Connect with us

កូវីដ-១៩

អាជីវករប្រមាណ៧០ភាគរយ បានចូលលក់ដូរឡើងវិញ ខណៈអាជីវករគ្រឿងបរិភោគលក់ពេញ១០០ភាគរយ

បានផុស

នៅ

ភ្នំពេញ៖ ថ្ងៃ១៥ មិថុនានេះជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញសម្រេចឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការ ចាប់តាំងពីអំឡុងខែ មេសាឆ្នាំ២០២១ កន្លងមក និងបានបើកឡើងវិញក្នុងកម្រិតត្រឹមតែលក់គ្រឿងហូបចុក បន្លែ ត្រីសាច់កាលពីថ្ងៃទី២៤​ ឧសភា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅព្រឹកនេះមានជីវករប្រមាណ៧០ភាគរយហើយបានចូលមកលក់ដូរវិញ ដោយសារថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹង និងមួយចំនួនទៀតមិនទាន់បានដឹងនៅឡើយ ។ ប៉ុន្តែចំពោះអាជីវករដែលលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ។
ការបើកដំណើរការផ្សារឡើងវិញនៅព្រឹកថ្ងៃ១៥ មិថុនានេះ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋនានានៅក្នុងរាជធានីបានដំណើរការជាធម្មតា ជាមួយនឹងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានអនុវត្តវិធានការសុវត្ថិភាព ពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Codeជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។


លោក​ ចំរេីន​ សុខលីម ប្រធានផ្សារទួលទំពូង​ បានឱ្យដឹងនៅថ្ងៃនេះថា ផ្សារទួលទំពូងចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចេញ ចូលផ្សារចំនួន១០ត្រូវបានបេីកទ្វារសម្រាប់អាជីវករបានលក់ដូរជាធម្មតាឡើងវិញ ដោយនៅតាមច្រកចេញចូល លោកបានចាត់ចែងមានកម្លាំងសន្តិសុខជួយសម្រួល ដោយការបាញ់កម្តៅ​ លាងអាល់កុល និងធ្វេីការស្កេន QR Code មុននឹងអនុញ្ញាតអាជីវករចូលទិញលក់នៅក្នុងផ្សារ​។ ចំណែកបងប្អូនអាជីវករបានពាក់ម៉ាស់គ្រប់គ្នា និងដាក់ដបអាកុលសំរាប់ភ្ញៀវបានបាញ់សម្លាប់មេរោគនៅគ្រប់តូប។
លោកបន្តថា សម្រាប់ថ្ងៃទី១៥ មិថុនានេះ មានអាជីវករមកលក់ដូរបានប្រមាណ ៧០ភាគរយប៉ុណ្ណោះ ដោយសារថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹង។ ប៉ុន្តែចំពោះអាជីវករខាងលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ។
លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានអោយដឹងនៅព្រឹកថ្ងៃទី១៥ មិថុនានេះថា ចំពោះអាជីវករមកបើកតូបលក់ដូរនាថ្ងៃបើកផ្សារពេលនេះ បានប្រមាណ ៧០ភាគរយ។ លោក និមល បន្តថា ផ្សារបានបើកច្រកចេញចូល ៥ច្រក ក្នុងច្រកនីមួយៗ មានដាក់ម៉ាស៊ីនវាស់កំដៅ និងស្កេន QR Code​ ពិសេសស្លាក ៣កុំ ៣ការពារ របស់សម្តេចតេជោ។ ដោយឡែកចំពោះអាជីវករ ដែលមិនទាន់បានបើកលក់ដូរ គឺគាត់មកបើកតូប ដើម្បីបោសសំអាត និងរៀបចំឥវ៉ាន់ ដើម្បីលក់នាថ្ងៃបន្ទាប់។

ក្នុងនាមអាជីវករផ្សារ ក៏ដូចអតិថិជន លោកសូមថ្លែងអំណរគុណរាជរដ្ឋាភិបាល ពិសេសអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដែលបានអនុញ្ញាតអោយបើកដំណើរការលក់ដូរផ្សារទាំង២៥ឡើងវិញ។
ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី លោកស្រី ប៉ុន ដានី បានមានប្រសាសន៍លើកឡើងថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះផ្សារទាំង២៥នៅក្នុងរាជធានីត្រូវបានលោក ឃួង ស្រេង ចែកម៉ាស អាកុល ម៉ាស៊ីនវាស់កំដៅបាញ់កំដៅជាច្រើនលើកមកហើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩នេះឱ្យបាន។
លោកស្រីបន្តថា ក្នុងផ្សារធំថ្មី អាជីវករបានពាក់ម៉ាស់គ្រប់ គ្នារួមទាំងការវ៉ាស់កំដៅពេលចេញចូលផ្សារដែលមាន៩កន្លែង ការដាក់ QR Code រួមទាំងការណែនាំបងប្អូនជាប់ជាប្រចាំ ទាំងអ្នកលក់ និងអ្នកចេញចូលផ្សារ និងមានកន្លែងលាងដៃ មានសាប៊ូ និងជែលផងដែរ។

លោកស្រីបញ្ជាក់ថា ការបើកផ្សារឡើងវិញលើកនេះ គណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្លាំងជាងមុនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ បានប្រាប់ថា ចំពោះនៅផ្សារច្បារអំពៅ បានបេីកតូបប្រហែល ៤០ភាគរយ និងមានអតិថិជន ប្រហែល៣០ភាគរយ។
បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ និង៣កុំ” របស់សម្ដេចតេជោ ហ៊ុន សែន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៥៤ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៥៦ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

Sokha Hotels

ព័ត៌មានពេញនិយម