Connect with us

ព័ត៌មានជាតិ

លោក​ជា ចាន់តូ ជាប់​ចំណាត់ថ្នាក់​ជា​ថ្នាក់ដឹកនាំ​ធនាគារ​កណ្តាល​ឆ្នាំ​២០២១​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

បានផុស

នៅ

ភ្នំពេញ ​៖ ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​ជា​ថ្នាក់ដឹកនាំ​ធនាគារ​កណ្តាល​ឆ្នាំ​២០២១ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​បានល្អ​ប្រសើរ និង​បានរួម​ចំណែក​ជំរុញ​កំណើន និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច ក្នុង​ស្ថាន​ភាព​ដែល​កម្ពុជា​ទទួលរង​ផលប៉ះពាល់​ពី​ឥទ្ធិពល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

ការផ្តល់ជូន​ចំណាត់ថ្នាក់​នេះ ត្រូវបាន​ធ្វើឡើង​ដោយ The Banker ដែលជា​ភ្នាក់ងារ​ប្រមូលផ្តុំ​ទិន្នន័យ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សកលលោក ក្រោយពី​បាន​វាយតម្លៃ​លើ​សមិទ្ធផល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ទទួលបាន​នាពេល​កន្លងមក​។

The Banker បាន​វាយតម្លៃ​ខ្ពស់​ថា ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ជា ចាន់តូ ធនាគារជាតិ​នៃ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​បានល្អ​ប្រសើរ ក្នុងដំណាក់កាល​ដែល​ក​ម្ពុ​ជា ក៏ដូចជា​ពិភពលោក​កំពុង​ជួបនឹង​វិបត្តិ នៅ​ឆ្នាំ​២០២០ កន្លងទៅ​។ The Banker បាន​កត់សម្គាល់ថា កម្ពុជា​បាន​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​។

ទោះយ៉ាងណា កម្ពុជា​ក៏បាន​រង​ផលប៉ះពាល់​ដោយសារ​ការធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ​នៃ​ចំណូល​វិស័យ​ទេសចរណ៍ និង​បានទទួល​រងគ្រោះ​ទឹកជំនន់​រយៈពេល​ខ្លី​។ កំណើនសេដ្ឋកិច្ច​ត្រូវបាន​រំពឹងថា​នឹង​អាច​ធ្លាក់ចុះ​ដល់ -១,៩% នៅ​ឆ្នាំ​២០២០​។ ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការធ្លាក់ចុះ​និង​បញ្ហា​ប្រឈម​ទាំងនេះ ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ចេញ​នូវ​វិធាន​ការគាំទ្រ​មួយចំនួន​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្នុងនោះ​រួមមាន ការរៀបចំ​ឥណទាន​ឡើងវិញ​ដែល​បាន​ដាក់ឱ្យអនុវត្ត​កាលពី​ខែមីនា ឆ្នាំ​២០២០​កន្លងមក និង​បន្ត​អនុវត្ត​ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២១​នេះ​។ ការរៀបចំ​ឥណទាន​ឡើងវិញ​ត្រូវបាន​អនុញ្ញាត​រហូតដល់​ទៅ​បី​ដង ដោយ​មិនមាន​ប៉ះពាល់​ដល់​ចំណាត់ថ្នាក់​ឥណទាន​នោះទេ​។

បទ​ប្បញ្ញត្តិ​បន្ថែម​រួមមាន​៖ ការកាត់បន្ថយ​អត្រា​ការប្រាក់ និង​ការលើកលែង​ថ្លៃ​សេវា ជាដើម​។ ការដាក់ចេញ​នេះ​បានធ្វើឱ្យ​ឥណទាន​មិន​ដំណើរការ​ស្ថិតក្នុង​កម្រិត​ទាប ២,៥%​។​

​កម្ពុជា​ក៏បាន​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ឌីជីថល​។ ធនាគារជាតិ​នៃ​កម្ពុជា បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បាគង កាលពី​ខែតុលា ឆ្នាំ​២០២០ ដែល​បានរួម​ចំណែក​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដោយសារ​មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​បើកប្រាក់​បៀវត្សរ៍​ជូន​បុគ្គលិក​របស់ខ្លួន​ជា​សាច់ប្រាក់​នៅឡើយ​។ ប្រព័ន្ធ​បាគង​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេន និង​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​បាន​ទាំង​ជា​ប្រាក់រៀល​និង​ប្រាក់​ដុល្លារ​អាមេរិក តាមរយៈ​ទូរស័ព្ទដៃ ដោយ​អ្នកប្រើប្រាស់​អាច​ស្កេ​ន​លេខ​កូដ ឬ​វាយ​បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នកទទួល​ប្រាក់​។ ប្រព័ន្ធ​បាគង​មាន​សមាជិក​ប្រមាណ ២០​ធនាគារ​។

ម្យ៉ាងទៀត រូបិយវត្ថុ​ជាតិ​ក៏ត្រូវ​បាន​ជំរុញ​ឱ្យប្រើ​ប្រាស់​យ៉ាងខ្លាំង​ក្លា​ផងដែរ សំដៅ​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព និង​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ជាពិសេស​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន ការទូទាត់​ដែលមាន​ទឹកប្រាក់​តិចជាង​១០០​ដុល្លារ​អាមេរិក​ត្រូវបានធ្វើ​ឡើងជា​ប្រាក់រៀល ខណៈដែល​ការប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ដែលមាន​ទំហំ​ទឹកប្រាក់​តូច​បាន​ថយចុះ​ជា​បណ្តើរៗ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម