អត្ថាធិប្បាយ
ខួប២ឆ្នាំនៃការបង្កើតរដ្ឋាភិបាល៖ កម្ពុជារួបរួមផ្ទៃក្នុងគ្នាយ៉ាងរឹងមាំ ឯថៃរញ៉េរញ៉ៃនយោបាយក្នុងប្រទេសរុញបញ្ហាមកឈ្លានពានទឹកដីខ្មែរ
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ គិតមកទល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល២ឆ្នាំគត់ដែលរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយយុវជនបន្តវេនឈាមថ្មីជាច្រើនទៀតជាសេនាធិការ ដឹកនាំ កាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន ក្រោមការឯកភាពជាតិយ៉ាងរឹងមាំ រួបរួមគ្នាប្រឆាំងការឈ្លានពានពីសំណាក់ប្រទេសជិតខាង។

២ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេសយ៉ាងល្អប្រសើរ រក្សាបានស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណា រក្សាបានកម្លាំងទិញនៃប្រាក់រៀល, រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ, ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្ត មិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។ ជាពិសេសរដ្ឋាភិបាលថ្មីនេះ ធ្លាប់ទទួលបានការកោតសរសើរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ថាជារដ្ឋាភិបាលដែលមានចក្ខុវិស័យច្បាស់លាស់ សន្សំសំចៃ មិនមែនជាស្ត្រីកញ្ជើធ្លុះឡើយ។

រដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងទាក់ទាញក្រុមហ៊ុនបរទេសឱ្យមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើតកន្លែងការងារជូនពលរដ្ឋ និងបង្កើតប្រាក់ចំណូល។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេលពេញ១ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។ ចំំណែករយៈពេល៧ខែឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤៤០ គម្រោង ដែលមានទំហំទុនវិនិយោគចំនួនប្រមាណ ៦,៧ ពាន់លានដុល្លារ ដែលអាចបង្កើតការងារជាង ៣០ ម៉ឺនកន្លែង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ក្ដីរពឹងថាពេញ១ឆ្នាំ២០២៥ នេះ កម្ពុជាបានគម្រោងវិនិយោគជាង៥០០។

រដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក៏បានបំពេញតួនាទីយ៉ាងសំខាន់លើការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការបញ្ជូនកងរក្សាសន្តិភាពទៅថែរក្សាសន្តិភាពនៅក្នុងប្រទេសនានា, ទប់ស្កាត់អំពើប្រល័យពូជសាសន៍, លើកកម្ពស់សិទ្ធិមនុស្ស ទប់ស្កាត់ការរើសអើង លើកកម្ពស់ប្រព័ន្ធយុត្តិធម៌សម្រាប់ជនជាតិភាគតិច, ប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មគ្រឿងញៀន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លើកកម្ពស់សេរីភាពបច្ចេញមតិ សេរីភាពក្នុងការជួបជុំដោយសន្តិវិធី និងការបង្កើតសមាគម អង្គការក្រៅរដ្ឋាភិបាល ការដោះស្រាយភាពក្រីក្រខ្លាំង ការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈជាដើម។

រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏មានមុខមាត់ សម្លេងដោយស្មើភាពទាំងនៅឆាកតំបន់ និងក្នុងឆាកអន្តរជាតិ។ រដ្ឋាភិបាលកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ថាបនា និងដោះស្រាយបញ្ហានានា និងផ្ដល់កិច្ចសហការជាមួយបណ្ដាប្រទេសជាច្រើនលើបញ្ហានៅក្នុងតំបន់ និងនៅឆាកអន្តរជាតិ ដែលជាក្ដីកង្វល់រួម។ រដ្ឋាភិបាលកម្ពុជា មានមុខមាត់ ហើយតែងតែទទួលបានការអញ្ជើញឱ្យចូលវេទិកាសំខាន់ៗជាច្រើនដូចជាមហាសន្និបាតអង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលសំខាន់ៗនៅអាស៊ាន និងជាមួយបណ្ដាប្រទេសជាដៃគូរជាច្រើនផ្សេងទៀត។ រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ទទួលបានការគាំទ្រ និងអញ្ជើញឱ្យបំពេញទស្សនកិច្ចរាប់ទាំងទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅតាមប្រទេសធំជាច្រើននៅក្នុងតំបន់អាស៊ាន និងជាពិសេសនៅចិន បារាំង ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នៅអារ៉ាប៊ីសាអូឌីត ជាដើម។ អ្វីដែលលើសពីនេះ ថ្នាក់ដឹកនាំជាច្រើននៃបណ្ដាប្រទេសនានា ក៏បានផ្ដល់កិត្តិយសអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដូចជាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង និងថ្នាក់ដឹកនាំក្នុងតំបន់អាស៊ាន ចំណែកនាពេលឆាប់ៗខាងមុខនេះ នាយករដ្ឋមន្ត្រីឥណ្ឌា, ប្រធានាធិបតីហ្វីលីពីន គ្រោងបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅឆ្នាំ២០២៦ ខាងមុខនេះ ប្រធានាធិបតីបារាំង ក៏នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាផងដែរ។ នៅត្រង់នេះ គឺជានយោបាយការទូតមួយដ៏សកម្មឈរលើបន្ទាត់ ពង្រឹង«មិត្តភាពចាស់» និង ពង្រីក «មិត្តភាពថ្មី»។

នៅក្នុងការដឹកនាំប្រទេស រយៈពេល២ឆ្នាំមកមនេះ រដ្ឋាភិបាលកម្ពុជានីតិកាល៧ បានឆ្លងកាត់វិញ្ញាសាលំបាកជាច្រើន ទាំងបញ្ហាដែលជះផលប៉ះពាល់ពីខាងក្រៅដូចជាសង្គ្រាមនៅក្នុងតំបន់ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមផ្សេងទៀត ក៏ដូចជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយពីសំណាក់មហាអំណាច បញ្ហាមិនប្រពៃណី និងជួបញ្ហាលំបាកខាងក្នុងដូចជាការប្រុងធ្វើកុបកម្មផ្ដួលរំលំរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ការរំលោភបំពាន ឈ្លានពានពីសំណាក់ប្រទេសថៃ បើកការបាញ់ប្រហារដោយអាវុធជាដើម។ ប៉ុន្តែបញ្ហានេះ រដ្ឋាភិបាលកម្ពុជា នៅអាចដោះស្រាយបាន ដោយសារតែមានឯកភាពជាធ្លុងមួយពីការស្ដាប់ អនុវត្តន៍បទបញ្ជាយ៉ាងពេញលេញពីសំណាក់កងកម្លាំងប្រដាប់អាវុធដូចជានគរបាល និងកងទ័ព ដោយមានពលរដ្ឋគ្រប់ស្រទាប់វណ្ណៈផ្ដល់ការគាំទ្រ និងការទំនុកបម្រុង ជាខឿនការពារជាតិមួយយ៉ាងរឹងមាំ និងការប្ដេជ្ញាប្ដូរជីវិតដើម្បីការការពារទឹកដី ប្រឆាំងការឈ្លានពានរបស់សត្រូវ។ រដ្ឋាភិបាលកម្ពុជា ក៏ទទួលបានការកោតសរសើរពីព្រះមហាក្សត្រកម្ពុជាជាច្រើនដងផងដែរ នៅក្នុងការដឹកនាំប្រទេស បម្រើប្រជាជន ការពារជាតិបូរណភាពទឹកដី។

ដោយឡែក ងាកទៅមើលប្រទេសជិតខាង ភាគខាងលិចប្រទេសកម្ពុជា គឺប្រទេសថៃវិញម្ដង ប្រទេសនេះ ក្រោយជាប់គាំងវិបត្តិនយោបាយជារាប់សិបខែ ប្រទេសដែលប្រកាន់យករបបរាជានិយមដូចកម្ពុជា ក៏រើសបាននាយករដ្ឋមន្ត្រីថ្មី នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដូចកម្ពុជាដែរ ដែលគិតមកទល់ពេលបច្ចុប្បន្នរដ្ឋាភិបាលថ្មីថៃក្រោយការបោះឆ្នោតក៏មានរយៈពេល២ឆ្នាំដូចគ្នា។ ជាដំបូងថៃរើសបានលោក Srettha Thavisin សមាជិកមកពីគណៈបក្សភឿថៃ ជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែ ក្រោមបន្ទាត់នយោយបាយដ៏សែនរញ៉ៃរញ៉ៃ និងការដឹកនាំដែលមិនមានភាពច្បាស់លាស់ លោក ត្រូវបានតុលាការថៃបណ្ដេញចេញពីតំណែងជានាយករដ្ឋមន្ត្រីក្រោយកាន់តំណែងបានរយៈពេលប្រមាណ១ឆ្នាំ។ ក្រោយផ្លាស់ប្ដូរទៅ នាយករដ្ឋមន្ត្រីថៃថ្មី គឺលោកស្រី ផែថងថាន កូនស្រីរបស់ថាក់ស៊ីន អ្នកនយោបាយថៃដែលរត់ចោលស្រុករមិលគុណថ្នាក់ដឹកនាំកម្ពុជា។ នៅត្រង់នេះ គេមើលឃើញថា មូលហេតុដែលលោក Srettha Thavisin របូតតំណែងនាយករដ្ឋមន្ត្រី គឺព្រោះតែការរៀបចំទុកមុនរបស់លោក ថាក់ស៊ីន ជានយោបាយមួយប៉ែងជើងផ្ដួល ដើម្បីលើកបន្តុបកូនស្រីខ្លួន។

ចំពេលថៃមានបញ្ហានយោបាយផ្ទៃក្នុងដ៏សែនរញ៉េរញ៉ៃ ថៃក៏ធ្វើទង្វើដដែលជាដែលដោយផ្ទេរជម្លោះផ្ទៃក្នុងពីបាងកកមកតាមព្រំដែនជាមួយកម្ពុជា ហើយបញ្ហានយោបាយនៅបាងកកនេះ ត្រូវបានគេមើលឃើញថា ព្រះមហាក្សត្រថៃ ជាអ្នកបង្កើតឡើងដើម្បីច្បាមយកប្រជាប្រិយភាពពីរដ្ឋាភិបាលស៊ីវិល។ ថៃបានបង្កជម្លោះជាមួយកម្ពុជាតាមរយៈល្បែងជាតិនិយម ទាមទារដណ្ដើមតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី តំបន់មុំ៣ ដែលជាតំបន់មិនទាន់មានការដោះស្រាយដាច់ស្រេច។
បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានចាប់ផ្តើមឡើងដោយទាហានថៃបានបើកបាញ់ប្រហារសម្លាប់កងទ័ពកម្ពុជាមួយរូប ដោយអយុត្តិធម៌បំផុត នៅព្រឹកថ្ងៃទី២៨ ខែឧសភា។ ចេញពីបញ្ហានេះ ក៏នាំឱ្យមានបង្កើនកងទ័ពរៀងខ្លួនកម្ពុជា-ថៃ ទៅប្រឈមមុខដាក់គ្នានៅតាមព្រំដែន រហូតដល់មានការប្រកាសបិទច្រកព្រំដែនដោយឯកតោភាគីដោយកងទ័ពថៃ ហើយភាគីកម្ពុជាក៏តបតបិទច្រកព្រំដែនវិញ។ បញ្ហាកាន់តែក្តៅដែលបង្កឡើងដោយភាគីថៃតែម្ខាង រហូតដល់នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ហ៊ានប្រើសម្ដីខ្វះសុជីវធម៌ដាក់ថ្នាក់ដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ។ ថ្នាក់ដឹកនាំកំពូលៗកម្ពុជា ក៏បានវាយបកទៅវិញ ដោយប្រដៅនាយករដ្ឋមន្រ្តីខ្ចីចំណេះដឹងខាងនយោបាយ និងបទពិសោធដឹកនាំប្រទេសនេះយ៉ាងចាស់ដៃ។
ជាមួយគ្នានោះ ព្រោះតែសម្ដីថាថ្នាក់ដឹកនាំកម្ពុជាអត់វីជ្ជាជីវៈនេះ ជាហេតុនាំឱ្យមន្ត្រីកម្ពុជាណាម្នាក់ មិនសុខចិត្ត អត់ទ្រាំពុំបាន ក៏ទម្លាយសារសំឡេងសន្ទនារវាងលោកស្រី ផែថងថាន ជាមួយសម្ដេចតេជោ ហើយសារសំឡេងដែលបែកធ្លាយនោះ ជាហេតុនាំឱ្យតុលាការធម្មនុញ្ញថៃ ផ្អាកតំណែងជាបណ្ដោះអាសន្ន។ រយៈពេលប៉ុន្មានម៉ោងក្រោយមក លោក Suriya Juangroongruangkit ត្រូវបានប្រញាប់ប្រញាល់ចាត់តាំងឱ្យចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី តែត្រូវដកចេញពីតំណែងត្រឹមតែមួយថ្ងៃក្រោយមក ហើយជំនួសដោយលោក Phumtham Wechayachai ជានាយករដ្ឋមន្ត្រីស្ដីទី។ បញ្ហាផ្ទៃក្នុងរបស់ថៃ ឡើងកម្ដៅជាបន្តបន្ទាប់រហូតក្រុមជ្រុលនិយមថៃ បាតុកម្មទាមទារឱ្យលោកស្រី ផែថងថាន ចុះចេញពីតំណែងជាដើម។

ជាអកុសលបញ្ហានៅថៃ បានជះផលអាក្រក់មកលើកម្ពុជាកាន់តែខ្លាំង ថៃបានបើកការវាយប្រហារទាំងកំរោលមកលើកម្ពុជា ដោយរំលោភបំពានច្បាប់អន្តរជាតិ ប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក អាវុធគីមី អាវុធធន់ធ្ងន់ គ្រាប់បែកចង្កោម ដែលអន្តរជាតិហាមឃាត់រយៈពេល៥ ថ្ងៃ ទើបរកបានបទឈប់បាញ់នៅយប់ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៥។
នៅក្នុងពេលដោះស្រាយបញ្ហាជាមួយកម្ពុជាទាំងទ្វេភាគី ទាំងនៅលើឆាកអន្តរជាតិ រដ្ឋាភិបាលថៃសម្រេចផ្សេង ប៉ុន្តែកងទ័ពថៃ អនុវត្តផ្ទុយពីនេះ។ យ៉ាងណាក៏ដោយ បញ្ហានៅក្នុងប្រទេសថៃ ត្រូវបានគេមើលឃើញថា រដ្ឋាភិបាលថៃរញ៉េរញ៉ៃ មិនគោរពច្បាប់អន្តរជាតិ តាំងខ្លួនជាមហាអំណាច តែស្ថិតក្រោមគំនាបរបស់ពួកយោធា។ បញ្ហានៅថៃបង្ហាញពីការបែកបាក់សាមគ្គី ភាពមិនច្បាស់នៃអំណាចរវាងប្រព័ន្ធតុលាការ របបរាជានិយម និងគណបក្សនយោបាយដែលដឹកនាំប្រទេស៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


