Connect with us

អត្ថាធិប្បាយ

ទស្សនៈ ៖ គួរបញ្ឈប់វប្បធម៌ ប្រព្រឹត្តល្មើសច្បាប់ហើយ «សុំទោស» ឬថា «មានសតិមិនគ្រប់»

បានផុស

នៅ

ជាការពិត! ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤១ បានចែងថា ប្រជា​ពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ តែក្នុងមាត្រា៤១ដដែល បានបញ្ជាក់ថា ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោ​យរំលោភ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់របស់សង្គម ដល់សណ្ដាប់ធ្នាប់​សាធា​រណៈ និងដល់សន្តិសុខជាតិបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលប់ បានប្រតិបត្តិយ៉ាងត្រឹមត្រូវទៅលើ​សិទ្ធិសេរី​ភាព និងការបញ្ចេញមតិនេះ។ ក៏ប៉ុន្តែមានប្រជាពលរដ្ឋមួយក្ដោបតូច បានប្រព្រឹត្តមិនត្រឹមត្រូវ ទៅលើសិទ្ធិសេរីភាព និងការបញ្ចេញមតិនេះ បើទោះបីជាពួកគេបានដឹង និងយល់អំពីច្បាប់ទម្លាប់ក៏ដោយ ក៏ពួកគេនៅតែបំពានទៀត។ ពួកគេទាំងនោះ បានប្រើប្រាស់បណ្ដាញសង្គមដូចជា៖ ហ្វេសប៊ុក, ទីកតុក, និងយូធូបជាដើម ដោយពួកគេទាំងនោះបានបង្ហោះសារ រូបភាព និងវីដេអូផ្ទុយអំពីច្បាប់បានកំណត់ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ប៉ះពាល់ដល់ថ្នាក់ដឹកនាំប្រទេស និងបានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់​សាធា​រណៈ និងដល់សន្តិសុខជាតិជាដើម។

ក្នុងចំណោមពួកគេមួយចំនួន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការទៅតាមច្បាប់ និងមួយចំនួនត្រូវបានហៅមកអប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាពដែលមិនមែនជាការអនុវត្តសិទ្ធិសេរីភាព​ និងការបញ្ចេញមតិនោះឡើយ។ ក៏ប៉ុន្តែនៅពេលអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការទៅលើបុគ្គលល្មើសច្បាប់ បែរជាមានម​ជ្ឈដ្ឋានខ្លះ ដែលគេស្គាល់ថា ជាសង្គមស៊ីវិលចេញមុខការពារ ដោយអំពាវនាវឲ្យមានការដោះលែង ឬក៏ឲ្យនៅក្រៅឃុំ ដោយពួកគេថា ជាសេរីភាពនៃការបញ្ចេញមតិ និងជារឿងនយោបាយទៅវិញ។

កន្លងមកមន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវ និងស្នើដោយទទូចសុំឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិសេរីភាព ឲ្យបានត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ក៏ប៉ុន្តែនៅតែមានអ្នកប្រព្រឹត្តល្មើស ដូច្នេះហើយ ទើបអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការទៅតាមច្បាប់ ដោយមិនមានការលើកលែងឡើយ។

ថ្មីៗនេះមានបុគ្គលម្នាក់ ឈ្មោះ កុល​ ចំរើន អាយុ​៣២​ឆ្នាំ បានប្រើប្រាស់បណ្ដាញសង្គមឈ្មោះ ស្លាបប៉ាកកាទេវរាជ បានបង្ហោះ​សារ អមជាមួយវីដេអូ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា «ការចាក់វ៉ាក់សាំងយកកាតគឺជាការរៀបគម្រោងប្លន់អាយុជីវិតប្រជាជនខ្មែរ របស់រដ្ឋាភិបាលលោក ហ៊ុន សែន សូមឧបត្ថម្ភម្នាក់១$ ដើម្បីជីវភាពរស់តាមរយ: ABA: 500 013 244»។ បន្ទាប់មកទៀត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បុគ្គលដដែលនេះ បានសរសេរ និងបង្ហោះជាវីដេអូថា «ការចាក់វ៉ាក់សាំងចិន គឺជាការចាក់មេរោគចូលទៅក្នុងរាង្គកាយយើង។ សូមឧបត្ថម្ភ មកខ្ញុំបាទម្នាក់មួយដុល្លារ ក្នុងជីវភាពរស់នៅ ដើម្បីធ្វើការកសាងសន្តិភាព ជូនប្រទេសជាតិតាមរយ: Account ABA: 500 013 244 សូមអរគុណ»។

