាភិបាល សម្រេចសាងសង់ ព្រលានយន្តហោះថ្មី?
រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានសម្រេចឱ្យក្រុមហ៊ុន Powerchina International Group សិក្សាទៅលើការសាងសង់ព្រលានយន្តហោះថ្មីខ្នាតតំបន់នៅខេត្តមណ្ឌលគិរី។ អ្នកជំនាញវិស័យដីធ្លីមើលឃើញថា ដំណើរចាប់ផ្តើម របស់រដ្ឋាភិបាលនៅពេលនេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ពេលអនាគត ដោយហាងឆេងដីនៅតំបន់មណ្ឌលគិរីនឹងមានការហក់ឡើងខ្ពស់។
លិខិតរបស់ទីស្តីការណ៍គណៈរដ្ឋមន្ត្រី ចេញផ្សាយនៅថ្ងៃទី ៣ ដើមខែមករា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលមិនទាន់បានបញ្ជាក់ពីព័ត៌មានលម្អិតជុំវិញការសាងសង់ព្រលានថ្មីនេះនៅឡើយទេ ប៉ុន្តែតាមលិខិតបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចប្រគល់សិទ្ធិឱ្យក្រុមហ៊ុន Powerchina International Group សិក្សា និងអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ ជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៤ ដើមខែមករា នេះថា ដំណើរការចាប់ផ្តើមសាងសង់ព្រលានថ្មីនេះ គឺជាការអភិវឌ្ឍតំបន់ប៉ូល របស់រដ្ឋាភិបាល ដោយធ្វើពីខេត្តមួយទៅខេត្តមួយ ដូចជានៅព្រះសីហនុ កោះកុង សៀមរាប និងមណ្ឌលគិរី។ លោក បញ្ជាក់ថា ការសម្រេចសាងសង់ព្រលានយន្តនៅលើទឹកដី ខេត្តភូមិភាគឦសាននេះ នឹងជម្រុញសក្តានុពលវិស័យអចលនទ្រព្យនៅខេត្តមណ្ឌលគិរីឱ្យកើនឡើងក្នុងពេលអនាគត ដ្បិតថាបច្ចុប្បន្នមិនទាន់មានសញ្ញាកើនឡើង ប៉ុន្តែលោក ច្រឹក សុខនីម អះអាងថា យ៉ាងយូរបំ់ផុតត្រឹមដំណាច់ឆ្នាំ ២០២១ ឬដើមឆ្នាំក្រោយ ហាងឆេងដីនៅតំបន់នោះ នឹងឡើងថ្លៃ។
លោក ហូរ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍអាស៊ី ដែលហៅកាត់ថា ADB បានសិក្សាស្រាវជ្រាវតាំងពីឆ្នាំ ២០០៨ ប្រសិនបើគម្រោងនៃការសាងសង់ព្រលានយន្តហោះថ្មីនេះកើតឡើងឆាប់ៗ វានឹងជួយជម្រុញទៅដល់វិស័យផ្សេងៗជាច្រើន ក្នុងនោះ វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ អាចនឹងរីកដុះដាល ខ្លាំង ដោយសារតែភាពងាយស្រួលក្នុងការធ្វើដំណើរ និងភាពងាយស្រួលក្នុងការវិនយោគ ដោយមានផ្លូវធ្វើដំណើរតាមជើងហោះហើរ។
នៅក្នុងសន្និសីទកាលពីខែកក្កដា ឆ្នាំ ២០២០ អភិបាលខេត្ត មណ្ឌលគិរី ស្វាយ សំអ៊ាង បានបញ្ជាក់ថា អាជ្ញាធរខេត្តបានត្រៀមដីប្រមាណ ៦០០ ហិចតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី រួចហើយ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។

យោងតាម លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូនព័ន្ធ មុនីរ័ត្ន, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍អនុញ្ញាតឲ្យមានការសាងសង់អាកាសយានដ្ឋានថ្នាក់តំបន់នៅខេត្តមណ្ឌលគិរី។
លិខិតដែលទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ ទី១, ជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានថ្មី ខ្នាតតំបន់ នៅខេត្តមណ្ឌលគីរី ដោយតម្រូវឲ្យទទួលរ៉ាប់រងលើចំណាយ នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ទី២, អនុញ្ញាតិឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន Powerchina International Group តាមនីតិវិធីជាធរមានដូចបានអនុវត្តន៍កន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
សូមបញ្ជាក់ថា ការសម្រេចនេះ ធ្វើឡើងយោងតាមលិខិតចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ, លិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ, ចំណាដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


