សេដ្ឋកិច្ច
ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចពិភពលោកមានស្ថិរភាព ប៉ុន្តែស្ថិតនៅក្រោមកម្រិតមុនកូវីដ
ធនាគារពិភពលោកកាលពីថ្ងៃអង្គារ បាននិយាយថា ដំណើរការសេដ្ឋកិច្ចអាមេរិកខ្លាំងក្លាជាងការរំពឹងទុក បានជំរុញការបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ ប៉ុន្តែព្រមានថា កំណើនដដែលនៅតែបន្តទាបជាងកម្រិតមុនវិបត្តិកូវីដ១៩ រហូតដល់ឆ្នាំ ២០២៦។

ធនាគារពិភពលោក បាននិយាយក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយរបស់ខ្លួន ថា កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ នឹងមានស្ថេរភាពនៅ ២,៦ ភាគរយ ដោយមិនផ្លាស់ប្ដូរពីអត្រាឆ្នាំ ២០២៣។ តួលេខនេះ គឺ ០,២ ភាគរយខ្ពស់ជាងការព្យាករណ៍កាលពីខែមករារបស់ធនាគារ ដោយសារតែភាពខ្លាំងនៃតម្រូវការនៅសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ធនាគារពិភពលោកក៏បានព្យាករផងដែរថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងដល់ ២,៧ ភាគរយក្នុងឆ្នាំ ២០២៥ និង ២០២៦ ដែលទាបជាងអត្រា ៣,១ ភាគរយនៅមុនវិបត្តិកូវីដ។ របាយការណ៍បន្តថា ប្រទេសដែលរួមចំណែកឱ្យ ៨០ ភាគរយនៃចំនួនប្រជាជន និង GDP ពិភពលោក នឹងជួបប្រទះនឹងកំណើនទាបជាងមុនវិបត្តិកូវីដរហូតដល់ឆ្នាំ ២០២៦។
ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក លោក Indermit Gill បាននិយាយថា៖ «ទស្សនវិស័យសម្រាប់ប្រទេសក្រីក្របំផុតរបស់ពិភពលោក គឺកាន់តែគួរឱ្យព្រួយបារម្ភ។ ពួកគេប្រឈមមុខនឹងបំណុល ការរឹតបន្តឹងលទ្ធភាពពាណិជ្ជកម្ម និងព្រឹត្តិការណ៍អាកាសធាតុដែលបង្កការខូតខាតធ្ងន់ធ្ងរ»។ លោកបន្ថែមថា ប្រទេសទាំងនោះ នឹងបន្តត្រូវការជំនួយអន្តរជាតិដើម្បីផ្គត់ផ្គង់តម្រូវការរបស់ខ្លួន។
ធនាគារដដែល បានគូសបញ្ជាក់ពីហានិភ័យផ្សេងៗសម្រាប់កំណើនសេដ្ឋកិច្ចសកល រួមមាន អត្រាការប្រាក់ខ្ពស់ក្នុងប្រទេសជឿនលឿន និងជម្លោះរ៉ាំរ៉ៃនៅហ្គាហ្សា និងអ៊ុយក្រែនជាដើម។ សង្រ្គាមកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា អាចបណ្តាលឱ្យមានការរំខានបន្ថែមទៀតដល់ការដឹកជញ្ជូន និងជំរុញតម្លៃប្រេង និងអតិផរណា។ ធនាគារបានបន្តថា ដូចគ្នាដែរ ភាពមិនច្បាស់លាស់មួយទៀតគឺពាក់ព័ន្ធនឹងការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលអាចរំខានដល់ទីផ្សារប្រេង និងគ្រាប់ធញ្ញជាតិ។

ធនាគារពិភពលោកក៏បាននិយាយផងដែរថា ការធ្លាក់ចុះនៅចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកនឹងរារាំងកំណើនជាពិសេសនៅក្នុងប្រទេសនាំចេញទំនិញ និងដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចចិនឆ្នាំ ២០២៤ ដល់ ៤,៨ ភាគរយពី ៤,៥ ភាគរយ ដោយសារតែការកើនឡើងការនាំចេញ ដែលស៊ីសងគ្នាជាមួយនឹងភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក។ យ៉ាងណាមិញ ធនាគារបានព្រមានថា កំណើនសេដ្ឋកិច្ចចិននឹងធ្លាក់ចុះមកត្រឹម ៤,១ ភាគរយនៅឆ្នាំ ២០២៥ ដោយសារតែការវិនិយោគ និងទំនុកចិត្តអ្នកប្រើប្រាស់ទន់ខ្សោយ និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យដែលកំពុងបន្តជាដើម។
ធនាគារពិភពលោក បានបង្កើនការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចអាមេរិក ២០២៤ ដល់ ២,៥ ភាគរយ កើនឡើងពី ១,៦ ភាគរយក្នុងការព្យាករណ៍កាលពីលើកមុន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