ភ្លាមៗលោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានចេញមុខបដិសេធ​ទាំងស្រុង​ ចំពោះ​ការបង្ហោះសារ និងវីដេអូរបស់​បុគ្គល​ឈ្មោះ ផុន កុល​ចំរើន ដែល​ជា​ម្ចាស់​ទំព័រហ្វេ​ស​ប៊ុ​ក ​ឈ្មោះ​ស្លាប​ប៉ា​កា​ទេវរាជនេះ។ ជនសង្ស័យ​រូបនេះ មានអាយុ​៣២​ឆ្នាំ និងមានទីលំនៅ​ នៅ​ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង។ ជាមួយគ្នានេះ លោកស្នងការ​នគរបាលខេត្តកោះកុង ក៏បានអំពាវនាវ​ដល់​មហាជន​ទាំងអស់ មេត្តា​កុំ​ចាញ់​បោក ​ការបង់​ថវិកា​ចូល​តាម​សំណេរ​របស់​បុគ្គល កុល​ ចំរើន នេះ។

ចំណែកលោក ទិ​ត្យ សុ​ផា មុខរបរ​បើក​កន្លែង​ព្យាបាល​ជំងឺ​ទូទៅ រស់នៅ​ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង ដែលជា​ឪពុក​បង្កើត​របស់​ឈ្មោះ ផុន កុល​ចំរើន បានចេញមុខ​​សុំទោស​​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា និង​សាធារណជន​ទូទៅ ដោយស្នើសុំ​ក្តី​យោគយល់​អនុគ្រោះ​ ចំពោះ​ទង្វើ​កូនរបស់ខ្លួន។ លោក ទិត្យ សុផា បាននិយាយថា មូលហេតុ​ដែល​កូន​របស់គាត់​បង្ហោះ​យ៉ាង​ដូច្នេះ ក៏ព្រោះ​តែមាន​ជំងឺសរសៃ​ប្រសាទ ​សតិ​មិន​គ្រប់គ្រាន់ ​ចាប់ពី​តាំង​ប្រពន្ធ​របស់លោក​ស្លាប់ចោល​កាលពី​ឆ្នាំ​២០១៥មកម្លេះ។ ​បុរសដែលជា​ឪពុក​បង្កើត​របស់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ស្លាបប៉ាកកា​ទេវរាជ បានអះអាងទៀតថា រូបលោកបាន​នាំ​កូនរបស់ខ្លួន ​ទៅពិនិត្យ​ធ្វើ​រោគវិនិច្ឆ័យ​សុខភាព ហើយ​គ្រូពេទ្យ​បាន​បញ្ជាក់ថា កូន​របស់គាត់​ពិតជា​មាន​ជំងឺ​សរសៃ​ប្រសាទ​ប្រាកដ​មែន តម្រូវឲ្យ​ព្យាបាល​នៅ​មន្ទីរ។

យ៉ាងណាក៏ដោយបុគ្គល​ឈ្មោះ ផុន កុល​ចំរើន ពុំបាន​រួមរស់​នៅ​ជាមួយ​ក្រុមគ្រួសារ​​ឡើយ ព្រោះតែ​ការមិន​ស្តាប់​ការអប់រំ​ណែនាំ​របស់​ឪពុក និង​កិច្ចសន្យា​លើ​ទី​១ ​ជាមួយ​សមត្ថកិច្ច​ ដោយរូបគេ​ក៏​សុំ​​ទៅធ្វើ​ខ្ទម​មួយ ​នៅ​កណ្តាល​វាលស្រែ​ ដែល​ឆ្ងាយ​ពី​ផ្ទះ​តែម្នាក់ឯង​។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះថា សមត្ថកិច្ចរបស់លោក បានទទួលឯកសារអស់ហើយ ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ផុន កុលចំរើន នេះ ដោយរួមទាំងលិខិតបញ្ជាក់របស់មន្ទីរពេទ្យផងដែរ។ លោកស្នងការនគរបាលខេត្តកោះ​កុង បានបញ្ជាក់ថា កម្លាំងរបស់លោក កំពុងតែបន្តស្វែងរកម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកាទេវរាជ បន្តទៀត ខណៈឪពុកបុគ្គលរូបនេះ ក៏កំពុងស្វែងរករូបគេដែរ ព្រោះប្រសិនបើរូបនេះ មិនមានថ្នាំលេបនោះទេ ជំងឺសរសៃប្រសា ទ នឹងកាន់តែរើខ្លាំងជាងនេះ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បញ្ជាក់ អំពីចំណាត់ការបន្តទៅលើបុគ្គលរូបនេះនៅឡើយទេ។

មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញការភ្ញាក់ផ្អើល ក្រោយទទួលព័ត៌មានថា ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកាទេវរាជ ដែលបញ្ចេញមតិរិះគន់ទាំងទទឹងទិសនោះ បែរជាចុងក្រោយឪពុក​របស់បុគ្គលរូបនេះ ប្រាប់ថា កូនរបស់ខ្លួនមានជំងឺសរសៃប្រសាទ ដោយមានការបញ្ជាក់ពីមន្ទីរពេទ្យថែមទៀត។

លើសពីនេះទៀត មានមតិខ្លះលើកឡើងថា បើសិនជាបុគ្គលរូបនេះ មានសតិមិនគ្រប់មែន ហេតុអ្វីបានជា​បុគ្គល​រូបនេះ មើលទៅដូចជាជំនាញខាងប្រើប្រាស់បណ្ដាញសង្គម ហើយមើលក៏ទៅយុវជនរូបនេះ ក៏ប្រហែលជាមាន​ជំនាញកាត់តវីដេអូថែមទៀត។ ម្យ៉ាងទៀត បើសិនជាមានជំងឺសរសៃប្រសាទមែន ហេតុអ្វីបានជាចេះឲ្យគេផ្ញើលុយ ចូលកុង ABA របស់ខ្លួនទៀត? ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច មានកាតព្វកិច្ចត្រួតពិនិត្យច្បាស់លាស់ ចំពោះ​ករណី​នេះ​ កុំឲ្យប្រព្រឹត្តខុសហើយ សុំទោសរួចខ្លួន ឬបង្ហាញតែលិខិតបញ្ជាក់ពីមន្ទីរពេទ្យថា សតិមិនគ្រប់ហើយ រួចខ្លួន​នោះទេ។

ទាក់ទងនឹងករណីនេះ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ បានលើកឡើងថា ការបង្ហាញលិខិតបញ្ជាក់ពីមន្ទីរពេទ្យ ពីសំណាក់ឪពុករបស់ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកាទេវរាជ គ្រាន់តែបង្ហាញរបស់ក្រុមគ្រួសារ សាច់ញាតិរបស់បុគ្គលរូបនោះប៉ុណ្ណោះ។ ក៏ប៉ុន្តែ​សមត្ថកិ​ច្ច និងតុលាការ នឹងពិនិត្យមើលករណីនេះ តាមស្ថានភាពជាក់ស្ដែង។

លោក ជិន ម៉ាលីន បានថ្លែងថា «អាហ្នឹងវាជាការអះអាង របស់ក្រុមគ្រួសារសាច់ញាតិ និងសាម៉ីខ្លួន ក៏ប៉ុន្តែខាង​សមត្ថកិច្ច តុលាការ គេហ្នឹងពិនិត្យមើល និងពិចារណា តាមស្ថានភាពជាក់ស្ដែង ពីសកម្មភាពនៃការប្រព្រឹត្តបទ​ល្មើស ពីស្ថានភាពសុខភាព ថាតើវាមានការពាក់ព័ន្ធយ៉ាងណានោះ អាហ្នឹងគេហ្នឹងពិនិត្យមើលតាមស្ថានភាពជាក់​ស្ដែង ហើយធ្វើការសម្រេចទៅតាមហ្នឹងបាទ ហើយការលើកឡើង គ្រាន់តែជាអំណេះអំណាង ក្នុងការការពារ​របស់​ខ្លួន ហើយសមត្ថកិច្ច និងតុលាការ គេនឹងហ្នឹងមើលតាមជាក់ស្ដែង»។

ចំណែកលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកតាមដានស្ថានការណ៍សង្គមយ៉ាងដិតដល់​នោះ បានអះអាងថា លោកមិនគាំទ្រចំពោះការបង្ហាញ លិខិតបញ្ជាក់ពីមន្ទីរពេទ្យថា សតិមិនគ្រប់ហើយ រួចខ្លួននោះ​ទេ ដោយលោកស្នើ​ឲ្យពិនិត្យរឿងនេះ ឲ្យបានច្បាស់លាស់។

