ព័ត៌មានជាតិ
កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ
កសិដ្ឋានវៃឆ្លាតដាំដំណាំពោត ដែលមានទីតាំងស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅលើផ្ទៃដីប្រមាណ ១ ០០០ហិកតា ត្រូវបានសម្ពោធជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤នេះ។ ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប នៅកសិដ្ឋានដំណាំពោត របស់ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក (AG AGRIBUSINESS ASIA (CAMBODIA) CO., LTD.)។
លោក អុឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រជ្រោមជ្រែងឲ្យគម្រោងកសិដ្ឋានដំណាំពោតនេះអាចដំណើរការ និងលេចចេញជារូបរាងបានតាមការគ្រោងទុក។
លោកបានបន្តថា ក្រៅពីការអភិវឌ្ឍគម្រោងដ៍ធំនៅរាជធានីភ្នំពេញ គឺទីក្រុងរណប អុឹង ស៊ីធី(ING City) ក្រុមហ៊ុនបានដាក់គោលដៅអភិវឌ្ឍដ៏សំខាន់នៅខេត្តសៀមរាប ជាពិសេសគឺកិច្ចសហការប្រកបដោយយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក ក្នុងវិស័យកសិកម្មដាំដំណាំពោត នៅលើផ្ទៃដីប្រមាណ ១ ០០០ហិកតា ដោយមានការប្រើប្រាស់នូវបច្ចេកវិទ្យាកសិកម្មដ៏ទំនើបចុងក្រោយ នឹងបង្កើនភាពប្រកួតប្រជែង និងមុខមាត់ខេត្តសៀមរាបកើនឡើងមួយកម្រិតទៀត។
ការណ៍នេះបានឆ្លុះបញ្ចាំងនូវការចូលរួមចំណែក ស្របតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដ៏មុតស្រួច នៅក្នុងយុគសម័យថ្មីនៃរាជរដ្ឋាភិបាល អាណត្តិទី ៧ ក្រោមការដឹកនាំរបស់អ្នកបន្តវេនដ៏វៃឆ្លាត ប្រកបដោយថាមពល និងភាពប៉ិនប្រសព្វ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ចំណែកលោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា បានឲ្យដឹងថា គោលដៅស្នូលដ៏សំខាន់របស់ក្រុមហ៊ុន គឺការនាំមកនូវកសិកម្មបែបទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មាន ក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ជាមួយការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យា ដើម្បីធ្វើបដិវត្តន៍ការអនុវត្តកសិកម្ម និងជួយសម្រួលប្រាក់ចំណូលរបស់កសិករ ក៏ដូចជាការរួមបញ្ចូលនៃកសិកម្មបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ធនធាន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
លោកបានបន្តទៀតថា កសិដ្ឋានមានបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ និងមានការកែច្នៃទឹក ប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាព។ ការវិនិយោគរបស់ក្រុមហ៊ុន នឹងបង្កើតឱកាសការងារថ្មីសម្រាប់ទាំងស្ត្រី និងបុរសនៅក្នុងវិស័យកសិកម្ម ជាមួយនិងរីកចម្រើននៅក្នុងឧស្សាហកម្ម ដែលកំពុងវិវឌ្ឍន៍ទៅមុខតាមរយៈកម្មវិធីបណ្តុះបណ្តាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញ និងឱកាសណែនាំបង្ហាញផ្លូវសម្រាប់មនុស្សជំនាន់ថ្មី ឲ្យមានអ្នកជំនាញខាងវិស័យកសិកម្មច្បាស់លាស់។
ក្រុមហ៊ុនសម្លឹងឃើញថា ពោតជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ និងមានសក្តានុពលសម្រាប់កសិករក្នុងស្រុក ហើយនេះក៏ជាឱកាសសម្រាប់កសិករក្នុងស្រុកសហការជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណូលដែលមានស្ថេរភាព ដោយការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតរបស់កសិដ្ឋាន នឹងនាំឲ្យទិន្នផលកើនខ្ពស់ជាងការប្រើប្រាស់ វិធីសាស្ត្រដាំដុះបែបធម្មតារហូតដល់ ៣ដង។ តាមរយៈការផលិតពោតក្នុងស្រុក នឹងកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងពង្រឹងសន្តិសុខស្បៀងសម្រាប់កម្ពុជា។
ជាពិសេសនាថ្ងៃអនាគត ក្រុមហ៊ុនចង់ឃើញតំបន់នេះពោរពេញទៅដោយដំណាំចម្រុះរួមមាន កប្បាស សណ្តែកសៀង គ្រាប់ធញ្ញជាតិ និងស្រូវដែលផ្តល់ទិន្នផលខ្ពស់ ដោយដំណាំទាំងនេះមិនត្រឹមតែរក្សាស្ថេរភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺរួមចំណែកដល់និរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា និងអាជីវកម្មប្រកបដោយនិរន្តរភាពដល់អ្នកជំនាន់ក្រោយ ផងដែរ។
ក្រៅពីការធ្វើពិពិធកម្មដំណាំ ក្រុមហ៊ុន ក៏កំពុងវិនិយោគលើការធ្វើកសិកម្មប្រកបដោយនិរន្តរភាពផងដែរ ដោយអនុវត្តលើកកម្ពស់សុខភាពដី និងការប្រមូលផ្តុំកាបូន តាមរយៈការទទួលយកបច្ចេកវិទ្យាកែលម្អដី និងបច្ចេកទេសចាប់យកកាបូនដោយប្រើផេះអង្កាមដែលអាចជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងថែរក្សាធនធានធម្មជាតិ។
នៅក្នុងពិធីសម្ពោធនេះដែរ លោក អុឹង គឹមលាង ក្នុងនាមគណៈអភិបាលខេត្តសៀមរាប បានសាទរ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស- អេស៊ា (ខេមបូឌា) ឯ.ក ដែលបានជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការវិនិយោគដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ ០០០ហិកតា ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន រដ្ឋបាលខេត្ត សង្ឃឹមថា ក្រុមហ៊ុន នឹងបន្តបង្កើននូវការវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍ និងរួមចំណែកបង្កើនការងារ និងមុខរបរដល់ប្រជាពលរដ្ឋ។
លោកបានបន្តថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសនៅតំបន់ជនបទ ដែលបង្ហាញពីភាពរឹងមាំរបស់វិស័យកសិកម្ម។ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាបបានកំណត់អាទិភាពខ្ពស់ទៅលើការវិនិយោគ លើសហគ្រាសធុនតូច និងមធ្យម ដែលខេត្តត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការពង្រីកសក្តានុពល បង្កើនបុខរបរ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដែលផ្តោតទៅលើសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការកែច្នៃដំណាំកសិឧស្សាហកម្មជាដើម ដើម្បីភ្ជាប់ជាមួយនឹងសក្តានុពលរបស់ខេត្តដែលមានស្រាប់ ហើយនេះជាឱកាសល្អដែលខេត្តសៀមរាបទទួលបាននូវការវិនិយោគពីក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស អេស៊ា(ខេមបូឌា)ឯ.ក។
តាមរយៈនៃការដាក់ទុកវិនិយោគនេះ រដ្ឋបាលខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថា នឹងបានស្រូបយកកម្លាំងពលកម្ម ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ពិសេសក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង ដែលទាំងនេះពិតជាបានរួមចំណែកក្នុងការបង្កើននូវសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ហើយពិតជាបានកាត់បន្ថយភាពក្រីក្ររបស់ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា