Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិបត្តិករទេសចរណ៍ថៃ សុំ​បន្ថយរយៈពេលស្នាក់នៅ​នៃ​គម្រោងលើកលែងទិដ្ឋាការ ​​សម្រាប់ភ្ញៀវចិន

បានផុស

នៅ

ប្រតិបត្តិករទេសចរណ៍ថៃ បានស្នើសុំឱ្យរដ្ឋាភិបាលកាត់បន្ថយរយៈពេលស្នាក់នៅក្រោម​គោលនយោបាយលើកលែង​ទិដ្ឋាការ សម្រាប់​ភ្ញៀវទេសចរចិន​ ​ដើម្បីដោះស្រាយកង្វល់លើ​សកម្មភាព​ខុសច្បាប់កើតចេញ​ពីគម្រោងនេះ ខណៈ​ក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បានជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងការបោកប្រាស់។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែតបាងកកប៉ុស្តិ៍នា​ថ្ងៃអង្គារ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវបែប​នេះ ធ្វើ​ឡើងក្រោយ​វិស័យ​ទេសចរណ៍ថៃ ​បាន​រង​ផលប៉ះពាល់ពី​ករណីជួញដូរមនុស្ស ដែល​ពាក់ព័ន្ធ​នឹង​ការ​បាត់ខ្លួន​តួសម្ដែង និងតារាម៉ូដែលចិន ​កាល​ដើម​ខែ​មករា​កន្លងទៅ មុនត្រូវបាន​រក​ឃើញ​ និងជួយសង្រ្គោះ​វិញ​ក្នុងប្រទេស​មីយ៉ាន់ម៉ា​។ ជនរងគ្រោះ​ទាំងនោះ​ បាន​ធ្វើ​ដំណើរមក​ប្រទេស​ថៃ​ ហើយ​ត្រូវ​បាន​ឧក្រិដ្ឋជន​បោកបញ្ឆោតឆ្លងដែន​ ​យក​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ប្រតិបត្តិការ​ឆបោកអនឡាញ​ក្នុងប្រទេស​មីយ៉ាន់ម៉ា។ ករណី​នេះ​ បាន​បណ្ដាល​ឱ្យ​ភ្ញៀវទេសចរចិន​ លុប​ចោលដំណើរកម្សាន្តរបស់​ខ្លួនមក​ថៃទ្រង់ទ្រាយ​ធំ។

អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) លោកស្រី Thapanee Kiatphaibool បាននិយាយកាលពីថ្ងៃចន្ទថា ករណីរបស់តារាសម្តែងចិន Wang Xing ដែលត្រូវបានគេបោកបញ្ឆោត​ទៅ​មីយ៉ាន់ម៉ាតាមព្រំដែនថៃ បានធ្វើឱ្យប្រតិបត្តិករទេសចរណ៍ក្នុងស្រុកមានការព្រួយបារម្ភកាន់តែខ្លាំង ចំពោះអ្នកបោកប្រាស់បរទេស ដែល​ឆ្លៀតឱកាស​ប្រើគម្រោង​លើកលែង​ទិដ្ឋាការដើម្បី​ប្រព្រឹត្តសកម្មភាព​ខុសច្បាប់របស់​ខ្លួន​។ ​បច្ចុប្បន្ន គម្រោង​លើកលែង​ទិដ្ឋាការថៃ ដែល​មាន​បំណងជំរុញទេសចរណ៍ និងសេដ្ឋកិច្ចថៃ ផ្តល់ជូន​​ការស្នាក់នៅក្នុង​ប្រទេស​នេះ​ រយៈពេល ៦០ ថ្ងៃ​។

​លោកស្រីបាននិយាយថា វិស័យឯកជនចង់ឱ្យរដ្ឋាភិបាលថៃពិចារណាកាត់បន្ថយរយៈពេលស្នាក់នៅពី ៦០ ថ្ងៃ មកត្រឹម ១៥ ថ្ងៃ ដែល​សាកសមនឹង​រយៈពេលស្នាក់នៅជាមធ្យមជាក់ស្តែង សម្រាប់ភ្ញៀវទេសចរ​ពី​ទីផ្សារប្រទេសចិន។ លោកស្រី Thapanee ​បាន​បន្តថា​ ប្រសិនបើរដ្ឋាភិបាលយល់ព្រមនឹងសំណើនេះ ទីផ្សារចិនជាទូទៅ​អាច​នឹង​មិន​រងផលប៉ះពាល់ទេ ដោយសារ​ទេសចរចិន​ភាគច្រើន​ មាន​ទំនោរធ្វើដំណើរកម្សាន្តចន្លោះពី ៧ – ១០ ថ្ងៃ ​ជាជាង​យូរជាង​នេះ​។

មិនមែន​តែប្រតិបត្តិករ​ទេសចរណ៍ទេ ដែល​សម្ដែង​ការព្រួយបារម្ភពី​បញ្ហា​នេះ​។ កាសែត​បាងកកប៉ុស្តិ៍​បាន​រាយការណ៍​ផងដែរ​ថា​ ព្រឹទ្ធសភាថៃ​បានអំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញឱ្យ​ហ្មត់ចត់នូវគោលនយោបាយលើកលែង​​ទិដ្ឋាការរបស់ខ្លួនសម្រាប់ជនជាតិចិន ដោយលើកឡើងពីហានិភ័យដែលប្រទេសថៃក្លាយជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពឧក្រិដ្ឋកម្ម ក្រោមភាពទាក់ទាញអវិជ្ជមាន​នៃ​គោលនយោបាយនេះ​។

គួរគូស​បញ្ជាក់ថា​ ក្រសួងទេសចរណ៍ថៃ​កំណត់គោលដៅភ្ញៀវទេសចរចិន ចន្លោះពី ៨,៨-៩ លាន​នាក់ នៅឆ្នាំ​នេះ ក្នុងចំណោមគោលដៅភ្ញៀវទេសចរបរទេស​ពី ៣៩-៤០ លាននាក់។ ​

ដោយសារតែករណីបាត់ខ្លួនតួសម្ដែងចិន ​សមាគមសណ្ឋាគារថៃ (THA) បាន​ឱ្យដឹងថា​ ភ្ញៀវទេសចរចិន​បាន​លុបចោលការ​កក់បន្ទប់ចំនួន ៤ ៥៧២ យប់ ​​តាម​សណ្ឋាគារនានាទូទាំងប្រទេសថៃ​នា​ខែ​មករា ដោយ​ក្នុងនោះ​ ការកក់បន្ទប់ចំនួន ២ ០០១ យប់ ត្រូវ​បាន​លុបចោល​នៅក្រុងបាងកក។ ​

​ក្ដីបារម្ភ​អំពីសុវត្ថិភាព​ក្នុងប្រទេសថៃ ក៏បានជះឥទ្ធិពលដល់ទីផ្សារភ្ញៀវទេសចរបរទេសផ្សេងទៀតក្រៅពីចិន​ផងដែរ ដោយ​ការកក់បន្ទប់ចំនួន​ ៧ ៨៥៦ យប់ ត្រូវ​បាន​លប់ចោល​។ ​អ្នកជំនាញ​លើកឡើងថា​ ក្ដីបារម្ភ​​សុវត្ថិភាពចុងក្រោយ​គឺ​ជា​បញ្ហា​រស៊ើបខ្លាំង​សម្រាប់​អ្នកដំណើរនៅ​អាស៊ី​ ជា​ជាង​ភ្ញៀវពីប្រទេសលោកខាងលិច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម