Connect with us

សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ចមើលឃើញថា វិបត្តិសកលមិនជះឥទ្ធិពល​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៣

បានផុស

នៅ

ធនាគារពិភពលោក ក៏ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមានថ្មីៗបន្ថែមទៀត អាចជំរុញសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ពិសេសនៅតាមប្រទេសតូចៗ និងងាយ​រងគ្រោះ។ បើតាមធនាគារពិភពលោក ទោះបីជាមិនមានវិបត្តិផ្សេងទៀតក៏ដោយ កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា​ នឹងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុរបស់ប្រទេសធំៗ ក្នុងគោលបំណងទប់ទល់នឹងអតិផរណាខ្ពស់ ស្ថានភាពហិរញ្ញវត្ថុកាន់តែមិនល្អ ដោយឥទ្ធិពលពីការឈ្លានពាន​របស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ជាមួយគ្នានេះ ស្ថាប័ន IMF មើលឃើញថា មួយភាគបីនៃសេដ្ឋកិច្ចពិភពលោក​នឹងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារតែសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិនកំពុងធ្លាក់ចុះក្នុងពេលដំណាលគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ងាកមកកម្ពុជាវិញ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា វិបត្តិនៅលើសកលលោក មិនជះឥទ្ធិពល​ដល់ការ​អភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា នោះទេ។​ ផ្ទុយទៅវិញអាចជាឱកាសសម្រាប់កម្ពុជា ក្នុងការនាំចេញផលិតផលដែល​ប្រទេសមួយចំនួនកំពុងមានតម្រូវការ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា បានលើកឡើងថា ​វិបត្តិសេដ្ឋកិច្ចកំពុងកើត​ឡើងនៅលើពិភពលោក ហើយកាន់តែតានតឹងទៅៗ ប៉ុន្តែបញ្ហានេះ មិនជះឥទ្ធិពលធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចកម្ពុជា នោះទេ។ តែវិបត្តិនេះ នឹងប៉ះពាល់ដល់ប្រទេសដែលប្រកួតប្រជែងជាមួយកម្ពុជា មានដូចជា ប្រទេសបង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌា និងប្រទេសផ្សេងទៀត ដែលផលិត ផលិតផលកាត់ដេរអាចនឹងធ្លាក់ចុះក្នុងការផលិត។ ចំណែកកម្ពុជា នឹងមានឱកាសជំរុញវិស័យកាត់ដេរសម្រាប់នាំចេញ។

លោកបន្ថែមដូច្នេះថា« កន្លងមក នៅឆ្នាំ ២០២២ យើងឃើញថា វិស័យកាត់ដេររបស់យើងទោះជាការបញ្ជា​ទិញមានការថមថយ តែមានកំណើន ពោលគឺថមថយនៅអឺរ៉ុប តែមកកើននៅកូរ៉េ ចិន និងជប៉ុនជាដើម»។ លើសពីនេះទៀត អង់គ្លេស និងអាមេរិក ដែលបានចាកចេញពីអឺរ៉ុប ដើរតួនាទីយ៉ាងសំខាន់សម្រាប់ទីផ្សារកម្ពុជា។ រីឯវិស័យកសិកម្ម ក៏កំពុងមានការលូតលាស់សន្សឹមៗ ហើយកម្ពុជា អាចផ្គត់ផ្គង់ស្បៀងសម្រាប់ខ្លួនឯង ខណៈដែល​តម្រូវការច្រើនជាងការផ្គត់ផ្គង់ការនាំចូលផលិតផលកសិផលមួយចំនួន ក៏នៅតែមាន ដែលនេះជា​សក្ដានុពល​មួយបង្ហាញថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ទើបមានកំណើននៃការនាំចូលទំនិញ​ប្រើប្រាស់ផ្សេងៗជាច្រើន។

លោកបណ្ឌិតបន្តទៀតថា នៅឆ្នាំ ២០២៣នេះកម្ពុជា បានត្រៀមខ្លួនរួចហើយ និងរំពឹងថា ទទួលបានភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសចិន ដែលរួមចំណែកបង្កើតប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងប្រទេសកាន់តែច្រើនជាងមុន មានន័យថា កើនឡើងនៃប្រាក់ចំណូល ឬ GDP។