លោក ជា ច័ន្ទបរិបូរណ៍ បានថ្លែងថា ការសរសេរបង្ហោះព័ត៌មានបំភ្លៃ និងមិនពិតនេះ គឺត្រូវទទួលទោសទណ្ឌទៅ​តាម​​ច្បាប់ជាធរមាន នៅក្នុងប្រទេសកម្ពុជា។ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងការចាក់វ៉ាក់សាំង គឺជាបញ្ហាមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការច្របូកច្របល់ ហើយមិនមែនក្នុងនៅក្នុងប្រទេសកម្ពុជានោះទេ សូម្បី​តែនៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ រដ្ឋបាលរបស់លោក ចូ បៃឌិន ក៏បាននិយាយដែរថា ដោយសារតែ​ការផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើឲ្យប្រជាជនអាមេរិកយល់ច្រឡំ អំពីការចាក់​វ៉ាក់សាំង ដោយមិនទៅចាក់វ៉ាក់សាំង ហើយមានប្រជាជនស្លាប់ជាច្រើន។

អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ បានលើកឡើងដែរថា ការអះអាងរបស់ឱពុកបុគ្គលម្ចាស់ទំព័រហ្វេសប៊ុក​ឈ្មោះ ស្លាបប៉ាកាទេវរាជ ដែលថា កូនរបស់ខ្លួនមាន​សតិ​មិនគ្រប់ ហើយមានលិខិតបញ្ជាក់ពី​មន្ទីរពេទ្យនោះ​ក៏ដោយ គឺគ្រាន់តែរបស់សាច់ញាតិរបស់បុគ្គលរូបនោះប៉ុណ្ណោះ។ ក៏ប៉ុន្តែការអះអាងនោះ ចេញតែពីភាគីតែម្ខាងតែ​ប៉ុណ្ណោះ ហើយទាំងអស់ គួរទុកឲ្យច្បាប់ជាអ្នកវិនិច្ឆ័យវិញ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើច្បាប់បានចែងថា អ្នកសតិមិនគ្រប់ ឬក៏មានសំបុត្របញ្ជាក់អ្វីអញ្ចឹង អា​ហ្នឹង​​វិនិច្ឆ័យផ្សេង។ ក៏ប៉ុន្តែប្រសិនបើច្បាប់ មិនបានចែងទេអាហ្នឹងត្រូវទទួលទោស ឧទាហរណ៍ជាក់ស្ដែងហើយ ដូចនៅសៀមរាបអញ្ចឹង មានជនពិការម្នាក់ គាត់ជេរប្រមាថ មាក់ងាយមកដល់ប្រមុខដឹកនាំ រហូតដល់អង្គព្រះ​មហាក្សត្រ ដល់គេចាប់ដាក់ពន្ធនាគារ ពួកអង្គការសង្គមស៊ីវិលស្រែកថា រំលោភសិទ្ធិមនុស្សចាប់ជនពិការ ដាក់​ពន្ធនាគារ។ ប៉ុន្តែច្បាប់មិនមានចែង ពិការ មិនពិការឯណា គេយកអាបទល្មើសហ្នឹងតើ»។

ជាសរុបមកវិញ ទោះបីជារដ្ឋធម្មនុញ្ញ បានចែងអំពីសិទ្ធិសេរីភាព ក្នុងការបញ្ចេញរបស់ប្រជាពលរដ្ឋក៏ដោយ តែក៏មិន​ត្រូវធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់អ្នកដទៃ ប៉ះពាល់ទំនៀមទម្លាប់របស់សង្គម ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិនោះដែរ។ ប្រជាពលរដ្ឋគួរថ្លឹងថ្លែង ឲ្យបានម៉ត់ចត់អំពីអ្វីទៅជាការបញ្ចេញមតិ និងអ្វីទៅ​ជាការប្រព្រឹត្តល្មើសច្បាប់​ ដោយពុំបានដឹងខ្លួន ដែលនាំឲ្យមានការចាត់វិធានការទៅតាមច្បាប់ផ្លូវច្បាប់។ ម្យ៉ាងទៀត ក៏គួរតែបញ្ឈប់ទៅ នូវវប្បធម៌ប្រព្រឹត្ដល្មើសច្បាប់ហើយ សុំទោសរួចខ្លួន ឬក៏ប្រព្រឹត្តខុសច្បាប់ហើយ បង្ហាញលិខិត​បញ្ជាក់ពីមន្ទីរពេទ្យថា មានសតិមិនគ្រប់ ហើយរួចខ្លួនដែរនោះ។ យើងគួរតែខិតខំ គោរពអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ឲ្យសាកសម នឹងការអភិវឌ្ឍន៍ជឿនលឿនរបស់ប្រទេសជាតិ របស់យើងទាំងអស់គ្នា៕ (ដោយ)៖ ឃួន​ សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម