Connect with us

សេដ្ឋកិច្ច

ចិន​រិះ​គន់​​ការ​បង្កើន​ពន្ធរថយន្ត​អគ្គិសនី​​​របស់ប្លុក​​​អឺរ៉ុប​ ថា​ជា​ ទង្វើ​ការពារ​និយម​​ដោយ​គ្មាន​ការ​អៀន​ខ្មាស់​

បានផុស

នៅ

ប្រតិកម្ម​ទៅ​នឹង​វិធានការ​ដំឡើង​ពន្ធ​លើ​រថយន្ត​អគ្គិសនីនាំ​ចូល​ពី​ចិន​​របស់​សហភាព​អឺរ៉ុប​  ទីក្រុង​​ប៉េកាំងកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​រិះ​គន់​ការណ៍​នេះ​ ដោយ​ហៅវា​ថា​ជា​ «ទង្វើការពារ​​និយម​​​ដោយ​​គ្មាន​​ការ​​អៀន​​ខ្មាស់​»។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។ ​ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ លោក​ He Yadong បាន​ថ្លែង​យ៉ាងដូច្នេះ​ថា​​៖ «​វា​នឹង​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ខូច​សិទ្ធិ​ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​នៃ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​របស់​ប្រទេស​ចិន​ ​​រំខាន​ដល់​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ផល​ប្រយោជន៍ចំពោះ​គ្នា​​ទៅ​វិញ​ទៅ​មក​រវាង​ចិន​ និង​អឺរ៉ុប​​​ក្នុងវិស័យ​​រថយន្ត​ថាមពល​ថ្មី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​នឹង​ធ្វើ​ឱ្យ​ខូច​ទ្រង់​ទ្រាយ​ឧស្សាហកម្ម​រថយន្ត​ និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ពិភព​លោក​ រួម​ទាំង​សហភាព​អឺរ៉ុប​ផង​ដែរ​»​។

លោក​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖​ «វា​ជា​ទង្វើ​នៃ​ការ​ការ​ពារ​និយម​ដោយ​គ្មានការ​​អៀន​ខ្មាស់​»។

លោក​ He បាន​និយាយ​ថា​ ប្រទេស​ចិន​រក្សា​សិទ្ធិ​ក្នុង​ការ​បង្ហាញ​ករណី​នេះ​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ ហើយ​នឹង​ចាត់​វិធានការ​ចាំ​បាច់​ទាំង​អស់​ដើម្បី​ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​សហគ្រាស​ចិន​។​

មុន​នោះ​ កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ដដែល​ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន​ស៊ីនហួ​ បាន​ចុះ​ផ្សាយ​នូវ​បទវិចារណកថា​មួយ​ដែល​សរសេរ​ថា​ ទង្វើ​របស់​សហភាព​អឺរ៉ុប​​​ស្ថិត​នៅ​លើ​ «ទិស​ដៅ​ខុស​» ហើយ​ជំរុញ​ឱ្យ​លុប​ចោល​វា​វិញ​ ដោយ​សំអាង​លើ​ផល​ប្រយោជន៍​ទ្វេភាគី​។

គួរ​គូស​បញ្ជាក់​ថា​ ​គណៈ​កម្មការ​អឺរ៉ុប​​​កាល​ពី​ថ្ងៃ​ពុធ​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ដាក់​ពន្ធ​បន្ថែម​រហូត​ដល់​ ៣៨,១ ​ភាគរយ​​លើ​រថយន្ត​អគ្គិសនី​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ចាប់​ពី​ខែ​កក្កដា​ទៅ​ ដោយ​ក្នុង​នោះ​រួម​​មាន​​ពន្ធ​បន្ថែម​​​ ១៧,៤ ភាគរយ​លើ​រថយន្ត​របស់​ក្រុម​ហ៊ុន​​​​ BYD ​និង​​ ៣៨,១ ភាគរយ​សម្រាប់​ក្រុម​ហ៊ុន​ SAIC ​។

សហភាព​អឺរ៉ុប​ ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចិន ថា​​បាន​ផ្ដល់​ការ​ឧបត្ថម្ភ​ធន​ចំពោះ​ក្រុម​ហ៊ុន​ចិន​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​អាច​លក់​រថយន្ត​ថោក​ជាង​គូ​ប្រជែង​នៅ​អឺរ៉ុប​ ហើយ​​ចំណាត់​ការ​ពន្ធ​ ត្រូវ​តែ​ធ្វើ​ឡើង​ដើម្បី​​កុំ​ឱ្យ​រថយន្ត​ចិន​ហូរ​​ចូល​ជន់​​លិច​ទីផ្សារ​របស់​ប្លុក និង​ដើម្បី​ការពារ​​ក្រុមហ៊ុន​ក្នុង​ស្រុក​​។

ការ​ដំឡើង​ពន្ធ​របស់​​អឺរ៉ុប​ ធ្វើ​ឡើង​ខណៈ​ចិន​​កាន់​តែ​រង​សម្ពាធ​ ដោយ​វិធាន​ការ​ដូច​ៗ​គ្នា​​រួម​ទាំង​ពី​សហរដ្ឋ​អាមេរិក​ និង​តួកគី​៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម