សន្តិសុខសង្គម
ស្ដ្រីម្នាក់ប្ដឹងនាយការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ទារសំណង១០ម៉ឺនដុល្លារ ពីបទ ឃុំឃាំងមនុស្សខុសច្បាប់
លោក អ៊ូច សុភត្រា មេធាវីតំណាងឲ្យស្ត្រីឈ្មោះ ជឹម ស៊ីម៉េត បានដាក់ពាក្យបណ្ដឹងប្ដឹងលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ទៅលោកឧត្ដមសេនីយ៍ឯក ជួន ណារឹន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីជួយរកយុត្តិធម៌ និងទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ ពីបទឃុំឃាំងមនុស្សដោយខុសច្បាប់។

តាមពាក្យបណ្ដឹង ទង្វើ និងសកម្មភាពរបស់លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និងបក្ខពួក គឺជាសកម្មភាពចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្តិយស និងសេក្ដីថ្លៃថ្នូររបស់ជនរងគ្រោះដែលស្ត្រីភេទទន់ខ្សោយ និងជាជនរងគ្រោះថែមទៀត។
យោងតាមពាក្យកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដែលកម្ពុជាថ្មី ទើបទទួលបាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះបានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល១០និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ស្ត្រីឈ្មោះ ជឹម ស៊ីម៉េត បានឈប់រថយន្តរង់ចាំភ្លើងស្តុបនៅលើផ្លូវ២០០៤ ស្រាប់តែមានម៉ូតូមួយគ្រឿងបានបើកបរមកបុករថយន្តរបស់ជនរងគ្រោះពីក្រោយ បណ្តាលឲ្យជនបង្ករងរបួសធ្ងន់ ចំណែករថយន្តរបស់ស្ដ្រីរងគ្រោះបានបែកកញ្ចក់ និងកំពិត។ បន្ទាប់ពីកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ក៏បានបញ្ជូនខ្លួនស្ត្រីជាអ្នកបើករថយន្ដ ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និងបានសាកសួរ ដោយស្ត្រីរងគ្រោះបំភ្លឺថា គាត់គឺជាជនរងគ្រោះដែលត្រូវគេបុកពីក្រោយ ប៉ុន្តែមន្ត្រីនគរបាលចរាចរណ៍មិនព្រមស្តាប់ឡើយ និងបានបង្ខាំងក្នុងបន្ទប់ឃុំឃាំងចាប់ពីម៉ោង២យប់ រហូតដល់ម៉ោង ១០ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ទើបព្រមដោះលែងវិញ បន្ទាប់ពីបងប្អូនស្នើសុំការអន្តរាគមន៍ពីលោកស្នងការនគរបាលរាជធានីភ្នំពេញ។

ជាមួយនឹងការទាមទារសំណងជំងឺចិត្តរបស់ស្ដ្រីឈ្មោះ ជឹម ស៊ីម៉េត នេះ ជនរគ្រោះក៏បានសូមសំណូមពរឲ្យលោកឧត្ដមសេនីយ៍ឯក ជួន ណារឹន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់លើលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបក្ខពួកផងដែរ។
ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ បានប្រាប់ កម្ពុជាថ្មីថា ចំពោះបញ្ហានេះលោកឧត្ដមសេនីយ៍ឯក ជួន ណារឹន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងរួចរាល់ហើយ និងបានបញ្ជាឲ្យខាងការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរផងដែរ តែចំពោះលទ្ធផលយ៉ាងណានោះ លោកនៅមិនទាន់បញ្ជាក់នៅឡើយ៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