ដូចគ្នានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​​រាជ​បណ្ឌិត​សភា​កម្ពុជា​ បានលើកឡើងថា បើទោះជាវិបត្តិសកលដែលកំពុងកើតឡើងផ្ទួនៗគ្នា ដូចជា វិបត្តិកូវីដ ជម្លោះរុស្ស៊ី អ៊ុយក្រែន ការមិនចុះសម្រុងគ្នារវាងប្រទេសមហាអំណាចដែលតាំងខ្លួនជាបងធំនៃភពផែនដី និងការប្រកួតប្រជែងក្នុងវិស័យជំនួញ នាំឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងណាក្តី តែកម្ពុជា នៅតែរក្សាបានកំណើនសេដ្ឋកិច្ចល្អ។

លោកបណ្ឌិត ថ្លែងដោយយោងទៅលើទិន្នន័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ដែលមានកំណើនប្រមាណ ១៩ភាគរយ នៅឆ្នាំ ២០២២ និងដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយ​បណ្តាប្រទេសធំៗ​នៅលើពិភពលោក សង្ឃឹមថា នៅឆ្នាំ ២០២៣នេះ អាចនឹងបន្តនូវកំណើនតទៅទៀត រួមទាំងទីផ្សារថ្មីៗ ដែលកម្ពុជា បានភ្ជាប់ទំនាក់ទំនងរួចហើយ ដូចជា អង់គ្លេស តួកគី និងបន្តពង្រីកពាណិជ្ជកម្មថែមទៀត ជាមួយប្រទេស​នៃកិច្ច​ព្រមព្រៀង RCEP ជាដើម។

ទន្ទឹមនឹងកំណើនពាណិជ្ជកម្មជាមួយអន្តរជាតិ លោកមើលឃើញថា ការគ្រប់គ្រងចំណូលពន្ធដារ និងគយ នៅកម្ពុជា មានប្រសិទ្ធភាពខ្ពស់ និងចំណូលមិនមែនមូលធន ក៏មានកំណើនផងដែរ លើសួយសារពិសេសដែលបានមក​ពីការវិនិយោគ​ធនធានរ៉ែមាស និងប្រេងរបស់កម្ពុជា។

ស្របពេលដែលអ្នកជំនាញសេដ្ឋកិច្ច មើលឃើញសញ្ញាល្អនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ធនាគារជាតិនៃកម្ពុជា ក៏មានសុទិដ្ឋិនិយមថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៦ភាគរយ នៅឆ្នាំ ២០២៣នេះ បើទោះជាមានបញ្ហាប្រឈមខ្ពស់នៅលើពិភពលោកយ៉ាងណាក៏ដោយ។ ការព្យាកររបស់ធនាគារជាតិនេះ ដោយពឹងផ្អែកលើវិស័យមួយចំនួន ដូចជា វស័យកាត់ដេរ វិស័យទេសចរណ៍ កសិកម្ម វិស័យសំណង់ និងអចលនទ្រព្យជាដើម។

ចំណែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០២៣នេះ ត្រូវបានព្យាករថា នឹងសម្រេចបាន ៦,៦ភាគរយ។ សម្ដេច លើកឡើងបែបនេះ ដោយមើលឃើញថា ជីវភាពរបស់​ប្រជាជន​រក្សាបាននូវភាពនឹងនរ ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ​ ដែលរងឥទ្ធិពលខ្លាំងពីវិបត្តិនៃជំងឺកូវីដ ១៩ ​រួមទាំងប្រជាជន​ដែលរង​ហានិភ័យពីសម្ពាធនៃការឡើងថ្លៃទំនិញជាសកល និងពលរដ្ឋរងគ្រោះ ពីទឹកជំនន់​តាមរយៈការ​អនុវត្តកម្មវិធី​វិធានការអន្តរាគមសង្គមនានា​បានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម